14/05/2021 14:56 GMT+7 Email Print Like 0

វៀតណាមជានិច្ចកាលគោរពនិងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយធានាសិទ្ធិ សេរីភាពខាងជំនឿសាសនារបស់ប្រជាជន

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang  (រូបថត៖ vov.vn)
 

នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម  អញ្ជើញឆ្លើយតបនឹងសំណួរដែលស្នើឲ្យជ្រាបអំពីការឆ្លើយតបរបស់វៀតណាមចំពោះរបាយការណ៍សេរីភាពសាសនាអន្តរជាតិរបស់សហរដ្ឋអាមេរិក ឆ្នាំ ២០២០ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖

វៀតណាមបានទទួលស្គាល់ថា ថ្វីត្បិតតែរបាយការណ៍សេរីភាពសាសនាអន្ដរជាតិ ឆ្នាំ ២០២០ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការធានានិងលើកកម្ពស់ជីវភាពខាងជំនឿសាសនាក៏ដោយ ប៉ុន្តែ របាយការណ៍នេះ នៅតែនាំចេញការវាយតម្លៃខ្វះភាពសត្យានុម័ត ដោយផ្អែកលើព័ត៌មានមិនត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែងនៅវៀតណាម។

យ៉ាងណាមិញ វៀតណាមជានិច្ចកាលគោរពនិងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយដើម្បីធានាសិទ្ធិសេរីភាពខាងជំនឿសាសនា សិទ្ធិក្នុងការកាន់សាសនាឬមិនកាន់សាសនាណាមួយរបស់ប្រជាជន ហើយតែងតែធានានូវសមភាពនិងមិនរើសអើងចំពោះហេតុផលជំនឿណាមួយឡើយ ពោលគឺ ការពារសកម្មភាពរបស់អង្គការសាសនាដោយច្បាប់។ រាល់ការខំប្រឹងប្រែងនិងសមិទ្ធិផលរបស់វៀតណាមលើការធានាសេរីភាពខាងជំនឿសាសនាសម្រាប់ប្រជាជនរបស់វៀតណាម ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយរួចជាស្រេចមកហើយ។

វៀតណាមត្រៀមខ្លួនជានិច្ចដើម្បីមានការពិភាក្សាដោយស្មោះត្រង់ បើកទូលាយនិងប្រកបដោយការស្ថាបនាជាមួយសហរដ្ឋអាមេរិកលើបញ្ហាដែលខ្វែងគំនិត ដើម្បីបង្កើនការយោគយល់គ្នានិងរួមចំណែកដល់ការអភិវឌ្ឍភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ទាក់ទិនទៅនឹងការឆ្លើយតបរបស់វៀតណាមចំពោះបណ្តឹងរបស់ជនរងគ្រោះ ដោយជាតិគីមីពុល ពណ៌លឿងទុំ/ឌីអុកស៊ីតនិងលោកស្រី Tran To Nga, អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា គួរឲ្យសោកស្តាយចំពោះសាលដីការបស់តុលាការជម្រះក្តីលើបណ្តឹងរបស់លោកស្រី Tran To Nga។

យោងតាមអ្នកនាំពាក្យរូបនេះ វៀតណាមត្រូវទទួលរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរពីសង្គ្រាមដែលរួមមានទាំងផលប៉ះពាល់យូរអង្វែងនិងយ៉ាងធ្ងន់ធ្ងរបណ្តាលពីជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត។ ហេតុដូច្នេះ វៀតណាមគាំទ្រការពិតដែលថា ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតទាមទារឲ្យក្រុមហ៊ុនគីមីអាមេរិកនិងអ្នកផលិតពាណិជ្ជកម្មឌីអុកស៊ីត នៅក្នុងសង្គ្រាមវៀត ណាមត្រូវមានការទទួលខុសត្រូវ។ ហើយវៀតណាមចាត់ទុកថា ក្រុមហ៊ុនទាំងនេះ ត្រូវតែមានការទទួលខុសត្រូវក្នុងការជំនះនូវផលវិបាកពីជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតដែលខ្លួនបណ្តាលឡើងនៅប្រទេសវៀតណាម។

យោងតាមអ្នកនាំពាក្យ លោកស្រី Le Thi Thu Hang ថា ក្នុងរយៈពេលកន្លងមក ស្ថានទូត វៀតណាមប្រចាំនៅបារាំង តែងតែបានរក្សាទំនាក់ទំនង ផ្លាស់ប្តូរមតិនិងលើកទឹកចិត្តដល់លោកស្រី Tran To Nga ជានិច្ច  រួមទាំងត្រៀមខ្លួនផ្តល់ការគាំទ្រសមស្របទៀតផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ