នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមវៀតណាម-ថៃ លើកទី៤ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ឧសភា។
ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន និងនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra។ (រូបថត៖ VOV)
ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានស្នើថា ភាគីទាំងពីរអាចទាញយកសក្ដានុពលបំពេញបន្ថែមគ្នាទៅវិញទៅមក លើវិស័យដូចជា សេដ្ឋកិច្ចឌីជីថល ថាមពលបៃតង ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងកសិកម្មឆ្លាតវៃ ព្រមទាំងទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជាកិច្ចព្រមព្រៀងសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីសម្រេចបានគោលដៅទំហំពាណិជ្ជកម្ម ២៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។ រដ្ឋសភាវៀតណាមនឹងបន្តកែលម្អក្របខ័ណ្ឌច្បាប់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសនិងវិនិយោគិននៃប្រទេសទាំងពីរ ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមសហប្រតិបត្តិការក្នុងវិស័យយុទ្ធសាស្ត្រដូចជាសេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានចាត់ទុកថា ការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរមានអត្ថន័យខ្លាំងណាស់នៅក្នុងបរិបទដែលស្ថានភាពក្នុងតំបន់ និងពិភពលោកកំពុងមានបញ្ហាប្រឈមជាច្រើនដូចពេលបច្ចុប្បន្ន; ស្នើឲ្យភាគីទាំងពីរជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ ជាពិសេសការចែករំលែកបទពិសោធន៍ក្នុងវិស័យនីតិប្បញ្ញត្តិ និងការសម្របសម្រួលនៅវេទិកាសភាពហុភាគី។
មេដឹកនាំទាំងពីរបានឯកភាពថា ប្រទេសទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ផ្លូវដែក និងអាកាសចរណ៍; ស្រាវជ្រាវ និងបើកជើងហោះហើរត្រង់បន្ថែមទៀតពីតំបន់មួយចំនួននៃប្រទេសថៃទៅកាន់ប្រទេសវៀតណាម; បើកផ្លូវរថភ្លើងតភ្ជាប់ប្រទេសវៀតណាមទៅកាន់បណ្ដាខេត្តភាគឦសាននៃប្រទេសថៃ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម