03/08/2021 12:52 GMT+7 Email Print Like 0

២៦ឆ្នាំដែលវៀតណាមរួមដំណើរនិងអភិវឌ្ឍជាមួយសហគមន៍អាស៊ាន

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ជាថ្ងៃខួបគម្រប់ ២៦ ឆ្នាំ ដែលវៀតណាមចូលជាសមាជិកសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាផ្លូវការ (២៨ កក្កដា ១៩៩៥ - ២៨ កក្កដា ២០២១)។ ក្រោយ រយៈពេលជិត៣ទសវត្សធ្វើសមាហរណកម្មជាមួយតំបន់ វៀតណាមបានក្លាយទៅជាសមាជិកមួយដ៏សកម្ម ម្ចាស់ការមានការទទួលខុសត្រូវ មានឥទ្ធិពលលើរចនាសម្ព័ន្ធឯកភាពក៏ដូចជាការរក្សាសន្តិភាព វិបុលភាពនៃតំបន់អាស៊ាន។ វៀតណាមបានរួមដៃនិងមានការរួមវិភាគ ទានប្រកបដោយប្រសិទ្ធភាពទៅក្នុងដំណើរការ កសាងសហគមន៍អាស៊ានមួយដ៏សុក្រិត ដោយយកប្រជាជនធ្វើជាមជ្ឈភាព។

ចាប់ពីបានចូលរួមអាស៊ានជាផ្លូវការមក គោលមាគ៌ា គោលនយោបាយកិច្ចការបរទេសរបស់វៀត ណាមក្នុងអាស៊ាន បានក្លាយទៅជាផ្នែកសំខាន់មួយក្នុងគោលនយោបាយកិច្ចការបរទេសរបស់ វៀតណាមក្នុងសម័យកាលថ្មី ដែលត្រូវបានចែងច្បាស់ក្នុងឯកសារនៃមហាសន្និបាតរបស់បក្ស។ តាមនោះ វៀតណាមបន្ត “ពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងនិងប្រទេសនានាក្នុងអាស៊ាន” “ចូលរួមយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅមកក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)” ហើយ “ជំរុញទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធភាពជាមួយប្រទេសអាស៊ានដទៃ”ទៀត។

សញ្ញាសម្គាល់សំខាន់ៗ
ក្នុងអំឡុងពេល ២៦ ឆ្នាំកន្លងមក វៀតណាមបានសហការយ៉ាងសកម្មជាមួយប្រទេសសមាជិកផ្សេងៗ រៀបចំអនុវត្តន៍កិច្ចព្រមព្រៀងនិងផែនការសហប្រតិបត្តិការសំខាន់ៗរបស់អាស៊ាន ជាពិសេសគឺការកសាងសហគមន៍អាស៊ាន។

ព្រឹត្តិការណ៍បង្កើតសហគមន៍អាស៊ានជាផ្លូវការកាលពីចុងឆ្នាំ ២០១៥ ដោយមានការរួមវិភាគទានគួរឲ្យកត់សម្គាល់របស់វៀតណាម ក្នុងនោះមានការផ្ដួចផ្ដើមគំនិត និងសំណើរនានាដូចជាកម្មវិធីសកម្មភាពទីក្រុងហាណូយ២០១០។ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេស ឈានមុខគេក្នុងការអនុវត្តគោលដៅនៃសហគមន៍អាស៊ានផងដែរ។

សញ្ញាសម្គាល់របស់វៀតណាមក្នុងអាស៊ានត្រូវបានបង្ហាញតាមរយៈការរួមវិភាគទានចំពោះដំណើរការពង្រីកកិច្ចសហប្រតិបត្តិការរបស់អាស៊ានទៀតផង។ នោះគឺគំនិតផ្ដួចផ្ដើមពង្រីកសមាជិកភាពនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ដោយការជំរុញការបញ្ចូលរុស្ស៊ីនិងអាមេរិកជាសមាជិក ឬគំនិតផ្ដួចផ្ដើមពង្រីកយន្តការនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+)។ នេះគឺជាយន្តការដ៏សែនសំខាន់ដែលមិនត្រឹមតែជំរុញការតភ្ជាប់ផ្ទៃក្នុងអាស៊ានប៉ុណ្ណោះទេ ថែមទាំងរវាងអាស៊ានជាមួយប្រទេសផ្សេងៗ ហើយបង្កើតឋានៈរបស់អាស៊ានជាមួយដៃគូទៀតផង។

លើសពីនេះទៅទៀត ការរួមវិភាគទានប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការទទួលអនុវត្តន៍ប្រកបដោយជោគជ័យតួនាទីជាប្រធានអាស៊ាន ជាមួយនឹងការលើកសំណើរនិងគំនិតច្នៃប្រឌិតជាក់ស្ដែងជាច្រើន។ ត្រឹម៣ឆ្នាំក្រោយពីចូលរួមអាស៊ានប៉ុណ្ណោះ ក្នុងនាមជាប្រធានសមាគមន៍ឆ្នាំ១៩៩៨ វៀតណាមបានចងក្រងផែនការសកម្មភាពទីក្រុងហាណូយ ដើម្បីជំរុញការស្ដារឡើងវិញក្រោយវិបត្តិហិរញ្ញវត្ថុអាស៊ី រួមចំណែកបង្រួញគម្លាតអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ាន។ នាឆ្នាំ ២០១០ ជាលើកទី ២ ចូលកាន់តំណែងជាប្រធានអាស៊ាន វៀតណាមបានជំរុញអ្វីៗដែលអ្នកសង្កេតការណ៍ការទូតហៅថា “វប្បធម៌អនុវត្ត”។

 

វៀតណាមចូលជាសមាជិកអាស៊ានជាផ្លូវការកាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ១៩៩៥។ (រូបថត៖ TTXVN)
 
វៀតណាមទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី១៦និងទី១៧នៅទីក្រុងហាណូយ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០១០។ (រូបថត៖ TTXVN)
 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលញញួរប្រធានពីនាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-o-cha នៅពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ ហើយទទួលតួនាទីប្រធានអាស៊ានឆ្នាំ២០២០។ (រូបថត៖ TTXVN)
 

លើវិស័យសន្តិសុខនិងសន្តិភាព គួរឲ្យកត់សម្គាល់បំផុតគឺការរួមវិភាគទានដ៏ជាក់ស្តែងរបស់ វៀតណាមក្នុងការកសាងសេចក្ដីថ្លែងការណ៍របស់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជាជំរុញការកសាងក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងសុពលភាព ចូលរួមចំណែកធានាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។

ជាពិសេស នៅឆ្នាំ២០២០ ដែលគូសសញ្ញាសម្គាល់រយៈពេល ២៥ ឆ្នាំ ចូលរួមអាស៊ាន ហើយក៏ជាលើកទី៣កាន់តំណែងជាប្រធានអាស៊ាននោះ វៀតណាមនិយាយដោយឡែកនិងអាស៊ាននិយាយរួមនៅពេលនោះត្រូវប្រឈមនឹងបញ្ហាធ្ងន់ធ្ងរបង្កឡើងដោយជម្ងឺរាតត្បាតកូវីដ ១៩។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្តែវៀតណាមបានបង្ហាញឲ្យឃើញឫទ្ធានុភាព តួនាទីដឹកនាំនិងភាពម្ចាស់ការរបស់ប្រទេសជាប្រធានប្ដូរវេន។ ការផ្តួចផ្តើមគំនិតជាច្រើនស្ដីពីកិច្ចសហប្រតិបត្តិការឆ្លើយតបនឹងកូវីដ ១៩ និងការស្ដារឡើងវិញក្រោយជម្ងឺរាតត្បាត ត្រូវបានប្រកាសហើយដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២០តែម្ដង។ សំខាន់ជាងនេះទៅទៀត តាមរយៈកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ និងស្ដារសេដ្ឋកិច្ច ភាពស្អិតរមួតក្នុងអាស៊ានកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

អាស៊ានជាចំណុចស្នូលក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម
ក្រឡែកមើលឡើងវិញនូវរយៈពេលជាង ១/៤ សតវត្សកន្លងមក ភាពជោគជ័យនិងតួនាទីកាន់តែកើនឡើងៗរបស់អាស៊ាន ដោយមានការរួមដំណើររបស់វៀតណាម បានបង្ហាញជាថ្មីម្ដងទៀតនូវភាពត្រឹមត្រូវក្នុងការសម្រេចចិត្តចូលរួមអាស៊ានរបស់វៀតណាម។

ការចូលរួមនោះមិនត្រឹមតែស្តែងចេញពីភាពម្ចាស់ការ ភាពសកម្មក្នុងបាវចនាធ្វើពិពិធកម្ម ពហុភាគីនិយមទំនាក់ទំនងកិច្ចការបរទេសរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្ហាញតម្រូវការសហប្រតិបត្តិការដែលជៀសមិនរួច ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយវិបុលភាពនៃតំបន់ទាំងមូលផងដែរ។

ក្នុងបរិបទដែលជម្ងឺកូវីដ ១៩ នៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ វៀតណាមបានបន្តស្នើឡើងដោយម្ចាស់ការនូវគំនិតផ្ដួចផ្ដើម ទិសដៅជាច្រើនដើម្បីរួមដៃកសាងសហគមន៍អាស៊ានមានសាមគ្គីនិងខ្លាំងក្លា។ សហគមន៍អាស៊ានដ៏ខ្លាំងមាំមួនមួយក៏ជាទីបង្អែកដ៏រឹងមាំរបស់វៀតណាមដើម្បីជំនះពុះពារលើការលំបាកឧបសគ្គនាពេលខាងមុខផងដែរ។ ក្រោយរយៈពេល២៦ឆ្នាំចូលរួមអាស៊ាន វៀតណាមបានក្លាយទៅជាសមាជិកមួយក្នុងចំណោមសមាជិកដ៏សកម្ម ម្ចាស់ការ មានការទទួលខុសត្រូវ ចូលរួមចំណែកកសាងអាស៊ានក្លាយទៅជាសហគមន៍រួមដ៏សុក្រិត ដែលយកប្រជាជនធ្វើជាមជ្ឈភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ