វៀតណាមកំណត់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ជាមូលដ្ឋានគ្រឹះ និងជាក្បាលម៉ាស៊ីននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo (រូបថត៖ Duong Giang/TTXVN)
នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រី
លោក Pham Minh Chinh ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី
Gina Raimondo នាថ្ងៃទី ១៩ ខែកញ្ញា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី
ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រីចូលរួមសម័យប្រជុំពិភាក្សាកំពូលលើកទី ៧៨ របស់មហាសន្និបាតនៃអង្គការសហប្រជាជាតិ
នៅសហរដ្ឋអាមេរិក។
ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម
- អាមេរិក លោកនាយករដ្ឋមន្ត្រីបានស្នើថា
ក្រសួងពាណិជ្ជកម្មអាមេរិកឆាប់ទទួលស្គាល់បទបញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម
និងបន្តជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី
ជាពិសេសជំរុញសហគ្រាសបច្ចេកវិទ្យាខ្ពស់របស់អាមេរិកធ្វើអាជីវកម្មនៅវៀតណាម។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ
កំណើនបៃតង និងការអភិវឌ្ឍថាមពលកកើតឡើងវិញផងដែរ។
នាយករដ្ឋមន្ត្រីបានស្នើឱ្យសហរដ្ឋអាមេរិកបើកទីផ្សារបន្ថែមទៀតសម្រាប់ទំនិញវៀតណាមដូចជា
អេឡិចត្រូនិក វាយនភណ្ឌ ស្បែកជើង ផលិតផលកសិកម្ម និងផ្លែឈើស្រស់ជាដើម។ ទន្ទឹមនឹងនោះ
ត្រូវគិតគូរឲ្យបានត្រឹមត្រូវអំពីផលប្រយោជន៍របស់ធុរកិច្ចវៀតណាម កុំប្រើប្រាស់វិធានការកាំពារពាណិជ្ជកម្មប្រឆាំងនឹងទំនិញវៀតណាម
ដោយឈរលើមូលដ្ឋានធានាតុល្យភាព សមភាព និងផលប្រយោជន៍ទៅវិញទៅមក។
ចំណែកលោកស្រី
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Gina Raimondo បានឲ្យដឹងថា
ធុរកិច្ចអាមេរិកចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវៀតណាម ដើម្បីស្វែងរកឱកាសអាជីវកម្ម
និងវិនិយោគ។ លោកស្រីរដ្ឋមន្ត្រីនឹងជំរុញឱ្យសហរដ្ឋអាមេរិកទទួលស្គាល់បទបញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមក្នុងពេលឆាប់ៗនេះ
និងសម្របសម្រួលអនុវត្តខ្លឹមសារដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីថ្លែងការណ៍រួម
ជាពិសេសលើវិស័យអាទិភាពដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ...។
នាថ្ងៃដដែល
ក្នុងជំនួបជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា
ភាគីទាំងពីរបង្កើតចំណុចលោតផ្លោះក្នុងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យា នវានុវត្តន៍ ការអប់រំ និងបណ្តុះបណ្តាល។ ចង់ឱ្យសហរដ្ឋអាមេរិកជួយវៀតណាមក្នុងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ទាក់ទងនឹងបន្ទះឈីប
semiconductor។ រីឯខ្លួនវិញ តំណាងពាណិជ្ជកម្មអាមេរិកលោកស្រី
Katherine Tai សង្ឃឹមថា
វៀតណាមនឹងបន្តចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការចរចានាពេលឆាប់ៗ
ស្តីពីក្រប ខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដើម្បីវិបុលភាព (IPEF) ដែលទាំងអាមេរិក និងវៀត ណាមសុទ្ធតែជាសមាជិកផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម