កាលពីថ្ងៃទី១៣ ខែឧសភា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត (ស.ប.ប) កូរ៉េ លោក ឡេ ហយទ្រុង បេសកជនពិសេសរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងជាសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស បានជួបធ្វើការជាមួយលោក Kim Song Nam សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការអន្តរជាតិនៃបក្សពលករកូរ៉េ ព្រមទាំងបានជួបពិភាក្សាជាមួយលោកស្រី Choe Son Hui សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងការបរទេសស.ប.បកូរ៉េ។
លោក ឡេ ហយទ្រុង បេសកជនពិសេសរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងជាសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស ជួបពិភាក្សាការងារជាមួយលោកស្រី Choe Son Hui សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងការបរទេសស.ប.បកូរ៉េ។ (រូបថត៖ VNA)
នៅក្នុងកិច្ចប្រជុំទាំងនោះ លោក ឡេ ហយទ្រុង បេសកជនពិសេសរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអបអរសាទរសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េ ចំពោះការរៀបចំមហាសន្និបាតលើកទី៩ នៃបក្សពលករកូរ៉េដោយជោគជ័យ ព្រមទាំងបានជម្រាបពីលទ្ធផលសំខាន់ៗ និងជោគជ័យដ៏មហាប្រសើរនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយសង្កត់ធ្ងន់ថា មហាសន្និបាតបានដាក់ចេញគោលមាគ៌ា គោលដៅទូទៅ ភារកិច្ចសំខាន់ៗ និងរបកគំហើញយុទ្ធសាស្ត្រ ដើម្បីកសាងប្រទេសជាតិឲ្យរីកចម្រើនយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី។ លោក ឡេ ហយទ្រុង បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលមានបំណងចង់ពូនជ្រុំនិងជំរុញដោយឥតឈប់ឈរនូវទំនាក់ទំនងវៀតណាម-សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឲ្យរីកចម្រើនតាមរបៀបជាក់ស្តែង និងមានប្រសិទ្ធភាព ស្របតាមបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
ក្នុងកិច្ចប្រជុំ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា; ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលនៅក្នុងវេទិកាពហុភាគីដូចជា អង្គការសហប្រជាជាតិ និងវេទិកាតំបន់អាស៊ាន (ARF); រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕