ព័ត៌មាន
ព្រឹត្តិការណ៍ពិភពលោកលេចធ្លោទាំង១០ លើពិភពលោក ប្រចាំឆ្នាំ២០២៥ ដែលជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម
១. អាមេរិកអនុវត្តពន្ធបដិភាគ ធ្វើឱ្យភាពតានតឹងពាណិជ្ជកម្មសកលកើនឡើង
នៅថ្ងៃទី២ ខែមេសា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសអនុវត្តពន្ធបដិភាគ ពី១០ - ៤៩% លើទំនិញនាំចូលភាគច្រើន ដើម្បីការពារផលិតកម្មក្នុងស្រុក ដែលធ្វើឱ្យច្របូកច្របល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មសកល រំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងជំរុញឱ្យតម្លៃមាសកើនឡើងខ្ពស់បំផុតជាប្រវត្តិសាស្ត្រ។ បណ្តាខឿនសេដ្ឋកិច្ចនានាត្រូវកែសម្រួលគោលនយោបាយដើម្បីឆ្លើយតប និងជំរុញការចរចាដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ដោយសារផលប៉ះពាល់នៃសង្គ្រាមពន្ធគយ ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិន ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរបំផុតគិតចាប់តាំងពីឆ្នាំ ២០១៨ មក។
២. ការផ្ទុះជម្លោះព្រំដែន ថៃ-កម្ពុជា
ជម្លោះព្រំដែនថៃ-កម្ពុជាបាន "ឡើងកម្ដៅ" បន្ទាប់ពីការប៉ះទង្គិចគ្នា រវាងកងទ័ពនៃប្រទេសទាំងពីរ នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេភាគី និងស្ថិរភាពក្នុងតំបន់។ អាស៊ាន និងសហគមន៍អន្តរជាតិ បានជំរុញដំណោះស្រាយការទូត ដែលឈានទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព រវាងប្រទេសទាំងពីរ បង្កើតយន្តការល្បាតរួមគ្នា សម្របសម្រួលសន្តិសុខព្រំដែន និងការប្តេជ្ញាចិត្តពង្រឹងកិច្ចសន្ទនាទ្វេភាគី។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងសន្តិភាពត្រូវបានរំលោភបំពានជាច្រើនលើក។ អ្នកជំនាញបានព្រមានពីភាពផុយស្រួយនៃកិច្ចព្រមព្រៀងនេះ ដោយសារប្រវត្តិសាស្ត្រនៃជម្លោះ រវាងប្រទេសទាំងពីរ។
៣. សេដ្ឋកិច្ចពិភពលោកត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ៣,២%
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានវាយតម្លៃថា សេដ្ឋកិច្ចពិភពលោកអាចសម្រេចបានអត្រាកំណើន ៣,២% នៅក្នុងឆ្នាំ ២០២៥ ដែលបង្ហាញពីភាពសម្របខ្លួនដ៏ខ្ពស់របស់សេដ្ឋកិច្ច នៅចំពោះមុខសង្គ្រាមពាណិជ្ជកម្មសកល ជម្លោះនៅក្នុងតំបន់ផ្សេងៗជាច្រើន និង រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបិទទ្វារក្នុងរយៈពេលយូរ។
ក្នុងឆ្នាំ២០២៥ តម្លៃមាស ប្រេងឆៅ និងតម្លៃភាគហ៊ុនបានប្រែប្រួលយ៉ាងខ្លាំង ជាពិសេស តម្លៃមាសបានឡើងដល់កម្រិតខ្ពស់បំផុត ម្តងហើយម្តងទៀត ដោយឡើងដល់ ៤.៥០៣,៣០ USD /ounce នៅថ្ងៃទី ២៣ ខែធ្នូ នៅសហរដ្ឋអាមេរិក។
៤. បញ្ញាសិប្បនិម្មិត (AI) - សមរភូមិថ្មី នៃការប្រកួតប្រជែងសកល
ការប្រណាំងប្រជែងផ្នែកបញ្ញាសិប្បនិម្មិត (AI) បានផ្ទុះឡើងជាមួយនឹងការដែលសហគ្រាសបច្ចេកវិទ្យាអភិវឌ្ឍគំរូ AI មានតម្លៃទាប និង AI បង្កើតមាតិកា (Generative AI) ដែលជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់រចនាសម្ព័ន្ធ ទំហំ និងការបែងចែកកម្លាំងពលកម្មលើសកលលោក។ AI មិនត្រឹមតែជាបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងកំពុងក្លាយជាសមរភូមិ ភូមិសាស្ត្រនយោបាយថ្មី ទីកន្លែងដែលអំណាចបច្ចេកវិទ្យាកំណត់ នូវផលប្រយោជន៍យុទ្ធសាស្ត្រ។
នៅក្នុងកិច្ចប្រជុំកំពូល AI ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស (បារាំង) ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ប្រទេសចំនួន ៦១ បានអនុម័តសេចក្តីថ្លែងការណ៍រួម ស្តីពីតម្រូវការ AI ដែល "បើកចំហ បរិយាប័ន្ន និងមានក្រមសីលធម៌"។
៥. ជម្លោះរីករាលដាលយ៉ាងទូលំទូលាយនៅមជ្ឈិមបូព៌ា
នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសនៅជាយក្រុងបេរូត ប្រទេសលីបង់។ ការវាយប្រហារតាមអាកាសនេះបានកើតឡើងប្រហែលមួយម៉ោង បន្ទាប់ពីអ៊ីស្រាអែលបានចេញការព្រមានជម្លៀសប្រជាជននៅក្នុងតំបន់នោះ។ នេះគឺជាការវាយប្រហារលើកដំបូងរបស់អ៊ីស្រាអែលលើតំបន់នេះ ចាប់តាំងពីបទឈប់បាញ់ជាមួយក្រុមហេសបូឡាបានចូលជាធរមាន នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤។ រូបថត៖ THX/VNA)ជម្លោះនៅមជ្ឈិមបូព៌ាបានរីករាលដាលយ៉ាងទូលំទូលាយ ដោយចំណុចកំពូលគឺការវាយប្រហារតាមផ្លូវអាកាសដាក់គ្នាទៅវិញទៅមកអូសបន្លាយរយៈពេល ១២ យប់ថ្ងៃ (ចាប់ពីថ្ងៃទី១៣ - ២៤ ខែមិថុនា) រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បន្ទាប់មកគឺការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលទៅលើកាតា ភាពតានតឹងបានរីករាលដាលដល់លីបង់ និងយេម៉ែន។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងការទូត អ៊ីស្រាអែល និងហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះដូរចំណាប់ខ្មាំង ប៉ុន្តែដំណើរការសន្តិភាពនៅតែមានភាពផុយស្រួយ និងងាយបែកបាក់ ដោយសារការគណនាយុទ្ធសាស្ត្រ និងកង្វះទំនុកចិត្តរវាងភាគីនានា។
៦. ជំរុញកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
កិច្ចខិតខំប្រឹងប្រែងការទូតជាច្រើនត្រូវបានជំរុញ ដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ក្នុងនោះអាមេរិក និងអឺរ៉ុបបានដាក់ចេញនូវសំណើសន្តិភាពនានា។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានជួបប្រជុំដាច់ដោយឡែក ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ប៉ុន្តែមិនទាន់អាចរៀបចំការចរចាដោយផ្ទាល់ រវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន បាននៅឡើយទេ។ ទន្ទឹមនឹងនោះ សង្គ្រាមនៅតែបន្តកើតមានក្នុងទម្រង់ថ្មីៗ ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភាគីទាំងសងខាង។
៧. ពិភពលោកសាក្ខីឆ្នាំនៃគ្រោះមហន្តរាយបំបែកកំណត់ត្រា
បម្រែបម្រួលអាកាសធាតុស្ថិតក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន ជាមួយនឹងគ្រោះមហន្តរាយធ្ងន់ធ្ងរនៅកន្លែងជាច្រើនលើពិភពលោក៖ គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា; ព្យុះយក្ស និងទឹកជំនន់នៅបណ្តាប្រទេសអាស៊ី និងតំបន់ការាបៀន; ភ្លើងឆេះព្រៃនៅក្រិក កាណាដា អាមេរិក អូស្ត្រាលី។ល។ គ្រោះមហន្តរាយបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត ធ្វើឱ្យជីវិតមនុស្សរាប់លាននាក់កែប្រែទាំងស្រុង និងបង្កការខូចខាតសេដ្ឋកិច្ចចំនួន ២២០ ពាន់លានដុល្លារ។ ក្នុងបរិបទនោះ សន្និសីទកំពូលនៃភាគីអនុសញ្ញាក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី ៣០ (COP30) នៅប្រេស៊ីល មិនទាន់ឈានដល់កិច្ចព្រមព្រៀង ស្តីពីការកាត់បន្ថយឥន្ធនៈហ្វូស៊ីល ដែលបង្ហាញថាកិច្ចខិតខំប្រឹងប្រែងសកលបន្ថែមទៀត ដើម្បីទប់ស្កាត់ការឡើងកម្ដៅនៃផែនដី។
៨. ខួបលើកទី ៨០ នៃជ័យជំនះលើពួកហ្វាស៊ីស
រុស្ស៊ី ចិន និងបណ្តាប្រទេសជាច្រើនលើពិភពលោក បានរៀបចំពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះលើពួកហ្វាស៊ីស ជាមួយនឹងសកម្មភាពលេចធ្លោដូចជា ក្បួនព្យុហយាត្រា នៅទីលានក្រហមក្នុងទីក្រុងម៉ូស្គូ និងទីលានធានអានមោនក្នុងទីក្រុងប៉េកាំង។ ព្រឹត្តិការណ៍នេះ រំលឹកឡើងវិញនូវជ័យជំនះជាប្រវត្តិសាស្ត្រ ដែលប្តូរមកវិញដោយការលះបង់ដ៏ធំធេង របស់ប្រជាជាតិទាំងឡាយ ក្នុងនោះមានតួនាទីសម្រេចរបស់កងទ័ព និងប្រជាជនសូវៀត; ព្រមទាំងផ្ញើសារយ៉ាងមុតមាំ អំពីការទទួលខុសត្រូវរួម របស់ពិភពលោក៖ ទប់ស្កាត់លទ្ធិជ្រុលនិយម និងហ្វាស៊ីសនិយមថ្មី ឆ្ពោះទៅរកពិភពលោកមួយដែលមានសន្តិភាព ស្ថិរភាព និងនិរន្តរភាព។
៩. អាស៊ានទទួលស្គាល់ទីម័រឡេស្តជាសមាជិកទី ១១
ព្រឹត្តិការណ៍ដែលទីម័រឡេស្ត ចូលជាសមាជិកអាស៊ានជាផ្លូវការ នៅថ្ងៃទី២៦ ខែតុលា គឺជាជំហានដ៏សំខាន់មួយ ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកលំហសហប្រតិបត្តិការតំបន់; បង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការកសាងសហគមន៍ប្រកបដោយបរិយាប័ន្ន ដោយមិនទុកឱ្យប្រទេសអាស៊ីអាគ្នេយ៍ណាមួយ នៅក្រៅដំណើរការអភិវឌ្ឍរួមឡើយ។ ការទទួលសមាជិកថ្មីក៏បង្កើតកម្លាំងចលករបន្ថែមទៀត ដើម្បីឱ្យអាស៊ានបង្កើនការសម្របសម្រួល ក្នុងការដោះស្រាយបញ្ហាប្រឈម នៅតំបន់ និងពិភពលោក។
១០. វឌ្ឍនភាពនៃការព្យាបាលដោយហ្សែន នាំមកនូវក្តីសង្ឃឹម សម្រាប់អ្នកជំងឺដែលព្យាបាលមិនជា
វេជ្ជបណ្ឌិតនៅចក្រភពអង់គ្លេស បានព្យាបាលដោយជោគជ័យនូវរោគសញ្ញា Hunter ដែលជាជំងឺតំណពូជដ៏កម្រ សម្រាប់កុមារអាយុ៣ឆ្នាំ ដោយប្រើប្រាស់ការព្យាបាលហ្សែនដ៏ទំនើប។ ទីភ្នាក់ងារសុខភាពជាតិរបស់ចក្រភពអង់គ្លេស បានអនុវត្តជាផ្លូវការ និងទូលំទូលាយនូវវិធីសាស្ត្រព្យាបាល Casgevy ដោយផ្អែកលើបច្ចេកវិទ្យា កែសម្រួលហ្សែន CRISPR ដើម្បីព្យាបាលអ្នកជំងឺ ដែលមានជំងឺខ្វះឈាមក្រហមរាងកណ្ដៀវ និងជំងឺខ្វះឈាមតំណពូជ ដោយសារការផ្លាស់ប្តូរហ្សែន។
CRISPR គឺជាបច្ចេកវិទ្យាវេជ្ជសាស្ត្រលោតផ្លោះ ដែលអនុញ្ញាតឱ្យស្វែងរក និងជួសជុលបានយ៉ាងជាក់លាក់នូវបំណែក DNA ដែលមានកំហុស ដោយបើកសក្តានុពលក្នុងការព្យាបាលជំងឺតំណពូជ មហារីក HIV និងការផ្លាស់ប្តូរផ្សេងៗទៀត តាមរយៈការជួសជុលហ្សែន នៅក្នុងរាងកាយដោយផ្ទាល់ ឬជួសជុលកោសិកា នៅខាងក្រៅរួចបញ្ចូលទៅក្នុងរាងកាយវិញ៕
អត្ថបទ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម








