03/11/2020 15:48 GMT+7 Email Print Like 0

វៀតណាម-កូរ៉េខាងត្បូងបង្កើនថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ


ទិដ្ឋភាពនៃជំនួបពិភាក្សាការងាររវាងប្រធានរដ្ឋសភានៃប្រទេសទាំងពីរ។ 
 

នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ អញ្ជើញថ្លែងនៅជំនួបពិភាក្សាការងារបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ពិសេសដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង ហើយចាត់ទុកកូរ៉េខាងត្បូងជាដៃកូសំខាន់ យូរអង្វែង ដែលចែករំលែកលក្ខណៈស្រដៀងគ្នាជាច្រើនខាងផ្នែកប្រវត្តិសាស្ត្រនិងវប្បធម៌ ក៏ដូចជាមានផលប្រយោជន៍អភិវឌ្ឍដូចគ្នាផងដែរ។ វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយកូរ៉េខាងត្បូង រួមគ្នាខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនងទ្វេភាគី លើកកំពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏ដូចជារវាងរដ្ឋសភាទាំងពីរឲ្យមានការរីកចម្រើនយ៉ាងទូលំទូលាយលើគ្រប់វិស័យ។ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ចាត់ទុកថា នាពេលកន្លងមក វៀតណាមបានយកចិត្តទុកដាក់ ជួយគាំទ្រដល់សហគ្រាសកូរ៉េខាងត្បូងក្នុងការថែរក្សាសកម្មភាពអាជីវកម្ម ហើយស្ថាប័នមានសមត្ថកិច្ចវៀតណាមក៏បានជួយសម្រួលដល់បុគ្គលិករាប់ពាន់នាក់របស់សហគ្រាសកូរ៉េខាងត្បូងក្នុងការចូលមកវៀតណាមផងដែរ។ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យឯកឧត្តម Park Byeong Seug និងរដ្ឋសភាកូរ៉េខាងត្បូងយកចិត្តទុកដាក់ថែមទៀតដល់ការងារជួយឧបត្ថម្ភសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង។

ស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ-ការពារជាតិ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានសម្ដែងនូវការគាំទ្រដល់គោលនយោបាយការទូតឆ្ពោះទៅខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង ដោយផ្ដោតសំខាន់ទៅលើការជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ានដោយមានស្នូលគឺប្រទេសវៀតណាម ហើយអះអាងថាវៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិការពហុវិស័យរវាងអាស៊ាននិងកូរ៉េខាងត្បូង។ នៅជំនួបពិភាក្សាការងារលើកនេះ លោកស្រី Nguyen Thi Kim Ngan ក៏បានបញ្ជាក់ពីគោលជំហរដោយឥតងាករេរបស់វៀតណាមនោះគឺគាំទ្រដល់ដំណើរការសន្តិភាពនិងលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

ស្ដីពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបានអះអាងនូវសារសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។

ចំណែកប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong Seug វិញ បានឲ្យដឹងថា ប្រទេសទាំងពីរនឹងខួបគម្រប់៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២២ ហើយកូរ៉េខាងត្បូងចាត់ទុកថា នេះជាពេលវេលាដ៏សមស្របសម្រាប់លើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋសភាកូរ៉េខាងត្បូងបានអះអាងថា វៀតណាមមិនត្រឹមតែជាដៃគូស្នូលក្នុងគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់កូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែវៀតណាមថែមទាំងដើរតួនាទីដ៏សែនសំខាន់ក្នុងប្លុកអាស៊ានទៀងផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ