ព័ត៌មាន
ព្រឹត្តិការណ៍លេចធ្លោចំនួន ១០ របស់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៥ ដែលជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)
1. ការបង្រួមម៉ាស៊ីនសម្រេចបានគោលដៅ មុនកាលកំណត់ ៥ ឆ្នាំ
ការបង្រួមម៉ាស៊ីនបានអនុវត្តពីថ្នាក់មជ្ឈិមទៅដល់ថ្នាក់មូលដ្ឋាន បានកាត់បន្ថយ ៣៤,៩% នៃស្ថាប័នក្រោមឱវាទថ្នាក់មជ្ឈិម ១០០% នៃគណៈកម្មាធិការបក្ស និងគណៈកម្មធិការបក្សខេត្ត ទីក្រុង ៤៦% នៃអង្គភាពរដ្ឋបាលថ្នាក់ខេត្ត និង ៦៦,៩% នៃអង្គភាពរដ្ឋបាលថ្នាក់ឃុំ សម្រេចបានគោលដៅនៃការបង្រួមម៉ាស៊ីន តាមសេចក្តីសម្រេចលេខ ១៨-NQ/TW (និតីកាលទី ១២) មុនកាលកំណត់ ៥ ឆ្នាំ។ ចាប់ពីថ្ងៃទី ១ ខែកក្កដា ប្រទេសទាំងមូលបានដាក់ឲ្យដំណើរការប្រព័ន្ធរដ្ឋាភិបាល តាមគំរូអាជ្ញធរមូលដ្ឋានពីរកម្រិត (លែងនៅកម្រិតស្រុកទៀតហើយ) នៅក្នុងខេត្ត និងក្រុងចំនួន ៣៤។ "ការរៀបចំឡើងវិញនៃប្រទេសជាតិ" នេះបានពង្រីកលំហអភិវឌ្ឍថ្មី ដោយផ្លាស់ប្តូរបន្តិចម្តងៗ ពីគំរូគ្រប់គ្រងទៅជាគំរូបំរើ បង្កើត និងការផ្តោតលើប្រជាជន។
2. បក្សកំណត់ស្វ័យភាពជាយុទ្ធសាស្ត្រ នៅក្នុងយុគសម័យថ្មី
សេចក្តីព្រាងរបាយការណ៍នយោបាយ ដែលជម្រាបជូននៅមហាសន្និបាតលើកទី ១៤ របស់បក្ស បានសង្កត់ធ្ងន់លើគោលដៅនៃ "ស្វ័យភាពជាយុទ្ធសាស្ត្រ" ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យជាយុទ្ធសាស្ត្រ សម្រាប់ការរៀបចំផែនការដឹកនាំ និងការអភិវឌ្ឍប្រទេសនៅក្នុងពិភពលោក ដែលមានការផ្លាស់ប្តូរ ដែលមិនអាចប៉ានស្មានជាមុនបាន។ សេចក្តីព្រាងរបាយការណ៍នយោបាយ ដែលជាលើកដំបូងបានរួមបញ្ចូលរវាងរបាយការណ៍នយោបាយ របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គម និងរបាយការណ៍សង្ខេបការងារកសាងបក្ស រួមជាមួយនឹងឯកសារ សេចក្តីព្រាងផ្សេងទៀត បានទទួលមតិយោបល់បន្ថែមជិត ១៤ លានដោយផ្ទាល់ និងតាមអ៊ីនធឺណិត តាមរយៈ VNeID បន្ទាប់ពីអង្គការរបស់បក្ស និងបក្សជន បានផ្តល់មតិយោបល់។ មុននេះ សន្និបាតរបស់បក្សគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិ ២០២៥-២០៣០ ត្រូវបានបញ្ចប់ មុនកាលកំណត់។ ជាលើកដំបូង លេខាបក្ស និងប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងក្រុងទាំងអស់មិនមែនជាអ្នកស្រុកទេ។
3. លើកកម្ពស់ស្មារតីស្នេហាជាតិ និងសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍជាតិ
ពិធីព្យុហយាត្រា និងការដង្ហែក្បួន ដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែកញ្ញា និងខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ ត្រូវបានរៀបចំឡើងយ៉ាងឱឡារិក និងតាមទ្រង់ទ្រាយធំ ដោយផ្សព្វផ្សាយស្មារតីនូវមោទនភាពជាតិ និងបំផុសគំនិតសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍជាតិ។ ទន្ទឹមនឹងនេះ "ការប្រគំតន្ត្រីជាតិ" ជាបន្តបន្ទាប់ក៏បានធ្វើឡើង ដូចជា៖ "មាតុភូមិក្នុងបេះដូងខ្ញុំ" "មានក្តីមោទនភាពដែលជាជនជាតិវៀតណាម"... ហើយខ្សែភាពយន្ត "ភ្លៀងពណ៌ក្រហម" ទទួលបានប្រាក់ចំណូលជាង ៧០០ ពាន់លានដុង ដោយឈ្នះពានរង្វាន់ផ្កាឈូកពណ៌មាសនៅមហោស្រពភាពយន្តវៀតណាមក្នុងឆ្នាំ ២០២៥ ដែលបង្កើតសន្ទុះសម្រាប់ការអនុវត្តយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌វៀតណាមដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
4. គ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរ មិនធម្មតា និងមិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្រ
ក្នុងអំឡុងឆ្នាំនេះ មានព្យុះទីហ្វុង និងសម្ពាធត្រូពិចចំនួន ២១ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន រួមទាំងព្យុះទីហ្វុងចំនួន ៥ ដែលមានកម្លាំងខ្លាំង អមជាមួយព្យុះផ្គររន្ទះ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងការរអិលបាក់ដី ដែលបង្កើនហានិភ័យនៃទឹកជំនន់ធំៗ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងបាត់ខ្លួនជាង ៤០០ នាក់ និងការខាតបង់សេដ្ឋកិច្ចជិត ១០០.០០០ ពាន់លានដុង ស្មើនឹង 0,៧ - 0,៨% នៃផលិតផលក្នុងស្រុកសរុប។ ជាពិសេស ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅខេត្ត ថៃង្វៀន (Thai Nguyen); ទឹកជំនន់ និងការរអិលបាក់ដីធ្ងន់ធ្ងរបានកើតឡើងនៅតំបន់ខាងត្បូងនៃភាគកណ្តាល និងតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen) កណ្តាល; ទឹកភ្លៀងនៅកំពូលភ្នំបាចម៉ា (Bach Ma) (ទីក្រុងហ្វេ (Hue)) បានឡើងដល់ ១៧៤០ មីលីម៉ែត្រ ក្នុងរយៈពេល ២៤ ម៉ោង (ថ្ងៃទី ២៧ ខែតុលា)។ ជំនោរខ្ពស់នៅទីក្រុងហូជីមិញ ខេត្ត កឹនថើ (Can Tho) និងខេត្តកាម៉ៅ (Ca Mau) សុទ្ធតែកើនឡើងលើសពីកម្រិតប្រវត្តិសាស្ត្រ។
5. ការអនុវត្តសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រ នៅក្នុងវិស័យសំខាន់ៗ ដោយកំណត់កម្លាំងចលករដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍជាតិ ដោយយកប្រជាជនជាស្នូល និងជាប្រធានបទ។ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជារបកគំហើញដ៏សំខាន់បំផុត។ សេដ្ឋកិច្ចរដ្ឋដើរតួនាទីនាំមុខ និងណែនាំ និងសេដ្ឋកិច្ចឯកជនដើរតួនាទីស្នូល។
ដោយមានស្មារតីមិនប្រែប្រួលជានិច្ច ពីឆន្ទៈនយោបាយរបស់បក្ស រហូតដល់ក្របខ័ណ្ឌច្បាប់ និងសកម្មភាពគ្រប់គ្រងរបស់រដ្ឋ នៅក្នុងសម័យប្រជុំលើកទី ១០ នៃរដ្ឋសភា នីតិកាលទី ១៥ បានអនុម័តច្បាប់ចំនួន ៥១ និងសេចក្តីសម្រេចចិត្តចំនួន ៨ ដែលស្មើនឹងជិត ៣០% នៃចំនួនសរុបនៃច្បាប់ និងសេចក្តីសម្រេចចិត្ត ក្នុងអាណត្តិទាំងមូល។ រដ្ឋាភិបាលបានចេញកម្មវិធីសកម្មភាព និងឯកសារណែនាំជាច្រើន សម្រាប់ការអនុវត្តច្បាប់ ដោយបង្កើតក្របខ័ណ្ឌច្បាប់ ដើម្បីជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេស។
6.កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ស្ថិតក្នុងចំណោមប្រទេសឈានមុខគេនៅអាស៊ី
កំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៥ ត្រូវបានគេព្យាករថា នឹងឈានដល់ប្រហែល ៨% អតិផរណាត្រូវបានគ្រប់គ្រងឱ្យនៅក្រោម ៤% ហើយការវិនិយោគផ្ទាល់ពីបរទេស ដែលត្រូវបានគេរំពឹងថា នឹងឈានដល់ប្រហែល ២៤ ពាន់លាន USD ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេលប្រាំឆ្នាំកន្លងមក។ ទាំងនេះគឺជាកិច្ចខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់របស់វៀតណាម ក្នុងបរិបទនៃសេដ្ឋកិច្ច ដែលប្រឈមមុខនឹង "ផលប៉ះពាល់ទ្វេដង" ពីសង្គ្រាមពាណិជ្ជកម្មសកល ជម្លោះភូមិសាស្ត្រនយោបាយកាន់តែកើនឡើង គ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរ និងការរៀបចំរចនាសម្ព័ន្ធក្រសួង វិស័យ និងមូលដ្ឋានឡើងវិញ។ រដ្ឋាភិបាលកំពុងខិតខំធ្វើឲ្យល្អប្រសើកម្លាំងជំរុញកំណើនប្រពៃណី និងលើកកម្ពស់កម្លាំងជំរុញកំណើនថ្មី ដូចជាសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចច្នៃប្រឌិត ដោយហេតុនេះបង្កើនផលិតភាព ការប្រកួតប្រជែង និងភាពធន់នៃសេដ្ឋកិច្ច។
7. អនុសញ្ញាហាណូយ - ក្របខ័ណ្ឌច្បាប់សកលដំបូងស្តីពី ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
នៅថ្ងៃទី ២៥-២៦ ខែតុលា ពិធីចុះហត្ថលេខា និងកិច្ចប្រជុំកំពូលនៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិតបានធ្វើឡើងនៅរដ្ឋធានីហាណូយ (អនុសញ្ញាហាណូយ) ដោយមានការចូលរួមពីប្រតិភូជាង ២៥០០ នាក់មកពីអង្គការពហុភាគីជាច្រើន និងប្រទេស និងដែនដីចំនួន ១១៩។ នេះជាលើកដំបូង ដែលកន្លែងមួយរបស់វៀតណាមត្រូវបានផ្សារភ្ជាប់ជាមួយនឹងសន្ធិសញ្ញាពហុភាគីសកល។ នៅក្នុងពិធីចុះហត្ថលេខានេះ ប្រទេសចំនួន ៧២ បានចុះហត្ថលេខាលើអនុសញ្ញាហាណូយ។
8. កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមទូទាំងប្រទេស បានបញ្ចប់ មុនកាលកំណត់
នៅចុងខែសីហា ចលនាប្រឡងប្រណាំង "ប្រទេសទាំងមូលចូលរួម ដើម្បីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម" បានលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមចំនួន ៣៣៤,២៣៤ ខ្នង ដោយបានបញ្ចប់គោលដៅ មុនកាលកំណត់ ៥ ឆ្នាំ និង ៤ ខែ បើប្រៀបធៀបទៅនឹងគោលដៅ ដែលបានដាក់ចេញ នៅក្នុងសេចក្តីសម្រេចលេខ ៤២-NQ/TW ចុះថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ របស់គណៈកម្មាធិការមជ្ឈិមបក្ស និងមុន ៤ ខែ បើសិនប្រៀបធៀបនឹងគោលដៅ ដែលបានដាក់ចេញនៅក្នុងសេចក្តីណែនាំលេខ ៤២/CT-TTg ចុះថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ របស់នាយករដ្ឋមន្ត្រី។ នេះគឺជា "គម្រោងជាតិពិសេស" ដែលឆ្លុះបញ្ចាំងពី "ឆន្ទៈរបស់បក្ស និងសេចក្តីប្រាថ្នារបស់ប្រជាជន" "សាមគ្គីភាពជាតិ និងសេចក្តីស្រឡាញ់ជនរួមជាតិ" និងមានតម្លៃមនុស្សធម៌យ៉ាងជ្រាលជ្រៅ។
នៅថ្ងៃទី ៣០ ខែវិច្ឆិកា បន្ទាប់ពីទឹកជំនន់ប្រវត្តិសាស្ត្រនៅតំបន់ខាងត្បូងនៃភាគកណ្តាល និងតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen) "យុទ្ធនាការក្វាង ទ្រុង (Quang Trung)" យ៉ាងឆាប់រហ័សត្រូវបានចាប់ផ្តើម ដើម្បីសាងសង់ និងជួសជុលផ្ទះឡើងវិញសម្រាប់គ្រួសារ ដែលរងផលប៉ះពាល់។
9. ការបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿនជាង ៣.៥០០ គីឡូម៉ែត្រ
ឆ្នាំចុងក្រោយនៃ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស បានសម្គាល់ការបញ្ចប់ និងការដាក់ឲ្យដំណើរការផ្លូវល្បឿនលឿនប្រវែង ៣.៥១៣ គីឡូម៉ែត្រ ដែលលើសពីគោលដៅនៃការដាក់ឲ្យដំណើរការយ៉ាងហោចណាស់ ៣.០០០ គីឡូម៉ែត្រ នៅចុងឆ្នាំ ២០២៥ និងបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ប្រទេសវៀតណាមឱ្យមានផ្លូវល្បឿនលឿនប្រវែង ៥.០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៣០។ តំបន់នានាក៏បានបញ្ចប់ការសាងសង់ផ្លូវប្របមាត់សមុទ្រប្រវែង ១៧០០ គីឡូម៉ែត្រផងដែរ។ នេះគឺជាលទ្ធផលនៃការដឹកនាំដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាល ការចូលរួមពីក្រសួង វិស័យ និងតំបន់នានា និងស្មារតី “ធ្វើការ មិនថាថ្ងៃក្តៅ មិនធាថ្ងៃភ្លៀង ធ្វើការទាំងក្នុងថ្ងៃឈប់សម្រាក និងបុណ្យតេត" តាមការណែនាំរបស់នាយករដ្ឋមន្ត្រី របស់អ្នកម៉ៅការ និងកម្មករធ្វើការក្នុងសំណង់នេះ។
10. ខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម
រយៈពេលមួយសតវត្សរ៍នៃការបង្កើត និងការអភិវឌ្ឍសារព័ត៌មានបដិវត្តន៍វៀតណាម (១៩២៥ - ២០២៥) បានឃើញអ្នកសារព័ត៌មានក្លាយជាកម្លាំងជួរមុខលើរណសិរ្សមនោគមវិជ្ជា និងវប្បធម៌ ដោយចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតស៊ូ ដើម្បីឯករាជ្យភាព ការបង្រួបបង្រួមជាតិ និងការកសាង និងការពារមាតុភូមិ។ ដោយប្រឈមមុខនឹងតម្រូវការនៃយុគសម័យថ្មី សារព័ត៌មានបដិវត្តន៍វៀតណាមបានសម្របខ្លួនយ៉ាងឆាប់រហ័ស ច្នៃប្រឌិតយ៉ាងខ្លាំងនូវការគិតរបស់ខ្លួន ចាប់យកបច្ចេកវិទ្យា បង្កើតរបកគំហើញក្នុងវិធីសាស្រ្តសារព័ត៌មាន និងរក្សាតួនាទីរបស់ខ្លួនជាកម្លាំងកសាងទំនុកចិត្ត និងលើកទឹកចិត្តដល់សេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ។
ច្បាប់សារព័ត៌មានដែលបានធ្វើវិសោធនកម្ម ដែលបានអនុម័តនៅក្នុងសម័យប្រជុំលើកទី ១០ នៃរដ្ឋសភា នីតិកាលទី ១៥ បើកឱកាសអភិវឌ្ឍន៍ថ្មីៗសម្រាប់សារព័ត៌មានក្នុងយុគសម័យឌីជីថល៕
អត្ថបទ៖ VNA







