ទូកកន្ត្រក៖ ពីឧបករណ៍នេសាទចិញ្ចឹមជីវិត ក្លាយជានិមិត្តសញ្ញាទេសចរណ៍
មិនត្រឹមតែជាមធ្យោបាយចិញ្ចឹមជីវិតធ្លាប់ផ្សារភ្ជាប់ជាមួយអ្នកនេសាទជាច្រើនជំនាន់ប៉ុណ្ណោះទេ ពេលនេះទូកកន្ត្រកកំពុងឈានទៅក្លាយជាផលិតផលទេសចរណ៍ដ៏ពិសេសមួយ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងខ្លាំង។
ទូកកន្ត្រកកើតចេញពីការច្នៃប្រតិដ្ឋ ដើម្បីសម្របខ្លួននឹងភូមិសាស្រ្តលំបាក។ ជាមួយនឹងការរចនារាងមូល គ្មានឆ្អឹងកងបាត ទូកល្អីអាចបង្វិលបានយ៉ាងបត់បែន ក្នុងទីចង្អៀត ថ្មប៉ប្រះទឹកតាមឆ្នេរសមុទ្រដ៏ស្មុគស្មាញ ឬតំបន់សមុទ្ររលក នៅជិតច្រាំងដែលទូកធំៗពិបាកចូលទៅដល់។
ជាធម្មតា ទូកកន្ត្រកបានត្បាញដោយឫស្សី លាបជ័រដូង ឬជ័រឈើទាជាច្រើនជាន់នៅខាងក្រៅ ដើម្បីការពារកុំឱ្យជ្រាបទឹក។ នៅតំបន់ឆ្នេរជាច្រើន ដែលគ្មានកំពង់ផែទឹកជ្រៅ ទូកល្អីដើរតួជា "ស្ពាន" សម្រាប់ដឹកជញ្ជូនអ្នកនេសាទ និងគ្រឿងសមុទ្រពីទូកនេសាទធំៗ ដែលបោះយុថ្កានៅឆ្ងាយ ពេលចូលចតនៅច្រាំង។ ទូកកន្ត្រកក៏បានប្រើប្រាស់ សម្រាប់ដាក់សំណាញ់ ស្ទូចមឹក និងនេសាទបង្កងត្រីនៅជិតច្រាំង ដើម្បីធានាបានជីវភាពរស់នៅប្រចាំថ្ងៃ សម្រាប់គ្រួសារនេសាទកររាប់ពាន់គ្រួសារ។
នៅតាមតំបន់ល្បីៗដូចជា ហូយអាន (ព្រៃដូងបីម៉ូវ (Bay Mau) - ដាណាំង) (អែវយ៉ (Eo Gio) - ខេត្តយ៉ាឡាយ) ញ៉ាត្រាង (Nha Trang) ឬ ភូក្វឹក (Phu Quoc) សេវាកម្មអុំទូកកន្ត្រក បានក្លាយជាពាណិជ្ជសញ្ញា ដែលមិនអាចរំលងបាន។ សកម្មភាពអង្គុយលើទូកល្អីរសាត់កាត់ព្រៃចាក ចូលរួមការសម្តែង "កាត់រលក" និងបង្វិលទូក អមដោយតន្ត្រីរស់រវើក នាំមកនូវបទពិសោធន៍ដ៏រំភើបរីករាយជូនភ្ញៀវទេសចរ។
ទេសចរណ៍ទូកកន្ត្រក ជួយអ្នកនេសាទផ្លាស់ប្តូរ ឬរួមជាមួយសេវាកម្ម ដែលនាំមកនូវប្រភពចំណូលខ្ពស់ និងមានស្ថិរភាពជាង ការដែលគ្រាន់តែសម្រាប់នេសាទតាមបែបប្រពៃណី។ រូបភាព និងវីដេអូ អំពីទូកកន្ត្រករាងមូលពិសេសរបស់វៀតណាម បន្ត "ផ្ទុះចំណាប់អារម្មណ៍" នៅលើបណ្តាញសង្គមអន្តរជាតិ រួមចំណែកនាំយកវប្បធម៌ក្នុងស្រុក ឱ្យកាន់តែខិតជិតមិត្តភក្តិជុំវិញពិភពលោក។
ទូកកន្ត្រកតាមឆ្នេរសមុទ្រវៀតណាម គឺជាសក្ខីភាពដ៏រស់រវើក នៃការច្នៃប្រតិដ្ឋ និងស្មារតីសម្របខ្លួនដ៏អស្ចារ្យរបស់ប្រជាជនវៀតណាមចំពោះសមុទ្រធំល្វឹងល្វើយ។ ពីឧបករណ៍ចិញ្ចឹមជីវិតដ៏សាមញ្ញ ពេលនេះទូកកន្ត្រក បានក្លាយជាស្ពានវប្បធម៌ ដែលធ្វើឱ្យទេសចរណ៍សមុទ្រវៀតណាមភ្លឺស្វាងនៅលើផែនទីពិភពលោក ព្រមទាំងរក្សាបានព្រលឹង នៃភូមិរបរនេសាទពីអតីតកាលផង បើកចេញទំព័រអនាគត នៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពផង៕
- អត្ថបទ៖ ថុងថៀន- រូបថត៖ VNP
- ប្រែសម្រួល៖ រីកើង






