នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូក្រសួងការពារជាតិឥណ្ឌូនេស៊ី ដឹកនាំដោយលោករដ្ឋមន្ត្រី Sjafrie Sjamsoeddin មកបំពេញទស្សន កិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែកក្កដា។
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូក្រសួងការពារជាតិឥណ្ឌូនេស៊ី ដឹកនាំដោយលោករដ្ឋមន្ត្រី Sjafrie Sjamsoeddin។ (រូបថត៖ qdnd.vn)
គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមនៅក្នុងជំនួបពិភាក្សាការងារ។ (រូបថត៖ qdnd.vn)
ទិដ្ឋភាពនៅជំនួបពិភាក្សាការងារ។
ដំណើរទស្សនកិច្ចគឺសំដៅរក្សាការជួបប្រាស្រ័យជាន់ខ្ពស់ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពល្អ ប្រសើររវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ ឆ្ពោះទៅខួបលើកទី ៧០ ទិវាបង្កើត ទំនាក់ទំនងការទូតវៀតណាម - ឥណ្ឌូនេស៊ី (ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៥៥ - ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥)។
ក្នុងជំនួបពិភាក្សាការងារបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោករដ្ឋមន្ត្រី Phan Van Giang បានអះអាងថា ការលើកកំពស់ទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌូនេស៊ី ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីខែមីនា ឆ្នាំ ២០២៥ គឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ ដែលបើកជំពូកថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងនោះកិច្ច សហប្រតិបត្តិការនយោបាយ ការពារជាតិ និងសន្តិសុខគឺជាសសរស្តម្ភដ៏សំខាន់។ អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរនាពេលខាងមុខ លោករដ្ឋមន្ត្រី Phan Van Giang បានស្នើថា ភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយ ទំនុកចិត្ត គ្រប់ជ្រុងជ្រោយ និងជាក់ស្ដែង; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះ បណ្តាលរវាងផ្នែកទ័ពនានា; ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពល រួមទាំង ឧស្សាហកម្មការពារជាតិ; បន្តពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញ ទៅមកនៅយន្តការ និងវេទិកាពហុភាគី។ លោករដ្ឋមន្ត្រីក៏បានសម្តែងក្តីសង្ឃឹមថា ក្រសួងការពារជាតិឥណ្ឌូនេស៊ីនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការដកកាតលឿងរបស់គណៈកម្មាធិការអឺរ៉ុបលើជលផលវៀតណាម។
ពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ និងបញ្ហាដែលភាគីទាំងពីរមានការ យកចិត្តទុកដាក់ដូចគ្នា រួមទាំងបញ្ហាសមុទ្រនោះ លោករដ្ឋមន្ត្រី Phan Van Giang បានអះអាងនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការដោះស្រាយការខ្វែងគំនិតគ្នាទាំងអស់នៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុ សញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២); អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការ ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បញ្ចប់ការចរចា និងចុះហត្ថលេខា ក្នុងពេលឆាប់ៗលើក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយសុពលភាព ប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោក Sjafrie Sjamsoeddin បានអះអាងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកវៀតណាមលើកនេះ គឺជា ព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកបានស្នើថា រួមជាមួយការលើកកំពស់ទំនាក់ទំនងរវាង ប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនោះ ក្រសួងការពារជាតិឥណ្ឌូនេស៊ី និងក្រសួងការពារប្រទេសវៀតណាម ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការ បន្ថែមទៀត ដើម្បីសក្តិសមនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម