09/08/2019 00:01 GMT+7 Email Print Like 0

រូបសំណាកព្រះយេស៊ូធំបំផុតទ្វីបអាស៊ីនៅខេត្តវូងតាវ (Vung Tau)

ជាមួយនឹង​កម្ពស់​​ ៣២​ម៉ែត្រ​ រង្វាស់​ដៃទាំងសងខាង​ទូលាយ​ ​១៨.៤ម៉ែត្រ​ រូបសំណាក​ព្រះយេស៊ូ​​បាន​បង្កើត​ឯតទគ្គកម្ម​ជា​ “រូបសំណាក​ព្រះយេស៊ូ​​ធំបំផុត​ទ្វីប​អាស៊ី”។ នេះ​ជា​ទីកន្លែង​ទស្សនា​មិនអាច​រំលងបាន​​នៅ​ទីក្រុង​វូង​តាវ (Vung Tau)​​​។​ ភៀវទេសចរ​អាច​គយ​គន់​រូបសំណាក​ព្រះយេស៊ូ​គ្រប់ទិស​ទីពី​ទី​ក្រុ​ង​។ ប៉ុន្តែ​​អស្ចារ្យ​បំផុត​ គឺ​ឡើងទៅកាន់​កំពូល​ភ្នំ​តូច មកដល់​ជើង​​រូបសំណាក​ រួច​ធ្វើដំណើរ​​​តាម​ជណ្តើរ​ខាងក្នុង​ទៅកាន់​ប៉ុស្តិ៍​សង្កេត​ការណ៍​ ​នៅលើ​​ស្មាទាំង​សងខាង​នៃ​រូបសំណាក​​ ដើម្បី​គយ​គន់​​ទេសភាព​ទីក្រុង​ និង ឆ្នេរ​សមុទ្រ​ជុំវិញ​។​

 រូបសំណាក​ព្រះយេស៊ូ ​បានចាប់​ផ្តើម​កសាង​​ពី​ដើម​​ឆ្នាំ​១៩៧២ ប៉ុន្តែ​ដោយ​សារ​​ឥទ្ធិពល​​នៃ​កក្តាខាងក្រៅ​មួយ​ចំនួន ទើប​សំណង់​បាន​​បង្អាក់​ ហើយ​បង្វែ​ទីតាំង​​កសាង​ រហូតដល់​ឆ្នាំ​១៩៩៤ ទើប​បាន​សម្ពោធ​​ឆ្លង​ជា​ផ្លូវការ​។​

ស្ថិត​នៅ​លើកំពូល​ភ្នំ​តូច​ នៅ​កម្ពស់​ ១៦៧​ម៉ែត្រ ​បើប្រៀប​នឹ​ងកម្រិត​ទឹក​សមុទ្រ​ ដំបូងឡើយ​​រូបសំណាកព្រះយេស៊ូ​មាន​រចនា​ខុសប្លែក ​បើ​ប្រៀប​នឹង​រូប​សំណាក​សព្វថ្ងៃ​ ប៉ុន្តែ​ដោយសារ​​សំណង់​បាន​កសាង​​នៅ​ទីតាំង​ផ្សេង​ខ្ពស់ជាង​ អាកាស​ធាតុ​​ស្មុគ​ស្មាញ​ ទាមទារ​​ត្រូវ​មាន​ប្លង់រចនាមួយ​ មាន​រចនាសម្ពន្ធ​ និង ទម្រង់​រឹង​មាំ​ ម្លោះ​ហើយ​រូបសំណាក​បាន​កែប្រែ​​ក្លាយជា​មាន​រចនា​ដូច​សព្វថ្ងៃ​។​

 


 រូបសំណាក​ព្រះយេស៊ូ​ដូចជា​ប៉ុស្តិ៍​​ឆ្មាំ​មួយ​ ភ្ញៀវទេសចរអាច​សំឡឹង​ឃើញ​នូវ​ទេសភាព​ទីក្រុង​វូងតាវ​ (Vung Tau)​ ទាំង​ស្រុង​​។ រូបថត៖ កុង​ដាត​


 សំឡឹង​មើល​ពី​ប៉ុស្តិ៍​សង្កេតការណ៍​នៅ​លើ​ស្មាទាំង​សងខាង​នៃ​​រូបសំណាក​ព្រះ​យេស៊ូ​ សំឡឹងឆ្ងាយៗ​ទៅខាង​ស្តាំ​គឺ​ជ្រោយ​​ង៉ិន​ហ្វុង​ (Nghinh Phong) ខាង​ឆ្វេង​គឺ​កោះ​ហន​​បា (Hon Ba)។ រូបថត៖ កុង​ដាត​


 រូបសំណាក​ព្រះយេស៊ូបែរ​មុខ​ឆ្ពោះ​ទៅ​កាន់​​សមុទ្រ​​វូងតាវ​ (Vung Tau)​។ រូបថត៖ កុង​ដា​ត


 ខាង​ក្នុង​រូបសំណាក ​គឺជណ្តើរ​គូថខ្យង​រួមមាន​១៣៣​កាំ​ ចាប់តាំងពី​ជើង​រហូត​​ដល់​ស្មា​រូបសំណាក។ រូបថត៖ កុង​ដាត​


 ក្រោម​ជើង​​រូបសំណាក​មានកេរដំណែល​ “កាំភ្លើង​ធំបុរាណ” លើ​ភ្នំ​តូច​ ជា​សំណង់​​យោធា​​ដែល​ចក្រភព​បារាំង ​​កសាង​នៅ​ចុង​សតវត្សរ៍​ទី​១៩ ដើម​សតវត្សរ៍​ទី​២០។ រូបថត៖ ថុង​ហាយ

 

 ផ្លូវធ្វើ​ដំណើរ​ទៅ​កាន់​រូបសំណាក​ព្រះយេស៊ូ​ មានភាព​​ងាយស្រួល​ណាស់​​ ភ្ញៀវទេសចរ​​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ឆ្នេរ​ខាងក្រោយ​ ដើរ​បណ្តោយ​តាម​ផ្លូវ ​ធ្វី​វឹន (Thuy Van) ទៅកាន់​ជ្រោយ​​​ង៉ិន​ហ្វុង​ (Nghinh Phong) ឬដើរ​តាម​ផ្លូវ ​ហាឡុង (Ha Long) ពី​ឆ្នេរ​ខាងមុខ​​ទៅកាន់ជ្រោយ​​​ង៉ិនហ្វុង​ (Nghinh Phong)  (រូបសំណាក​ស្ថិត​នៅជិត​​ជ្រោយ​​ង៉ិន​ហ្វុង - ​Nghinh Phong) ខាងក្រោម​​ជើងរូបសំណាក​​ព្រះយេស៊ូ​មាន​​ចំណត់​រថយន្ត​សម្រាប់​ឡាន ​និង ទោចក្រ​យាន​យន្ត​​​ធំ​ទូលាយ​។ ចង់ធ្វើ​ដំណើរ​ទៅកាន់​​​រូបសំណាក​ព្រះយេស៊ូ​ ភ្ញៀវទេសចរ​ផ្ញើ​ឡាន​នៅខាងក្រោ​មជើង​ភ្នំ​រួច​ដើរ​តាម​​​ជណ្តើរថ្ម​​ជិត​១.០០០កាំ​ ​សងខាង​គឺរុក្ខជាតិ​ស្រស់​បំព្រង​សាយភាយ​​ក្លិនក្រអូប​​ផ្កា​ចំប៉ី​។ តាម​ផ្លូវ​ឡើង​ទៅកាន់​​ភ្នំ​​មាន​កន្លែង​សម្រាក​ត្រជាក់ជាច្រើន​អាច​គយគន់​ចំណែក​មួយ​នៃលំហ​​សមុទ្រ​ដ៏ធំធេង​។​

រូបសំណាក​ព្រះយេស៊ូ​មានកម្ពស់​​៣២​ម៉ែត្រ​ តម្កល់​​លើ​ផែន​ថ្ម​ ​មាន​រូបចម្លាក់​សាវក​ទាំង​១២​រូប​ ប្រវែង​ដៃទាំងសង​ខាង​ ​គឺ​១៨,៤​ម៉ែត្រ​។ ខាងក្នុង​រូបសំណាក​ ​គឺ​ជណ្តើរ​គូថ​​ខ្យង​​​មាន​១៣៣​កាំ​ បណ្តោយ​ពី​ក្រោម​រហូតទៅដល់​ករ​រូបសំណាក​ ខាង​ក្នុង​រូបសំណាក​អាច​ផ្ទុក​បាន​ភ្ញៀវទេសចរចំនួន​​១០០​នាក់​ មក​ទស្សនា​ជួន​ពេលតែ​មួយ​​។​ សម្ភារ​សម្រាប់​កសាង​រូបសំណាក ​ស្ទើរទាំង​អស់​បាន​យក​មកពី​ទឹក​ដូចជា៖ ខ្សាច់ ថ្មគ្រួស​ យកមកពី​ព្រែក​ដុងណាយ (Dong Nai) ថ្ម​ម៉ាប​​ យកមកពី​កោះ ​ណន​ណឿក (Non Nước) ​ក្រុង​ដាណាំង​។ ដោយសារ​កសាង​នៅ​លើទីតាំង​ខ្ពស់​ ទើប​ការ​ដឹក​ជញ្ជូន​សម្ភាររាប់ពាន់តោន​ឡើងទៅលើ​ភ្នំ​ជួប​លំបាក បូក​បន្ថែម​ការងារ​​ជីក​គ្រឹះ​ក៏លំបាក​ក្រៃលែង​ដែរ ពីព្រោះខាង​លើ​កំពូល​ភ្នំ​មានប្រព័ន្ធ​ផ្លូវរូង​​ក្រោម​ដី​​បេតង់ បានកសាង​យ៉ាង​រឹងមាំ​នា​កាល​សម័យ​បារាំង​កាន់​កាប់​។​

ថ្ងៃទី​១៨ ខែ​មករា​ ឆ្នាំ​១៩៩៣ រូបសំណាក​ព្រះយេស៊ូ​បាន​ទទួលស្គាល់​ជា​បេតិកភណ្ឌ​ប្រវត្តិសាស្រ្ត​ វប្បធម៌​ថ្នាក់ជាតិ​។ ជាមួយ​នឹង​ប្លង់​រចនា​ពិសេ​ស​ និង ទ្រង់ទ្រាយ​ធំអស្ចារ្យ​​​ ថ្ងៃទី​១៥ ខែ​ឧសភា​ ឆ្នាំ​២០០៦​ មជ្ឈមណ្ឌល​​បញ្ជីឯតទគ្គកម្ម​វៀតណាម​ និង ក្រុមហ៊ុន​វប្បធម៌​​ដឹម​សែន​ (Dam Sen) ​បាន​ប្រទាន​​ជួន​រូបសំណាក​នេះ នូវ​​ឯតទគ្គកម្ម​ជា​ “​រូបសំណាក​ព្រះយេស៊ូ​ធំបំផុត​វៀតណាម​”។ ថ្ងៃទី​៩ ខែ​មករា​ ឆ្នាំ​២០១២ មជ្ឈមណ្ឌល​បញ្ជី​ឯតទគ្គកម្ម​វៀតណាម​ (VietKings) បាន​​ប្រកាស​ជាផ្លូវការ​នូវ​ព្រឹត្តិការណ៍​ទាំង​១០ នៃ​ឯតទគ្គកម្ម​ឆ្នាំ​២០១២ ក្នុង​នោះ​ “រូ​បសំណាក​ព្រះយេស៊ូ​ (វូង​តាវ - Vung Tau​​)” បាន​ទទួល​ស្គាល់ជា​ “រូបសំណាក​ព្រះយេស៊ូ​ធំបំផុ​ត”​។​

 


ចង់​ធ្វើ​ដំណើរទៅកាន់​រូបសំណាក​ព្រះយេស៊ូ​ ភ្ញៀវទេសចរ​​ត្រូវ​ឆ្លងកាត់​កាំ​ជណ្តើរ​ថ្ម​រាប់​រយ​កាំ​។​ រូបថត៖ ថុង​ហាយ​


 ផ្លូវទៅកាន់​រូបសំណាក​ព្រះយេស៊ូ​ដូចជា​ការ​សាកល្បង​មួយ​ សម្រាប់​នរណាចង់យក​ជំនះ​។ រូបថត៖ ថុងហាយ​


 ភ្ញៀវ​ទេសចរ ចូល​ចិត្ត​នឹងទេសភាព​​ក្រោម​ជើង​រូបសំណាក។ រូបថត៖ ថុង​ហាយ



 ភ្ញៀវទេសចរថត​រូប​ សម្រាកកាយ​​ និង គយ​គន់​ទេស​ភាព​​​ក្រោម​ជើង​រូបសំណាក។ រូបថត៖ ថុង​ហាយ​


 កាំជណ្តើរ​ថ្ម​​នាំ​ឡើង​​​កាន់​​ជើង​រូបសំណាក​ព្រះយេស៊ូ ឆ្ងាយ​ៗជាជ្រោយ​​ ង៉ិន​ហ្វុង​ (Nghinh Phong) ទីកន្លែង​ទេសចរណ៍​ល្បី​ឈ្មោះ​មួយ​ របស់​ទីក្រុង​​​វូង​តាវ (Vung Tau)​។ រូបថត៖ ថុងហាយ​


 ទេសភាព​មនោរម្យ​នៃទីក្រុង​ សមុទ្រ​វូ​ងតាវ​ សំឡឹង​ពី​ស្មា​រូបសំណាក​ព្រះយេស៊ូ​។ រូបថត៖ កុង​ដាត​


 ទេសភាព​​ឆើត​ឆាយស្រស់ត្រកាល​​ នៃ​ទីក្រុង​សមុទ្រ​វូងតាវ (Vung Tau)​​​។ រូបថត៖ ថុង​ហាយ​

 

 បើ​លើកដំបូង​ មិត្តធ្វើ​ដំណើរមកទី​នេះ​ ប្រាកដ​​ជា​ផ្ញាក់​ផ្អើល​ ពេល​គយ​គន់​រូបសំណាក​ព្រះយេស៊ូ​ខ្ពស់ធំមួយ​ ឈរសន្ធឹងព្រមជាមួយ​​​​ទឹក​មុខពេញទៅ​ដោយ​ភាព​​មេត្តា ​កំពុង​បើក​រង្វង់ដៃ​​ឆ្ពោះទៅទិស​សមុទ្រ​។ ខាង​ក្នុង​មាន​ជណ្តើរ​​គូថ​​ខ្យង​នាំ​ភ្ញៀវទេសចរ​ឡើងទៅកាន់​​ទីតាំង​ករនៃ​រូបសំណាក​​ ហើយ​ធ្វើ​ដំណើរ​​​ចេញទៅ​ដៃទាំង​ពីរសងខាង​នៃ​រូបសំណាក​។ ​ភ្ញៀវទេសចរ​អញ្ជើញ​មកទីនេះ​ សុទ្ធតែ​ចែក​រំលែកនូវ​​ចំណាប់​អារម្មណ៍​ពិសេស​ ពេល​គយ​គន់ទេសភាព​ទាំងស្រុង​​នៃ​ទីក្រុង​សមុទ្រ​​វូងតាវ​ (Vung Tau)​ ពី​ខាងក្នុងនៃ​​ដៃទាំង​ពីរ​របស់​រូបសំណាក​។ ភ្ញៀវទេសចរ​​នឹង​សំឡឹង​ឃើញ​​នឹង​កែវ​ភ្នែក​ នូវ​ទេសភាព​ទាំង​ស្រុង​នៃ​ទីក្រុង​វូងតាវ ​(Vung Tau)​​ ជាមួយនឹង​ឆ្នេរ​សមុទ្រ​វែង​រាប​ស្មើ​ ផ្លូវ​ថ្នល់ ទីប្រជុំ​ជន​ហាក់​ដូច​បំប្រួញ​​តូច​មក​ ឬ​សំឡឹង​មើលទៅ​សមុទ្រដ៏​​ធំធេង​ ក្រេប​​យក​ខ្យល់​អាកាស​ ឬ​រក្សា​ទុក​ដោយ​រូបភាព​ពិសេស​​។

រូបសំណាក​​ព្រះ​យេស៊ូ ​បើក​ទ្វារ​ទទួល​ភ្ញៀវទេសចរ ​ចាប់ពី​ម៉ោង​៧​ព្រឹក រហូតដល់​ម៉ោង​៥​រសៀល​ ឥត​គិត​ថ្លៃ​។ ពេល​ធ្វើ​ដំណើរ​ទៅ​ទស្សនា ​ភ្ញៀវទេសចរ​ត្រូវ​​ជ្រើស​​សម្លៀកបំពាក់​​សមរម្យ​ គប្បី​ជ្រើស​យក​ស្បែក​ជើង​​សមស្រប់ ​អាច​ធ្វើ​ដំណើរ​​ស្រួល​ ដើម្បីធ្វើដំណើរ​កាំ​ជណ្តើរ​ថ្ម៕​

 

អនុវត្តន៍៖ កុង​ដាត ​ថុង​ហាយ​
 

បណ្តាអត្ថបទបានផ្សាយ