04/11/2021 12:36 GMT+7 Email Print Like 0

វៀតណាមចូលរួមកិច្ចសន្យាកាត់បន្ថយការបំភាយឧស្ម័នមេតាន ទប់ស្កាត់ និងបញ្ច្រាសស្ថានភាពកាប់បំផ្លាញព្រៃឈើនិងការរិចរិលដី

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យកាត់បន្ថយគម្លាតរវាងការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័ននិងគម្លាតក្នុងកម្រិតអភិវឌ្ឍន៍រវាងប្រទេសនានា ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូនដើម្បីសុវត្ថិភាពនៃផែនដី និងភាពរុងរឿង និងសុភមង្គលរបស់មនុស្សជំនាន់ក្រោយ (រូបថត៖ Chinhphu.vn) 


នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ដែលប្រព្រឹត្តទៅនៅទីក្រុង Glasgow ប្រទេសស្កុតឡេន (ចក្រភពអង់គ្លេស) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងព្រឹត្តិការណ៍នេះដោយប្រកាសពីកិច្ចសន្យាក្នុងការកាត់បន្ថយការបំភាយឧស្ម័នមេតាន (metan) សកលដែលដឹកនាំដោយប្រធានា ធិបតីសហរដ្ឋអាមេរិក Joe Biden និងប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von de Leyen។ ពិធីប្រកាសនេះមានការចូលរួមពីថ្នាក់ដឹកនាំប្រទេសឈានមុខ និងអង្គការអន្តរជាតិជាច្រើន។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមដែលបានប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នមេតានជាសកល ដោយសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមនេះគឺជាជម្រើសដ៏ត្រឹមត្រូវដោយផ្អែកលើវិទ្យាសាស្ត្រ និងការអនុវត្តដំណោះស្រាយលឿននិងមានប្រសិទ្ធភាពបំផុត។ លោកនាយករដ្ឋមន្រ្តីបានចង្អុលបង្ហាញពីមូលហេតុធ្វើឲ្យការកើនឡើងនៃសីតុណ្ហភាពផែនដីគឺដោយសារឧស្ម័នមេតានដែលកកើតចេញពីការផលិតនិង ការដោះស្រាយកាកសំណល់សំរាមខ្វះលក្ខណៈវិទ្យាសាស្រ្តនិងមិននិរន្តរភាព ព្រមទាំងលើកឡើងសេចក្តីអំពាវនាវថា៖ “ខ្ញុំសូមអំពាវនាវដល់អ្នករាល់គ្នា គឺត្រូវសាមគ្គីគ្នា ស្រុះចិត្តគំនិតគ្នានិងធ្វើសកម្មភាព ដើម្បីទប់ស្កាត់ និងកាត់បន្ថយការបំភាយឧស្ម័នមេតាន ដែលកំពុងគំរាមកំហែងដល់អាយុជីវិតរបស់យើង។ នេះជាបញ្ហាសកល ដូច្នេះ ត្រូវមានវិធីសាស្ត្រអភិក្រមជាសកល។ វាប៉ះពាល់ដល់មនុស្សគ្រប់គ្នា យើងត្រូវតែមានវិធីសាស្រ្តអភិក្រមដែលផ្តោតលើប្រជាជនទាំងមូល ដោយផ្តោតលើប្រជាជនដែលជាម្ចាស់កម្មវត្ថុ ជាគោលដៅ និងជាការលើកទឹកចិត្តដើម្បីកាត់បន្ថយការបំភាយឧស្ម័នមេតាន”។

លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រទេសអភិវឌ្ឍន៍ ប្រទេសអ្នកមាន ជាពិសេសសហរដ្ឋ អាមេរិកនិងសហភាពអឺរ៉ុប (EU) ចែករំលែក ជួយឧបត្ថម្ភនិងគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសក្រីក្រក្នុងការបណ្តុះបណ្តាលនិងនវានុវត្តន៍ ដូចជា បច្ចេកវិទ្យា ហិរញ្ញវត្ថុ ការកសាងស្ថាប័ន និងវិទ្យាសាស្ត្រអភិបាលកិច្ចជាដើម។ ដោយហេតុនេះជួយប្រទេសនានាចូលរួមក្នុងដំណើរការកាត់បន្ថយការបំភាយឧស្ម័នមេតានប្រកប ដោយសុវត្ថិភាព និងប្រសិទ្ធភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ