11/08/2021 12:49 GMT+7 Email Print Like 0

សហគមន៍អន្តរជាតិព្រួយបារម្ភអំពីការវិវត្តដ៏ស្មុគស្មាញនៅសមុទ្រខាងកើត

លោករដ្ឋមន្រ្តីការបរទេស Blinken បានសង្កត់ធ្ងន់លើការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោន អំពីសកម្មភាពបំភិតបំភ័យនិងការសម្លុតគំរាមកំហែងដល់សិទ្ធិប្រើប្រាស់ធនធានសមុទ្រស្របច្បាប់របស់របស់ប្រទេសមួយចំនួន។
 

នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានធ្វើជាអធិបតីនៃកិច្ចពិភាក្សាបើកទូលាយជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី ៩ ខែសីហា (រូបថត៖ ANI)


ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាបើកទូលាយជាន់ខ្ពស់តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “ពង្រឹងសន្តិសុខសមុទ្រ៖ វិស័យសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ” ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកនៅថ្ងៃទី ៩ ខែសីហា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានរិះគន់លើសកម្មភាពស្មុគស្មាញនៅតំបន់សមុទ្រខាងកើត និងព្រមានថា ជម្លោះ នឹងបណ្តាលផលវិបាកជាសកលយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនិងពាណិជ្ជកម្ម។ លោករដ្ឋមន្រ្តីការបរទេស Blinken បានសង្កត់ធ្ងន់លើការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោន អំពីសកម្មភាពបំភិតបំភ័យនិងការសម្លុតគំរាមកំហែងដល់សិទ្ធិប្រើប្រាស់ធនធានសមុទ្រស្របច្បាប់របស់របស់ប្រទេសមួយចំនួន។

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ដែលជាប្រធានប្តូរវេនប្រចាំខែសីហាឆ្នាំ ២០២១ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា សមុទ្រ-បេតិកភណ្ឌរួមរបស់ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនក្នុងនោះមានជម្លោះដែនសមុទ្រ។ យ៉ាងណាមិញ ជម្លោះដែនសមុទ្រគួរតែត្រូវបានដោះស្រាយដោយសន្តិវិធីនិងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

នៅចុងបញ្ចប់នៃសម័យពិភាក្សា ប្រទេសនានាបានអនុម័តលើសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បានដាក់ចេញនូវក្របខ័ណ្ឌច្បាប់សម្រាប់សកម្មភាពនៅសមុទ្ររួមទាំងការទប់ស្កាត់សកម្មភាពខុសច្បាប់។ ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានយល់ព្រមទទួលស្គាល់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ។ នេះជាលើកដំបូងដែលក្រុមប្រឹក្សាសន្តិសុខបានឯកភាពគ្នាលើសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហាសន្តិសុខដែនសមុទ្រ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ