បន្ទាប់ពីកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ចំនួន ១២ រវាងវៀតណាម និងកូរ៉េខាងត្បូង។
ទិដ្ឋភាពនៃកិច្ចពិភាក្សា។ (រូបថត៖ VNA)
នៅក្នុងកិច្ចពិភាក្សាដែលបានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមេសា
នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម
និងប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង
បានឯកភាពគ្នាលើខ្លឹមសារសហប្រតិបត្តិការសំខាន់ៗជាច្រើន
រួមទាំងការខិតខំសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥០ ពាន់លានដុល្លារអាមេរិក
នៅឆ្នាំ២០៣០។
លោកប្រធានាធិបតី លី ជេម្យុង បានសម្ដែងនូវគោលបំណងថា
កូរ៉េខាងត្បូងនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសវៀតណាម។
មេដឹកនាំទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ
ជាពិសេសក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ទូរគមនាគមន៍
សន្តិសុខតាមអ៊ីនធឺណិត និងការផ្លាស់ប្តូរឌីជីថល។
ភាគីទាំងពីរបានឯកភាពគ្នាបន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភ
ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគមន៍ប្រជាពលរដ្ឋនៃប្រទេសនីមួយៗដែលកំពុងរស់នៅ
សិក្សា និងធ្វើការនៅក្នុងប្រទេសមួយផ្សេងទៀត រួមទាំងគ្រួសារពហុវប្បធម៌
ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងមូលដ្ឋាននានាផងដែរ។ អគ្គលេខាបក្ស
ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានស្នើឱ្យកូរ៉េខាងត្បូងជួយគាំទ្រវៀតណាមយ៉ាងសកម្ម
ក្នុងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងឧស្សាហកម្មកម្សាន្ត
ចែករំលែកបទពិសោធន៍ក្នុងការផ្សព្វផ្សាយទេសចរណ៍
និងផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី។
មេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានចែករំលែកចក្ខុវិស័យយុទ្ធសាស្ត្ររួមស្តីពីការរក្សាសន្តិភាព
និងស្ថិរភាពនៅសមុទ្រខាងកើត ដោយធានាសិទ្ធិ
និងផលប្រយោជន៍ស្របច្បាប់ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ
១៩៨២ (UNCLOS ១៩៨២)
ហើយសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញសន្តិភាពនៅលើឧបទ្វីបកូរ៉េផងដែរ។
បន្ទាប់ពីកិច្ចពិភាក្សា
មេដឹកនាំទាំងពីរបានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ចំនួន ១២ រវាងវៀតណាម និងកូរ៉េខាងត្បូង៕
តាម vovworld.vn/km-KH