23/09/2021 21:19 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ថ្លែង​សុន្ទរកថាក្នុងមហាសន្និបាតអង្គ​ការសហប្រជាជាតិ៖ សហប្រតិបត្តិការ​ដើម្បី​យកឈ្នះ​លើជំងឺរាត្បាតកូវីដ ១៩ ឲ្យបានឆាប់ៗ

វៀតណាមនិងបណ្តាប្រទេសជាសមាជិកអាស៊ានកំពុងខិតខំប្រឹងប្រែងបង្កើនតួនាទីមជ្ឈភាពរបស់សមាគម ក្នុងការរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពនៅអាស៊ីអាគ្នេយ៍ និងអាស៊ី ប៉ាស៊ីហ្វិក។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ VOV)


នៅរសៀលថ្ងៃទី ២២ ខែកញ្ញា ម៉ោងនៅទីក្រុងញូវយ៉កក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសម័យពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ដែលមានប្រធានបទ “មានទំនុកចិត្តនិងភាពធន់-ឆ្ពោះទៅរកការស្តាឡើងវិញក្រោយកូវីដ ១៩ ការស្ថាបនាប្រកបដោយនិរន្តរភាព ការពារភពផែនដី ជំរុញសិទ្ធិមនុស្សនិងកំណែទម្រង់អង្គការសហប្រជាជាតិ” នោះ ប្រធានរដ្ឋ វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់។ ក្នុងបណ្ដាបញ្ហានាបច្ចុប្បន្នរបស់ពិភពលោកនោះ លោកប្រធានរដ្ឋវៀតណាមបានចាត់ទុកជា បញ្ហាបន្ទាន់បំផុតគឺចាំបាច់ត្រូវគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសគឺផ្តល់អាទិភាពលើការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងទាប។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានធ្វើការវាយតម្លៃដ៏សំខាន់ៗ និងលើកសំណើរជាក់លាក់ជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុភាគីជាមួយអង្គការសហប្រជាជាតិជាមជ្ឈមណ្ឌល ហើយយកច្បាប់អន្តរជាតិធ្វើជាមូលដ្ឋានគ្រឹះ ដើម្បីរួមគ្នាឆ្លើយតបនឹងរាល់បញ្ហាប្រឈមសកលដ៏ស្មុគស្មាញដូចជាសង្គ្រាមជម្លោះវិវាទធនធាន ការប្រែប្រួលអាកាសធាតុ ជាពិសេសជំងឺរាតត្បាតកូវីដ ១៩ ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សន្តិភាពសន្តិសុខនិងការអភិវឌ្ឍ នៅលើពិភពលោក។ លោកបានអះអាងថា៖ “ភារកិច្ចបន្ទាន់បំផុតនាបច្ចុប្បន្ននេះ គឺការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោក។ ពិភពលោកមិនអាចមានសុវត្ថិភាពឡើយ ខណៈពេលដែលនៅតែមានប្រជាជន និងប្រទេសនានាគ្មានសុវត្ថិភាពដោយសារជំងឺរាតត្បាត។ ដើម្បីរុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩ ឲ្យបានឆាប់ៗនោះ ចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ក្នុងស្មារតីទទួលខុសត្រូវ និងការចែករំលែក ជាពិសេសគឺផ្តល់អាទិភាពលើការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រជាជននៅក្នុងប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងទាប បង្កលក្ខណៈងាយស្រួលសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍ សហប្រតិបត្តិការផលិតកម្ម និងចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់វ៉ាក់សាំង។ ទីពីរដើម្បីជំនះពុះពារលើជំងឺរាតត្បាត និងស្ដារសេដ្ឋកិច្ចឡើងវិញនោះ កត្តាសំខាន់ជួរមុខគឺកិច្ចខិតខំប្រឹងប្រែងដោយផ្អែកលើស្មារតីខ្លួនទីពឹងខ្លួនរបស់ប្រទេសនីមួយៗ។ យើងខ្ញុំវាយតម្លៃខ្ពស់ ហើយ រំពឹងថាប្រព័ន្ធអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិនឹងបន្តរួមដំណើរនិងសហការជាមួយប្រទេសជាសមាជិកក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីឆ្លើយតបតាមតម្រូវការនូវភាពសុខដុមរមនា ផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសទាំងអស់ផងដែរ”។

 

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (រូបថត៖ VOV)

ទាក់ទងនឹងស្ថានភាពតំបន់ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានឲ្យដឹងថាវៀតណាមនិងបណ្តាប្រទេសជាសមាជិកអាស៊ានកំពុងខិតខំប្រឹងប្រែងបង្កើនតួនាទីមជ្ឈភាពរបស់សមាគម ក្នុងការរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពនៅអាស៊ីអាគ្នេយ៍ និងអាស៊ី ប៉ាស៊ីហ្វិក។ ចែករំលែកសំឡេងរួមរបស់សហគមន៍អន្តរជាតិអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត។

ក្នុងសុន្ទរកថា ប្រធានរដ្ឋ លោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រមទាំងថ្លែងអំណរគុណដល់បណ្តាប្រទេសដែលបានជឿទុកចិត្តបោះឆ្នោត ជូនវៀតណាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខសម្រាប់អាណត្តិ ២០២០-២០២១៖ “ក្នុងរយៈពេលពីរឆ្នាំកន្លងទៅ វៀតណាមតែងតែលើកកម្ពស់ស្មារតី “ ភាពជាដៃគូ ដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព”  លើកត្រដែតកិច្ចសន្ទនាកិច្ចសហប្រតិបត្តិ ចូលរួមយ៉ាងសកម្មនិងរួមចំណែកជាវិជ្ជមានទៅក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការនិងដោះស្រាយជម្លោះ។ វៀតណាមបានជំរុញរាល់ខ្លឹមសារថ្មី និងជាក់ស្តែង ដោយឆ្លើយតបនឹងការយកចិត្តទុកដាក់រួមអំពីការលើកត្រដែតធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការក្នុងតំបន់ ទប់ស្កាត់ជម្លោះ ដោះស្រាយបញ្ហា គ្រាប់បែកមីន គាំពារប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងជម្លោះប្រដាប់អាវុធ។ ទង់ជាតិរបស់ប្រទេសវៀតណាមកំពុងតែបក់វរិចនៅស្ថានបេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ដោយមានបំណងចង់បន្តរួមចំណែកក្នុងការងាររួមនោះ វៀតណាមកំពុងឈរឈ្មោះក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២៣-២០២៥ និងយន្តការសំខាន់ៗដទៃទៀតរបស់អង្គការសហប្រជាជាតិ ហើយមានបំណងថាទទួលបានការគាំទ្រពីបណ្តាប្រទេសដទៃទៀត”។

នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ម៉ោងនៅទីក្រុងញូវយ៉ក ប្រធានរដ្ឋ វៀតណាមលោក Nguyen Xuan Phuc និងអញ្ជើញថ្លែងសុន្ទរកថានៅសម័យ ពិភាក្សាកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអាកាសធាតុនិងសន្តិសុខផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ