23/09/2019 15:04 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam អញ្ជើញចូលរួមពិធីបើកផ្សារ ណាត់និងកិច្ចប្រជុំកំពូលអំពីពាណិជ្ជកម្ម-វិនិយោគចិន-អាស៊ានលើកទី១៦


 ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Vu Duc Dam អញ្ជើញថ្លែងសុន្ទរកថានៅពិធីបើកពិព័រណ៍
(រូបថត៖ VGP)

តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិត្យចិន នាថ្ងៃ ទី២១ ខែកញ្ញា ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Vu Duc Dam បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅពិធីបើកពិព័រណ៍និងកិច្ចប្រជុំកំពូល អំពីពាណិជ្ជកម្ម-វិនិយោគរវាងចិននិងអាស៊ាន (CAEXPO និង CABIS) លើកទី ១៦ ដែលបានរៀបចំឡើងនៅទីក្រុង Nanning របស់ចិន។

CAEXPO និង CABIS ជាពិព័រណ៍មួយក្នុងចំណោមពិព័រណ៍ជួរមុខ ទាំង១០របស់ចិន ដែលបានរៀបចំឡើងជាប្រចាំឆ្នាំនៅទីក្រុង Nanning ចាប់តាំងពីឆ្នាំ២០០៤មក។ ពិព័រណ៍ឆ្នាំនេះមានស្តង់ទំនិញចំនួន ៥០០០ ស្តង់របស់សហគ្រាសចំនួន២៥០០អង្គភាពមកពីប្រទេសអាស៊ីអាគ្នេយ៍នានានិងចិន។ វៀតណាមជាប្រទេសដែលមានបរិមាណស្តង់ទំនិញច្រើនបំផុតក្នុងប្លុកអាស៊ានដោយមានស្តង់ទំនិញចំនួន ២៥០ ស្តង់របស់សហគ្រាសចំ​នួន​ ១៥០ អង្គភាព។

អញ្ជើញថ្លែងនៅពិធីបើក ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ CAEXPO និង CABIS ក្នុងការជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងអាស៊ាននិងចិន ព្រមទាំងសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលរួមជាមួយអាស៊ាននិងដៃគូនានាជំរុញការកសាងបរិយាកាសដ៏ងាយស្រួលសម្រាប់ការវិនិយោគ អាជីវកម្ម ការអភិវឌ្ឍប្រកបដោយចីរភាពដោយឈរលើមូលដ្ឋាននៃការធានាផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់ ក៏ដូចជាការគោរពច្បាប់អន្តរជាតិ សំដៅរួមចំណែករក្សាសន្តិ ភាព កិច្ចសហប្រតិបតិ្តការនិងវិបុលភាពនៅក្នុងតំបន់និងលើពិភពលោកផងដែរ។

ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បាន អញ្ជើញជួបពិភាក្សាការងារជាមួយសមភាគីចិន លោក Han Zheng និងលេខាគណៈកម្មាធិការបក្សតំបន់ស្វយ័ត Guangxi លោក Lu Xinshe ទៀតផង។ នៅបណ្ដាជំនួបនេះ លោក Vu Duc Dam បានលើកច្បាស់នូវគោលជំហររបស់វៀតណាមស្ដីពីបញ្ហាសមុទ្រខាងកើត ព្រមទាំងស្នើអោយចិនគោរពសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វៀតណាម មិនទុនអោយស្ថានភាពដ៏ស្មុគស្មាញ នៅសមុទ្រកើតមានឡើងតទៅទៀតឡើយ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ