31/05/2021 09:31 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បំពេញទស្សនកិច្ចការងារនៅខេត្ត Bac Giang និង Bac Ninh -ជាខេត្តពីរកំពុងរងផលប៉ះពាល់ខ្លាំងបំផុតដោយសារជំងឺកូវីដ ១៩

នារសៀលថ្ងៃទី ២៩ ឧសភា នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញធ្វើទស្សនកិច្ចនិងជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Bac Giang និងខេត្ត Bac Ninh ដែលបច្ចុប្បន្ននេះ ខេត្តទាំងពីរកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩។

លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Bac Giang នារសៀលថ្ងៃទី ២៩ ឧសភា (រូបថត៖ VGP)


នៅខេត្ត Bac Giang សមាជិករដ្ឋាភិបាលនិងបណ្តារដ្ឋមន្រ្តី បានឆ្លើយតបនឹងសំណើរបស់ថ្នាក់ដឹកនាំខេត្ត ក្នុងការបញ្ចូនកម្លាំងបង្ការទប់ស្កាត់ជំងឺរាតត្បាត ការចាក់វ៉ាក់សាំងការពារកូវីដ ១៩ និងការអនុវត្តបច្ចេកវិទ្យាក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត ជាពិសេសជួយខេត្តដោះស្រាយបញ្ហាលំបាកក្នុងការនាំចេញផ្លែគូលេននិងលើកកម្ពស់ការប្រើប្រាស់ក្នុងស្រុក។ នៅទីនេះ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានឯកភាពប្រើប្រាស់មូលនិធិគាំពារកុមារ ដើម្បីថែទាំងដល់កុមារកំពុងធ្វើ ចត្តាឡីស័កជាង ៤.៨០០ នាក់។ អង្គភាពទ័ពទី ២ ក៏បានយល់ព្រមទទួលយកកម្មករចំនួន ២.៣០០ នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងតំពន់ឧស្សាហកម្ម Van Trung តាមសំណើរបស់ខេត្ត។

អញ្ជើញថ្លែងបូកសរុបជំនួបធ្វើការ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ថា ដើម្បីទទួលបានជោគជ័យក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត ចាំបាច់ត្រូវប្រមូលនូវការចូលរួមរបស់ប្រព័ន្ធនយោបាយមូលដ្ឋាន។ លោកនាយករដ្ឋមន្រ្តីក៏បានឯកភាពលើការអនុវត្តន៍បច្ចេកវិទ្យានិងកសាងមូលដ្ឋានទិន្នន័យ ដើម្បីជួយបង្កើនលទ្ធភាពតាមដាននិងការគ្រប់គ្រងក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានកោតសរសើរខេត្ត Bac Ninh ដែលធ្វើបានល្អក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត រក្សាផលិតកម្មនិងអាជីវកម្ម និងស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន (រូបថត៖ VGP)


នារសៀលថ្ងៃទី ២៩ ឧសភានេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញមកកាន់ខេត្ត Bac Ninh ដើម្បីចែករំលែកនិងលើកទឹកចិត្តដល់កម្មាភិបាលនិងប្រជាជន ដែលបានខិតខំប្រឹងប្រែងក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះខេត្ត Bac Ninh ដែលមានភាពច្នៃប្រឌិត បានដាក់ចេញនូវដំណោះស្រាយសមស្រប ទប់ស្កាត់ការឆ្លងរាលដាលប្រកបដោយប្រសិទ្ធភាពនិងស្ថិរភាពជីវភាពរស់នៅនិងផលិតកម្មជាបន្តបន្ទាប់។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យខេត្ត Bac Ninh បន្តអនុវត្តន៍វិធានការណ៍នានា ក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតនេះឱ្យកាន់តែទូលំទូលាយ ដោយសិក្សាពីវិធានការរក្សាគម្លាតសង្គមឲ្យទូលំទូលាយជាងតាមតំបន់ឧស្សាហកម្មនិងតំបន់ជាប់នឹងខេត្ត Bac Giang។ ទន្ទឹមជាមួយគ្នានោះ ពន្លឿនការធ្វើតេស្តិ៍សម្រាប់កម្មករនៅតាមតំបន់ឧស្សាហកម្មនិងតំបន់ដែលមានហានិភ័យខ្ពស់ ហើយជាងនេះទៅទៀត លើកកម្ពស់តួនាទីរបស់ប្រព័ន្ធនយោបាយនៅថ្នាក់មូលដ្ឋានក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនៅនឹងកន្លែង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ