06/09/2021 12:43 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តីបើកកិច្ចប្រជុំតាមអនឡាញជាមួយឃុំនិងសង្កាត់ជាង ៩.០០០ ទូទាំងប្រទេស ដើម្បីពិនិត្យឡើងវិញការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាត

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងជំងឺកូវីដ -១៩ បានដឹកនាំកិច្ចប្រជុំតាមអនឡាញជាមួយមូលដ្ឋាននានាទូទាំងប្រទេស ស្តីពីការងារបង្ការនិងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ (រូបថត៖ VOV)


នៅរសៀលថ្ងៃទី ៥ ខែកញ្ញា នាយករដ្ឋមន្រ្តីលោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការងារបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ បានដឹកនាំកិច្ចប្រជុំតាមអនឡាញរបស់គណៈកម្មាធិការដឹកនាំជាមួយបណ្តាតំបន់ទូទាំងប្រទេស ។

កិច្ចប្រជុំនេះត្រូវបានតភ្ជាប់ជាមួយខេត្ត ក្រុង ទាំង ៦៣, ខ័ណ្ឌ ស្រុក ទីរួមស្រុក ចំនួន ៧០៥ និងឃុំ សង្កាត់ ទីរួមខេត្តទូទាំងប្រទេស ជាង ៩០០០ ដើម្បីវាយតម្លៃស្ថានភាពនិងការអនុវត្តដំណោះស្រាយសំខាន់ៗ សម្រាប់ការពារនិងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនាពេលខាងមុខ។ ថ្វីត្បិតតែកិច្ចប្រជុំបានពិភាក្សាអំពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ប៉ុន្តែផ្តោតលើឃុំ សង្កាត់ និងទីរួមស្រុក  ពីព្រោះថា ថ្មីៗនេះ ប្រទេសវៀតណាមបានផ្លាស់ប្តូរទិសដៅរបស់ខ្លួនឆ្ពោះទៅរកការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតក្រោមបាវចនាដែលថា ឃុំ សង្កាត់និងទីរួមស្រុកនីមួយៗជា “បន្ទាយ” ហើយប្រជាពលរដ្ឋម្នាក់ៗ ជា “យុទ្ធជន”។ លោកនាយករដ្ឋមន្ត្រីបានរំលឹកឡើងវិញនូវទស្សនៈដែលថា ប្រជាជនជាស្នូល ហើយការយកឈ្នះលើជំងឺរាតត្បាតគឺជាជ័យជម្នះរបស់ប្រជាជន។

អញ្ជើញរាយការណ៍នៅឯកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានឲ្យដឹងថា ផ្អែកលើលក្ខណៈវិនិច្ឆ័យនៃការត្រួតពិនិត្យជំងឺរាតត្បាត បើប្រៀបធៀបទៅនឹងកិច្ចប្រជុំនៅថ្ងៃទី ២៩ ខែសីហា តំបន់ពីរបន្ថែមទៀត (គឺ Binh Phuoc និង Phu Yen) ត្រូវបានដាក់បញ្ចូលបន្ថែមក្នុងចំណោមតំបន់កំពុងគ្រប់គ្រងការរីករាលដាលបានល្អ។

នៅក្នុងទីក្រុងហូជីមិញ មានតែខ័ណ្ឌ ៧ និងស្រុក Cu Chi ប៉ុណ្ណោះដែលបានគ្រប់គ្រងល្អជំងឺរាតត្បាត ដោយប្រែក្លាយទៅជាតំបន់បៃតងវិញ។  នៅតាមបណ្តាខេត្តមួយចំនួននៅភាគខាងត្បូង ស្ថានភាពនៃការរីករាលដាលក៏ត្រូវបានគ្រប់គ្រងបន្តិចម្តងៗ ដែរ។ លទ្ធផលនេះបង្ហាញថា ការបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺរាតត្បាតកំពុងដំណើរការក្នុងទិសដៅត្រឹមត្រូវ ស្របតាមស្ថានភាពនិងលក្ខណៈជាក់ស្តែងរបស់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ