តាមបណ្តោយដែនដីរាងអក្សរ S ពីភូមិរបរនេសាទនៅភាគកណ្តាលពោរពេញដោយពន្លឺថ្ងៃនិងខ្យល់ រហូតដល់តំបន់ព្រែកទន្លេនៅភាគនិរតី រូបភាពទូកកន្ត្រកបានក្លាយជានិមិត្តសញ្ញាវប្បធម៌មួយ។
មិនត្រឹមតែជាមធ្យោបាយចិញ្ចឹមជីវិតធ្លាប់ផ្សារភ្ជាប់ជាមួយអ្នកនេសាទជាច្រើនជំនាន់ប៉ុណ្ណោះទេ ពេលនេះទូកកន្ត្រកកំពុងឈានទៅក្លាយជាផលិតផលទេសចរណ៍ដ៏ពិសេសមួយ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងខ្លាំង។អ្នកនេសាទ វុងតាវ មួលស្រាយសំណាញ់ ក្រោយពេលចេញនេសាទ ដោយទូកកន្ត្រក។ រូបថត៖ ដាំង គីមផឿង/VNP
អ្នកនេសាទ ខាញ់ហ្វា ដឹកទូកកន្ត្រក ចេញទៅស្ទូចមឹក។ រូបថត៖ ហូវថាញ់/VNP
ភ្ញៀវទេសចរពិសោធន៍ស្ទូចត្រី លើទូកកន្ត្រកនៅកោះ ប៊ែ តំបន់ពិសេស លីសឺន (ខេត្ត ក្វាងងាយ)។ រូបថត៖ ថុងថៀន/VNP
ទូកកន្ត្រកកើតចេញពីការច្នៃប្រតិដ្ឋ ដើម្បីសម្របខ្លួននឹងភូមិសាស្រ្តលំបាក។ ជាមួយនឹងការរចនារាងមូល គ្មានឆ្អឹងកងបាត ទូកល្អីអាចបង្វិលបានយ៉ាងបត់បែន ក្នុងទីចង្អៀត ថ្មប៉ប្រះទឹកតាមឆ្នេរសមុទ្រដ៏ស្មុគស្មាញ ឬតំបន់សមុទ្ររលក នៅជិតច្រាំងដែលទូកធំៗពិបាកចូលទៅដល់។
ជាធម្មតា ទូកកន្ត្រកបានត្បាញដោយឫស្សី លាបជ័រដូង ឬជ័រឈើទាជាច្រើនជាន់នៅខាងក្រៅ ដើម្បីការពារកុំឱ្យជ្រាបទឹក។ នៅតំបន់ឆ្នេរជាច្រើន ដែលគ្មានកំពង់ផែទឹកជ្រៅ ទូកល្អីដើរតួជា "ស្ពាន" សម្រាប់ដឹកជញ្ជូនអ្នកនេសាទ និងគ្រឿងសមុទ្រពីទូកនេសាទធំៗ ដែលបោះយុថ្កានៅឆ្ងាយ ពេលចូលចតនៅច្រាំង។ ទូកកន្ត្រកក៏បានប្រើប្រាស់ សម្រាប់ដាក់សំណាញ់ ស្ទូចមឹក និងនេសាទបង្កងត្រីនៅជិតច្រាំង ដើម្បីធានាបានជីវភាពរស់នៅប្រចាំថ្ងៃ សម្រាប់គ្រួសារនេសាទកររាប់ពាន់គ្រួសារ។
អ្នកគាំទ្រនៅលើទូកកន្ត្រកក្នុងការប្រកួតប្រណាំងទូកសត្វទេពទាំងបួន នៅតំបន់ពិសេស លីសឺន (ខេត្ត ក្វាងង៉ាយ)។ រូបថត៖ កុងដាត/VNP
នៅតាមតំបន់ល្បីៗដូចជា ហូយអាន (ព្រៃដូងបីម៉ូវ (Bay Mau) - ដាណាំង) (អែវយ៉ (Eo Gio) - ខេត្តយ៉ាឡាយ) ញ៉ាត្រាង (Nha Trang) ឬ ភូក្វឹក (Phu Quoc) សេវាកម្មអុំទូកកន្ត្រក បានក្លាយជាពាណិជ្ជសញ្ញា ដែលមិនអាចរំលងបាន។ សកម្មភាពអង្គុយលើទូកល្អីរសាត់កាត់ព្រៃចាក ចូលរួមការសម្តែង "កាត់រលក" និងបង្វិលទូក អមដោយតន្ត្រីរស់រវើក នាំមកនូវបទពិសោធន៍ដ៏រំភើបរីករាយជូនភ្ញៀវទេសចរ។
ការសម្តែងបង្វិលទូកកន្ត្រកនៅព្រៃដូង បីម៉ៅ (ដាណាំង) គឺជាការសម្តែងជំនាញដ៏ប្លែក និងរំភើបចិត្ត នៃ "សិល្បករ" អុំទូកល្អីក្នុងស្រុក បម្រើភ្ញៀវទេសចរ។ រូបថត៖ ថាញ់ហ្វា/VNP
ពីមធ្យោបាយចិញ្ចឹមជីវិតដ៏ស្និទ្ធស្នាលនៃប្រជាជននៅតំបន់ឆ្នេរ ទូកកន្ត្រកបានក្លាយជាសញ្ញាសម្គាល់ទេសចរណ៍ដ៏ប្លែក ប្រកបដោយភាពទាក់ទាញផ្ទាល់ខ្លួន សម្រាប់វៀតណាម នៅលើផែនទីទេសចរណ៍ពិភពលោក។ រូបថត៖ កុងដាត/VNP
ទេសចរណ៍ទូកកន្ត្រក ជួយអ្នកនេសាទផ្លាស់ប្តូរ ឬរួមជាមួយសេវាកម្ម ដែលនាំមកនូវប្រភពចំណូលខ្ពស់ និងមានស្ថិរភាពជាង ការដែលគ្រាន់តែសម្រាប់នេសាទតាមបែបប្រពៃណី។ រូបភាព និងវីដេអូ អំពីទូកកន្ត្រករាងមូលពិសេសរបស់វៀតណាម បន្ត "ផ្ទុះចំណាប់អារម្មណ៍" នៅលើបណ្តាញសង្គមអន្តរជាតិ រួមចំណែកនាំយកវប្បធម៌ក្នុងស្រុក ឱ្យកាន់តែខិតជិតមិត្តភក្តិជុំវិញពិភពលោក។
ទូកកន្ត្រកដែលមានពណ៌ឆើតឆាយ បម្រើភ្ញៀវទេសចរនៅ បាយង៉ាង តំបន់ពិសេស លីសឺន (ខេត្ត ក្វាងង៉ាយ)។ រូបថត៖ ត្រុងចិញ
ទូកកន្ត្រកតាមឆ្នេរសមុទ្រវៀតណាម គឺជាសក្ខីភាពដ៏រស់រវើក នៃការច្នៃប្រតិដ្ឋ និងស្មារតីសម្របខ្លួនដ៏អស្ចារ្យរបស់ប្រជាជនវៀតណាមចំពោះសមុទ្រធំល្វឹងល្វើយ។ ពីឧបករណ៍ចិញ្ចឹមជីវិតដ៏សាមញ្ញ ពេលនេះទូកកន្ត្រក បានក្លាយជាស្ពានវប្បធម៌ ដែលធ្វើឱ្យទេសចរណ៍សមុទ្រវៀតណាមភ្លឺស្វាងនៅលើផែនទីពិភពលោក ព្រមទាំងរក្សាបានព្រលឹង នៃភូមិរបរនេសាទពីអតីតកាលផង បើកចេញទំព័រអនាគត នៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពផង៕
- អត្ថបទ៖ ថុងថៀន- រូបថត៖ VNP
- ប្រែសម្រួល៖ រីកើង