កេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ (Van Mieu) ភ្លឺចែងចាំងដោយភ្លើងពណ៌ចម្រុះ នៅពេលយប់
ដំណើរកម្សាន្តនាពេលយប់ "ភាពថ្លៃថ្នូរនៃការសិក្សា" នៅកេដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam) សាកលវិទ្យាល័យជាតិដំបូងគេបង្អស់ នៅប្រទេសវៀតណាម ដែលនាំមកជូនភ្ញៀវទេសចរ នូវដំណើរស្វែងរកប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ពិសេសមួយ។ នេះគឺជាឧទាហរណ៍ដ៏រស់រវើកមួយនៃការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល នវានុវត្តន៍ និងការអភិវឌ្ឍវប្បធម៌យ៉ាងសកម្មស្រប តាមសេចក្តីសម្រេចលេខ 57-NQ/TW និងសេចក្តីសម្រេចលេខ 80-NQ/TW របស់អង្គភាពវប្បធម៌មួយនៅក្នុងរដ្ឋធានី។
ចាប់ពីពេលដែលអ្នកទស្សនាដើរឆ្លងកាត់ទ្វារ វ៉ាន់មៀវម៉ុន (Van Mieu Mon) ដែលជាច្រកទ្វារសំខាន់នៃកេរដំណែលប្រវត្តិសាស្ត្រ ពួកគេត្រូវបានចូលទៅក្នុងពិភពវេទមន្តនៃពន្លឺ និងសំឡេង។ នៅក្នុងមណ្ឌល ញ៉ឹបដាវ (Nhap Dao) ពណ៌ភ្លឺចែងចាំងលាយឡំជាមួយសំឡេងស្រទន់ បង្កើតបទតន្ត្រីពិរោះ បើកចេញដំណើរការស្វែងយល់ដ៏ចាប់ចិត្ត។ តាមបណ្តោយផ្លូវពីទ្វារសំខាន់ទៅទ្វារ ដាយទ្រុង (Dai Trung) អក្សរទាំងបួន "ភាពថ្លៃថ្នូរនៃការសិក្សា" ត្រូវបានរៀបចំ ដូចជាឃ្លានឆ្លងឆ្លើយបុរាណ ដែលរំលឹកអំពី ផ្លូវនាំទៅកាន់កំពូលនៃចំណេះដឹងសម្រាប់ប្រជាជនវៀតណាមបុរាណ។
ចំណុចលេចធ្លោមួយគួរឱ្យចាប់អារម្មណ៍បំផុត នៃដំណើរកម្សាន្តនេះគឺតំបន់ជុំវិញបរិវេណសិលាចរឹកឆ្លាប់ឈ្មោះបណ្ឌិត និងអណ្តូង ធៀនក្វាង (Thien Quang) ។ បន្ទះភ្លើង LED ពណ៌ពីរដ៏ស្រស់ស្អាតរត់ជុំវិញគែមអណ្តូង ដោយឆ្លុះបញ្ចាំងទៅលើផ្ទៃទឹក បង្កើតជាទិដ្ឋភាពភ្លឺចែងចាំងដែលកម្រឃើញនៅពេលថ្ងៃ។ ដើមឈើជុំវិញសួនច្បារ ត្រូវបានបំភ្លឺដោយពណ៌ ដែលផ្លាស់ប្តូរជាបន្តបន្ទាប់ ធ្វើឱ្យលំហទាំងមូលមានមន្តអាគម និងនាំអ្នកទស្សនាចូលទៅក្នុងការចងចាំដែលទាំងពិត និងក្នុងសុបិន ដែលរំលឹកដល់សួនច្បារអ្នកប្រាជ្ញបុរាណ។
យោងតាមលោក លេ ស្វឹនគៀវ (Le Xuan Kieu) នាយកមជ្ឈមណ្ឌលសកម្មភាពវប្បធម៌ និងវិទ្យាសាស្ត្រនៃកេរដំណែល វ៉ាន់មៀវ - ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam) កម្មវិធីទស្សនា នាពេលយប់ ត្រូវបានរចនាឡើង ដើម្បីផ្តល់ជូនប្រជាជនហាណូយ និងភ្ញៀវទេសចរនូវរូបរាងថ្មីទាំងស្រុង របស់កេរដំណែលប្រវត្តិសាស្ត្រ។ ក្រោមពន្លឺសិល្បៈ សម្ព័ន្ធស្ថាបត្យកម្ម និងលំហបេតិកភណ្ឌ កាន់តែភ្លឺស្វាង និងគួរឱ្យចាប់អារម្មណ៍ខណៈពេលដែលនៅតែរក្សាបាននូវភាពទាក់ទាញបុរាណ និងភាពថ្លៃថ្នូរនៃសកលវិទ្យាល័យដំបូង ក្រោមរបបរាជានិយមវៀតណាម។
ចំណុចចុងក្រោយ និងរំពឹងទុកបំផុតនៃដំណើរទាំងមូលគឺការបញ្ចាំងផែនទី 3D នៃ "ភាពថ្លៃថ្នូរនៃការសិក្សា" នៅក្នុងទីធ្លា ថាយហក (Thai Hoc)។ ផ្នែកខាងមុខទាំងមូលនៃសាលធំ ត្រូវបានផ្លាស់ប្តូរទៅជាអេក្រង់យក្ស ដែលជាទីបញ្ចាំងយ៉ាងច្បាស់លាស់អំពីរឿងរ៉ាវនៃការប្រឡង អ្នកប្រាជ្ញ ឆន្ទៈក្នុងការរៀនសូត្រ សេចក្តីប្រាថ្នាសម្រាប់ភាពជោគជ័យ រូបភាពនៃត្រីគល់រាំងដែលប្រែក្លាយទៅជានាគ និងបញ្ហាប្រឈម ដើម្បីយកឈ្នះចំណេះដឹង។ មិនត្រឹមតែជាផលិតផលទេសចរណ៍ពេលយប់ដ៏ពិសេសមួយប៉ុណ្ណោះទេ ដំណើរកម្សាន្តពេលយប់ វ៉ាន់មៀវ - ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam) ក៏ជាសក្ខីភាព ធ្វើឱ្យបេតិកភណ្ឌមានភាពថ្មីប្លែកដោយបច្ចេកវិទ្យាទំនើប នាំប្រវត្តិសាស្ត្រចេញពីទំព័រសៀវភៅ មកជិតខិតដល់សាធារណជន។
កម្មវិធីទេសចរណ៍ នាពេលយប់ វ៉ាន់មៀវ - ក្វឹកទឺយ៉ាម (Van
Mieu – Quoc Tu Giam) បើកទ្វារនៅថ្ងៃពុធ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ
រឿងសប្តាហ៍ ចាប់ពីម៉ោង ១៨ និង ៣០ ដល់ ម៉ោង ២១ និង ៣០ ។
អត្ថបទ៖ ង៉ឹនហា រូបថត៖ កុងដាត / VNP






















