15/07/2021 15:09 GMT+7 Email Print Like 0

វៀតណាមម្ចាស់ការការពារនិងជំរុញសិទ្ធិមនុស្ស

ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ baoquocte.vn)
 

នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ក្រសួងការបរទេសសហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) រៀបចំសិក្ខាសាលាអន្តរជាតិស្តីពីការអភិវឌ្ឍរបាយការណ៍ពាក់កណ្ដាលស្ម័គ្រចិត្តស្តីពីការអនុវត្តអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី ៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

ថ្លែងមតិក្នុងសិក្ខាសាលានេះ លោក Dang Hoang Giang អនុរដ្ឋមន្រ្តីក្រសួងការបរទេសបានអះអាងថា វៀតណាមគាំទ្រគោលការណ៍យុត្តិធម៌ តម្លាភាព មិនរើសអើង ការសន្ទនាជាក់ស្តែងនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យសិទ្ធិមនុស្ស។ វៀតណាមតែងតែគោរពនិងចូលរួមយ៉ាងពេញទំហឹង ជានិច្ចចំពោះដំណើរការរបស់ UPR ដោយប្តេជ្ញាយ៉ាងមុតមាំក្នុងការបន្តចូលរួមវិភាគទានយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូវចំពោះការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងកំពុងឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥។ ក្នុងស្មារតីនេះ របាយការណ៍ពាក់កណ្ដាលស្ម័គ្រចិត្តរបស់ វៀតណាមត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវព័ត៌មានពិតៗ ពេញលេញនិងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់ វៀតណាមក្នុងការបន្តស្ថេរភាពសេដ្ឋកិច្ចសង្គម ធានានូវសិទ្ធិមនុស្ស ជាពិសេសក្រុមងាយរងគ្រោះនៅក្នុងបរិបទជួបការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ នាបច្ចុប្បន្ននេះ។

ចំណែកខាងអង្គការសហប្រជាជាតិ លោក Kamal Malhotra អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមបានម្ចាស់ការប្រឈមមុខនឹងបញ្ហាប្រឈមនានាក្នុងកិច្ចការពារនិងលើកស្ទួយសិទ្ធិមនុស្ស ដោយត្រៀមទទួលយកនិងចាត់វិធានការដើម្បីអនុវត្តអនុសាសន៍ក្នុងវិស័យនៅជួបការលំបាក។ លោក Kamal បានបញ្ជាក់ថា ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីគាំទ្រដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាមនៅក្នុងវិស័យនេះ។

នៅក្នុងសិក្ខាសាលានេះ ប្រតិភូបានចែករំលែកមេរៀនជាក់ស្តែងដែលឆ្លងកាត់នៅក្នុងដំណើរការនៃការបង្កើតរបាយការណ៍ពាក់កណ្តាលអាណត្តិស្តីពីការអនុវត្តអនុសាសន៍របស់ UPR នៅវៀត ណាម។ ព័ត៌មាននិងយោបល់ទាំងនេះ នឹងត្រូវបានបូកសរុបនិងពិគ្រោះយោបល់ក្នុងដំណើរការនៃការអភិវឌ្ឍរបាយការណ៍ពាក់កណ្តាលអាណត្តិរបស់វៀតណាមស្តីពីការអនុវត្តវដ្តអនុសាសន៍របស់ UPR វដ្តទី ៣ ដែលបញ្ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ