12/08/2021 14:46 GMT+7 Email Print Like 0

វៀតណាមត្រៀមខ្លួនជាស្រេចរួមចំណែកជំរុញកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការដើម្បីរក្សាសន្តិសុខដែនសមុទ្រ

សន្តិសុខដែនសមុទ្រកំពុងប្រឈមនឹងបញ្ហាជាច្រើន ក្នុងនោះមានជម្លោះដែនដី និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពដែនដី។ ការថែរក្សា ហើយក៏ជាការបង្កើនសន្តិសុខ ដែនសមុទ្រគឺជាផលប្រយោជន៍ ភារកិច្ចបន្ទាន់ និងជាការទទួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិទាំងមូល។ ជម្លោះនៅសមុទ្រ រួមទាំងសមុទ្រខាងកើត គឺចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

នេះក៏ជាសាររបស់ វៀតណាម ដែលត្រូវបានប្រមុខរដ្ឋាភិបាលនាំចេញនៅក្នុងសម័យពិភាក្សាបើកទូលាយជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមប្រព័ន្ធវីដេអូ ក្រោមប្រធាន បទ “ពង្រឹងសន្តិសុខសមុទ្រ៖ វិស័យសហប្រតិបត្តិការអន្តរជាតិ” ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៩ ខែសីហាកន្លងទៅ។

សន្តិសុខដែនសមុទ្រគឺជាបញ្ហាសកល ដូច្នេះចំបាច់ត្រូវមានដំណោះស្រាយជាសកល

អញ្ជើញថ្លែងបទសុន្ទរកថា នៅក្នុងសម័យពិភាក្សានេះ លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានសង្កត់ធ្ងន់ថា សមុទ្រនិងមហាសាគរគឺជាប្រភពធនធានដ៏ធំធេងសម្រាប់មនុស្សជាតិ ជាសរសៃឈាមនៅក្នុងការដោះដូរពាណិជ្ជកម្មអន្តរជាតិ ជាច្រកទ្វារតភ្ជាប់បណ្តាប្រទេស ទ្វីប ហើយមានអត្ថន័យដ៏សំខាន់ចំពោះការអភិវឌ្ឍប្រកបដោយវិបុលភាព របស់បណ្ដាប្រទេសជាតិ និងប្រជាជាតិ។

ទោះយ៉ាងណាក៏ដោយ សមុទ្រ និងមហាសាគរកំពុងប្រឈមនឹងបញ្ហាសន្តិសុខជាច្រើន។ ជាពិសេស សកម្មភាពឯកតោភាគីដែលរំលោភបំពានលើច្បាប់អន្តរជាតិនៅសមុទ្រ ថែមទាំងការគំរាមកំហែងឬប្រើកម្លាំងអាវុធ ដែលប៉ះពាល់ដល់សន្តិភាព មិត្តភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងការដោះដូរពាណិជ្ជកម្មទៀតផង។ ដូច្នេះ ការថែរក្សា និងការបង្កើនសន្តិសុខដែនសមុទ្រគឺជាផលប្រយោជន៍ ភារកិច្ចបន្ទាន់ និងជាការទទួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិទាំងមូល។

 

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh (រូបថត៖ VGP)
 
ទិដ្ឋភាពនៃសម័យពិភាក្សាការងារ (រូបថត៖ VGP) 


ដោយផ្អែកលើមូលដ្ឋានទាំងនេះ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ប្រទេសនិងអង្គការអន្តរជាតិនានាចាំបាច់ត្រូវមានការយល់ដឹងយ៉ាងទូលំទូលាយនិងពេញលេញអំពីសារៈសំខាន់នៃសមុទ្រនិងហានិភ័យដែលគំរាមកំហែងដល់សន្តិសុខដែនសមុទ្រ។ ពីការយល់ដឹងនេះ នឹងប្រែក្លាយទៅជាការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តផ្នែកនយោបាយ ពង្រឹងជំនឿទុកចិត្ត កសាងយន្តការកិច្ចសហប្រតិបត្តិការឱ្យកាន់តែហ្មត់ចត់និងប្រកបដោយប្រសិទ្ធភាពជាងមុន ក្នុងការអភិរក្ស និងការប្រើប្រាស់សមុទ្រប្រកបដោយនិរន្តរភាព ព្រមទាំងធានាបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខដែនសមុទ្រ។ ទន្ទឹមនឹងនេះផ្តល់អាទិភាពដល់ប្រភពធនធាន និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រ និងច្បាប់ជាតិ ដើម្បីសម្រេចគោលដៅនេះ។ ក្រៅពីនេះ សន្តិសុខដែនសមុទ្រគឺជាបញ្ហាសកល ដូច្នេះដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសន្តិសុខដែនសមុទ្រគឺចាំបាច់ត្រូវសហការគ្នាជាសកល។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានលើកសំណើរថា៖ “វៀតណាមបានស្នើឲ្យបង្កើតបណ្តាញយន្តការនិងគំនិតផ្តួចផ្តើមអំពីសន្តិសុខដែនសមុទ្រ ក្នុងតំបន់ដែលត្រូវបានអង្គការសហប្រជាជាតិសម្របសម្រួល ដើម្បីបង្កើនការចែករំលែកព័ត៌មាន បទពិសោធន៍ សម្របសម្រួលសកម្មភាព និងឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមជាសកលឲ្យទាន់ពេលវេលា។ វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទីនេះ ហើយកំពុងចូលរួមយ៉ាងសកម្មទៅក្នុងគំនិតផ្តួចផ្តើម និងយន្តការកិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងក្របខ័ណ្ឌអាស៊ាន និងរវាងអាស៊ាននិងប្រទេសជាដៃគូស្តីពីសន្តិសុខ សមុទ្រនៅដែនសមុទ្រខាងកើត ដោយជួយបង្កើតយន្តការសន្ទនា កសាងជំនឿទុកចិត្ត ក៏ដូចជារួមចំណែកសម្របសម្រួលកិច្ចសហប្រតិបត្តិការស្ដីពីសន្តិសុខដែនសមុទ្រនៅក្នុងតំបន់ផងដែរ”។

វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ ដើម្បីរក្សាសន្តិសុខសមុទ្រ

ក្នុងនាមជាប្រទេសជាប់ឆ្នេរសមុទ្រនោះ វៀតណាមបានយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគុណតម្លៃដ៏ធំធេងរបស់សមុទ្រក៏ដូចជាបញ្ហាប្រឈមចំពោះសន្តិសុខសមុទ្រផងដែរ។ ជាមួយទស្សនៈនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមបានត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាសន្តិសុខសមុទ្រ។ ដោយបានរួមចំណែកជាវិជ្ជមានក្នុងការរក្សាបរិយា កាសសន្តិភាព ជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ និងនៅលើពិភពលោក។

ក្នុងនាមជាសមាជិកនៃសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នោះ វៀតណាមបានចូលរួមយ៉ាងសកម្មទៅក្នុងគំនិតផ្តួចផ្តើមនិងយន្តការកិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងក្របខ័ណ្ឌអាស៊ាននិងរវាងអាស៊ានជាមួយបណ្តាប្រទេសដៃគូស្តីពីសន្តិសុខសមុទ្រនៅដែនសមុទ្រខាងកើត ដោយជួយបង្កើតវេទិកាសន្ទនា កសាងជំនឿទុកចិត្ត ហើយរួមចំណែកសម្របសម្រួល កិច្ចសហប្រតិបត្តិការស្ដីពីសន្តិសុខដែនសមុទ្រក្នុងតំបន់៖ “វៀតណាមប្តេជ្ញាចិត្ត រួមជាមួយអាស៊ាន និងចិន អនុវត្តន៍យ៉ាងហ្មត់ចត់ពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំងធ្វើការចរចាកសាង និងសម្រេចឲ្យបានក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ជាក់ស្ដែងប្រកបដោយប្រសិទ្ធ ភាព និងសមស្របនឹងច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអ.ស.ប ស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២”។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ក៏បានបញ្ជាក់ ថាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ គឺជាមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅដោះស្រាយបញ្ហាប្រឈមរួមរបស់ពិភពលោក ហើយបណ្តាប្រទេសចាំបាច់ត្រូវអនុវត្តឱ្យបានពេញលេញ។ វៀត ណាមតែងតែត្រៀមខ្លួនជាស្រេចរួមចំណែកបន្ថែមទៀតដើម្បីលើកកម្ពស់ការសន្ទនា បង្កើតជំនឿទុកចិត្ត ដើម្បីរួមជាមួយសហគមន៍អន្តរជាតិថែរក្សាសន្តិសុខនៅដែនសមុទ្រ ក៏ដូចជាពង្រីករាល់គុណតម្លៃដ៏ធំធេង ដើម្បីអនាគតប្រកបដោយសន្តិភាព វិបុលភាពរួមរបស់មនុស្សជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ