នៅវៀតណាម ប្រហែលជាគ្មានដងផ្លូវណាមួយ ដែលធ្វើឱ្យអ្នកដំណើរ មានអារម្មណ៍ក្តុកក្តួរដូចជាធ្វើដំណើរនៅលើដងផ្លូវជាតិ 4C ។ ផ្លូវមានប្រវែង១៨០គីឡូម៉ែត្រ ផ្លូវជាតិ 4C ចេញពីក្រុងហាយ៉ាង (Ha Giang) ធ្វើដំណើរឡើងទៅកាន់ខ្ពង់រាបថ្មដុងវ៉ាន់ (Dong Van) មានផ្លូវជម្រាលភ្នំចោតបត់បែន ឆ្លងកាត់ដងភ្នំល្វឹងល្វើយ។ តែនៅលើដងផ្លូវនោះ នៅមានដងផ្លូវចោតពិសេសមួយ ដែលមានរូបសណ្ឋានដូចសញ្ញាសួរ អ្នកផងតែងហៅថាឈ្មោះផាលុង (Pai Lung)។ ឈប់សម្រាកនៅផ្លូវជម្រាលភ្នំចោតផាលុង (Pai Lung) ដើម្បីទស្សនាសម្រស់ស្រស់ស្អាត និងស្វែងយល់អំពីហេតុដែលដងផ្លូវជាតិ 4C នេះ នៅមានឈ្មោះមួយទៀត ហៅថាផ្លូវសុភមង្គល។
អំឡុងពេល៦ឆ្នាំ ចាប់ពីខែកញ្ញា ឆ្នាំ១៩៥៩ យុវជននាំមុខនិងកម្មកររាប់ម៉ឺននាក់ ធ្វើការកាប់ឆ្ការបើកផ្លូវ ដឹកដីថ្មរាប់លានម៉ែត្រគិប ក្រោយពេល៦ឆ្នាំធ្វើការ នៅខែមីនា ឆ្នាំ១៩៦៥ ដងផ្លូវបានធ្វើសម្រេចជាស្ថាពរ។ ជម្រាលភ្នំផាលុង (Pai Lung) ជាកំណាត់ផ្លូវដែលពិបាកធ្វើបំផុត។ សម័យកាលនោះ នៅទីនេះយុវជននាំមុខនិងសម្ភារៈសាមញ្ញ តែងព្យួរខ្លួនជាប្រចាំនៅតាមជញ្ជាំងភ្នំ ខាងក្រោមជាជ្រោះជ្រៅ ដងស្ទឹងញ៉ហ្វេ (Nho Que)។ ពួកគាត់ត្រូវខិតខំដំដាប់ កាប់ឆ្ការ បើកផ្លូវមួយជំហានទៅមួយជំហាន ឆ្លងកាត់កំពូលភ្នំម៉ាភីលែង (Ma Pi Leng)។ ដងផ្លូវមានប្រវែង២៤គីឡូម៉ែត្រ ត្រូវចំណាយពេលវេលាជា៣០០ថ្ងៃ ពោរពេញទៅដោយភាពលំបាកទើបធ្វើបានសម្រេច។
ផ្លូវជាតិធ្វើសម្រេច នាំមកនូវភាពផ្លាស់ប្តូរ សុភមង្គលពិតប្រាកដ សម្រាប់មាមីងជនជាតិភាគតិច នៅស្រុកជាប់ព្រំដែនខាងជើងចំនួន៤។ ចាប់ពីទីនេះ ដងផ្លូវជាតិ 4C ចេញពីក្រុងហាយ៉ាង (Ha Giang) ទៅកាន់ជម្រាលភ្នំ មែវវ៉ាក (Meo Vac) ឥឡូវនៅរក្សាបានឈ្មោះដងផ្លូវសុភមង្គល។
ចេញពីផ្លូវជម្រាលភ្នំផាលុង (Pai Lung) ធ្វើដំណើរថ្មើរជើងទៅកាន់ភ្នំចោត តាមដងផ្លូវយើងអាចទស្សនាជញ្ជាំងភ្នំស នៅជាន់ខ្ពស់បំផុតនៃភ្នំ ម៉ាភិលែង (Ma Pi Leng)។ ដងផ្លូវតូចបានចាក់បេតុង ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏មានភាពងាយស្រួលដែរ តែនៅមានអារម្មណ៍ញញើត ពេលដែលឆ្លងកាត់ផ្លូវម្ខាងជាជ្រោះជ្រៅ ម្ខាងជាព្រៃភ្នំចោត។ នេះក៏ជាដងផ្លូវប្រពៃសម្រាប់ទស្សនាទេសភាពល្អឯក ក្បែរដងស្ទឹងញ៉ហ្វេ (Nho Que) បញ្ចេញពណ៌បៃតង តូចច្រមិចនៅពីក្រោមបាទជើង។
ប្រសិនបើសម្រាកនៅជម្រាលភ្នំផាលុង (Pai Lung) យូរបន្តិច ភ្ញៀវទេសចរមិនត្រឹមតែមានអារម្មណ៍ភ្ញាក់ផ្អើលចំពោះធម្មជាតិស្រស់អស្ចារ្យ នៅទាំងមិនចង់ឃ្លាតឆ្ងាយដោយសម្រស់ជីវភាពរស់នៅដ៏ពិសេស នៃបងប្អួនជនជាតិតំបន់ដុងវ៉ាន់ (Dong Van)៕
អនុវត្ត៖ វៀតគឿង
ប្រែសម្រួល៖ រីកើង