21/10/2021 17:34 GMT+7 Email Print Like 0

វៀតណាមអំពាវនាវឱ្យអ៊ីស្រាអែល-ប៉ាឡេស្ទីនត្រួសត្រាយផ្លូវសម្រាប់ការស្តារឡើងវិញនៃដំណើរការសន្តិភាព

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបើកចំហមួយនៅថ្ងៃទី ១៩ ខែតុលាដើម្បីពិភាក្សាអំពីស្ថានភាពនៅមជ្ឈឹមបូព៌ា ក្នុងនោះមានទាំងបញ្ហាប៉ាឡេស្ទីន។
 

ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធាន ស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីអំពើហឹង្សាកើតមានឡើងជាបន្តបន្ទាប់ ដែលបណ្តាលឲ្យប្រជាជនប៉ាឡេស្ទីនស្លាប់និងរបួសជាច្រើន ជាពិសេសកុមារ។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការប្រើកម្លាំងហួសហេតុប្រឆាំងនឹងជនស៊ីវិលនិងអនុវត្តន៍រាល់ការស៊ើបអង្កេត សម្រាប់រាល់ការវាយប្រហារដោយហិង្សាលើជនជាតិប៉ាឡេស្ទីន។ ប្រធានស្ថានបេសកកម្មវៀតណាមក៏មានការព្រួយបារម្ភ អំពីព័ត៌មានថ្មីៗដែលថា គម្រោងតាំងទីលំនៅថ្មីត្រូវបានបន្តអនុវត្តនៅតំបន់វេសប៊ែង រួមទាំងក្រុងយេរូសាឡឹមខាងកើត ដោយអះអាងថាសកម្មភាពទាំងនេះ គឺខុសច្បាប់បើយោងតាមច្បាប់អន្តរជាតិ ហើយធ្វើឱ្យប៉ះពាល់ដល់ការរំពឹងទុកនៃដំណោះស្រាយរដ្ឋពីរ។

លោកឯកអគ្គរដ្ឋទូតវៀតណាមស្វាគមន៍ចំពោះរាល់ការសន្ទនានិងទំនាក់ទំនងនាពេលថ្មីៗនេះរវាងមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលអ៊ីស្រាអែលនិងអាជ្ញាធរប៉ាឡេស្ទីនដោយវាយតម្លៃថា នេះគឺជាជំហានវិជ្ជមានមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ រួមចំណែកលើកកម្ពស់ការជឿទុកចិត្តរវាងភាគីនិងត្រួសត្រាយផ្លូវសម្រាប់ការចរចានិងការសន្ទនា។ វៀតណាមក៏ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់សកម្មភាពសហប្រតិបត្តិការទាំងនេះ។

ប្រធានគណៈប្រតិភូវៀតណាមបានអំពាវនាវឱ្យភាគីពាក់ព័ន្ធ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សកម្មភាពមនុស្សធម៌និងការកសាងឡើងវិញនូវតំបន់ Gaza  ក្រោយជម្លោះ; អំពាវនាវឱ្យបន្ធូរបន្ថយការរឹតបន្តឹងលើចលនាពាណិជ្ជកម្ម មនុស្សធម៌និងសាងសងរចនាសម្ព័ន្ធចេញចូលតំបន់ Gaza ឆ្ពោះទៅរកការដកទាំងស្រុងនៃការបិទខ្ទប់លើតំបន់ដីនេះ។ ក្នុងពេលជាមួយគ្នានេះដែរ លោកបានរំលឹកឡើងវិញពីគោលជំហររបស់លោកក្នុងការគាំទ្រការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជនប៉ាឡេស្ទីននិងដំណោះស្រាយរដ្ឋពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ