30/09/2019 15:34 GMT+7 Email Print Like 0

វៀតណាមអំពាវនាវអោយបង្កើនភាពរឹងមាំនៃពហុភាគីនិយមដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព

នាថ្ងៃទី ២៨ ខែកញ្ញា នៅឯទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងញូវយ៉កសហរដ្ឋអាមេរិកអញ្ជើញថ្លែងទៅកាន់ថ្នាក់ដឹកនាំនិងតំណាងនៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ចំនួន ១៩៣ រូប នៅឯសម័យប្រជុំជាន់ខ្ពស់រួមលើកទី ៧៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិនោះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់លើសារៈសំខាន់នៃពហុភាគីនិយមនិងបានបញ្ជាក់ថា ទំនាក់ទំនងការបរទេសពហុភាគីមានសារៈពិសេស នៅក្នុងគោលនយោបាយការបរទេសក៏ដូចជាក្នុង​ដំណើរការនៃការច្នៃប្រឌិត ការអភិវឌ្ឍនិងសមាហរណកម្មអន្តរជាតិរបស់វៀតណាម។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ

លោក Pham Binh Minh អញ្ជើញថ្លែងថា៖ “វៀតណាមចូលរួមយ៉ាងសកម្មនិងម្ចាស់ការដោយបានចូលរួមវិភាគទានប្រកបដោយការទទួលខុសត្រូវ ក្នុងដំណើរការពហុភាគី។ រួមជាមួយបណ្តាប្រទេសអាស៊ាននោះ វៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់តួនាទីជាមជ្ឈភាពរបស់សមាគមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខនិងលើកកម្ពស់ការអភិវឌ្ឍនិងវិបុលភាពនៅអាស៊ីអាគ្នេយ៍និងអាស៊ី-ប៉ាស៊ីហ្វិក។ វៀតណាម ប្តេជ្ញាអនុវត្តយ៉ាងពេញលេញនូវរបៀបវារៈ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពនិងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ជាពិសេសគឺមានវិធានការជាក់ស្តែងដើម្បីឆ្ពោះទៅរកការបញ្ចប់ការប្រើប្រាស់ប្លាស្ទិកនៅឆ្នាំ ២០២៥។ នាពេលកន្លងមកនេះ វៀតណាមត្រូវបានគេផ្តល់កិត្តិយស ដោយជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍ជាលើកទី ២ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព សហការជាមួយសមាជិកអង្គការសហប្រជាជាតិ ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព”។

ក្នុងឱកាសនេះលោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី Pham Binh Minh បានចូលរួមសន្និសីទក្រៅផ្លូវការរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន (IAMM) និងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាននិងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC); សម្ព័ន្ធភាពប៉ាស៊ីហ្វិក (PA) និងអគ្គលេខាធិការអង្គការសហប្រជាជាតិនិងជាប្រធានមហា សន្និបាតអង្គការសហប្រជាជាតិផងដែរ។ នៅក្នុងជំនួបជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលោក Tijjani Muhammad-Bande, ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកិច្ច សហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ហើយនឹងរួមចំណែកយ៉ាងសកម្មដល់តួនាទីជាមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងពហុប្រព័ន្ធ ក៏ដូចជាគាំទ្រប្រធានមហាសន្និបាតបំពេញល្អនូវភារកិច្ចទាំងនេះ។ នៅក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres, ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះរបៀបវារៈ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពនិងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ព្រមទាំងចែករំលែកការតំរង់ទិសដ៏អស្ចារ្យរបស់វៀតណាមក្នុងរយៈពេល ២ ឆ្នាំ នៃការចូលរួមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដូចជាឆ្នាំជាប្រធានអាស៊ាន ឆ្នាំ ២០២០ ដើម្បីពង្រឹងទំនាក់ទំនងរវាងអង្គការសហប្រជាជាតិនិងអង្គការក្នុងតំបន់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres ចង់ឲ្យប្រទេសវៀតណាមលើកកម្ពស់តួនាទីរបស់ខ្លួនយ៉ាងខ្លាំង ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនិងការការពារបរិស្ថាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ