នាថ្ងៃទី២៥ ខែកក្កដា ស្ថានទូតវៀតណាមប្រចាំនៅប្រទេសបារាំងបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បើកសៀវភៅកាន់ទុក្ខ លោកអគ្គលេខាបក្ស Nguyen Phu Trong។ គណៈប្រតិភូឯកអគ្គរដ្ឋទូតឡាវ ឯកអគ្គរដ្ឋទូតប្រចាំអង្គការ UNESCO នៃប្រទេសគុយបា ស្រីលង្កា រុស្ស៊ី ម៉ារ៉ុក មីយ៉ាន់ម៉ា តំណាងក្រសួងអឺរ៉ុបនិងកិច្ចការបរទេសបារាំង ស្ថានទូតជប៉ុន និងអាមេរិក ព្រមទាំងសមាគមមិត្តភាពបារាំង-វៀតណាម ក៏ដូចជាប្រជាអាណិកជនវៀតណាមយ៉ាងច្រើនកុះករផងដែរ បានមកគោរពវិញ្ញាណក្ខន្ធ និងសរសេរសៀវភៅកាន់ទុក្ខ។
ពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅប្រទេសទួរគី ។ រូបថត៖ VOV
តំណាងបេសកកម្មនៃសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងហ្សឺណែវ សរសេរសៀវភៅកាន់ទុក្ខលោកអគ្គលេខាបក្ស Nguyen Phu Trong។ រូបថត៖ TTXVN
លោកស្រី Mathilde Teruya អនុប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី តំណាងក្រសួងអឺរ៉ុបនិងកិច្ចការបរទេសបារាំង បានចែករំលែកថា៖ “តាងនាមប្រទេសបារាំង នាងខ្ញុំសូមចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាល និងប្រជាជនវៀតណាម បន្ទាប់ពីបានទទួលដំណឹងថា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានចែកឋានហើយ។ ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម លោកអគ្គលេខាបក្សជានិច្ចកាលខិតខំពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបារាំង និងវៀតណាម ហើយប្រការនោះមានអត្ថន័យដ៏ធំធេងសម្រាប់យើងខ្ញុំ”។
អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធនេះ លោក Firmin Edouard Matoko ជំនួយការអគ្គនាយកអង្គការ UNESCO ទទួលបន្ទុកកិច្ចការអាទិភាពអាហ្វ្រិក និងទំនាក់ទំនងបរទេសបានសំដែងថា៖ “UNESCO សូមសម្តែងការគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ជាថ្នាក់ដឹកនាំដ៏អស្ចារ្យ មានបុគ្គលិកលក្ខណៈឆ្នើម បានរួមវិភាគទានយ៉ាងធំធេងចំពោះសន្តិភាពរបស់វៀតណាមនិងពិភពលោក និងបានជឿជាក់លើគុណតម្លៃរបស់អង្គការ UNESCO។ យើងសង្ឃឹមថា គំរូដ៏អស្ចារ្យរបស់លោកនឹងបន្តត្រូវបានមនុស្សជុំវិញពិភពលោកយកតម្រាប់តាម”។
ពិធីគោរពវិញ្ញាណក្ខន្ធ និងបើកសៀវភៅកាន់ទុក្ខលោកអគ្គលេខាបក្ស Nguyen Phu Trong ក៏ត្រូវបានស្ថានទូត និងតំណាងការទូតវៀតណាមប្រចាំប្រទេសអាល្លឺម៉ង់ ម៉ាឡេស៊ី ហុងកុង(ចិន) ស្រីលង្កា អារ៉ាប៊ីសាអូឌីត អង់គ្លេស អ៊ីរ៉ង់ បែលហ្ស៊ិក អ៊ីស្រាអែល អង់គ្លេស សាធារណរដ្ឋឆែក អាហ្សង់ទីន អាហ្វ្រិកខាងត្បូង ...រៀបចំឡើងយ៉ាងឱឡារិកដោយមានការចូលរួមពីប្រជាជនវៀតណាមយ៉ាងច្រើនកុះករនៅក្នុងប្រទេសសាមី និងតំណាងទីភ្នាក់ងារការទូតនៃប្រទេសជាច្រើន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម