15/01/2022 12:21 GMT+7 Email Print Like 0

ពន្លឺពណ៌​ស៊ុយតៀន (Suoi Tien)

ភ្ញៀវទេសចរអញ្ជើញទៅកាន់សង្កាត់ម៊ុយនែ (Mui Ne) ទីក្រុងផានធៀត (Phan Thiet) ខេត្តប៊ិញធ្វឹន (Binh Thuan) មិនត្រឹមតែបានគយគន់ផ្នោរខ្សាច់ធំល្វឹងល្វើយ  ឆ្នេរសមុទ្រស្អាតរណ្តំចិត្ត ថែមទាំងបានគយគន់ស៊ុយតៀន (Suoi Tien) ស្រស់ស្អាត ដែលគ្មានពីរនៅវៀតណាម។

ស៊ុយតៀន (Suoi Tien) ឬនៅហៅថាស៊ុយហុង (Suoi Hong) ជារមណីយដ្ឋានស្ថិតនៅផ្លូវហ្វិញធុកខាង (Huynh Thuc Khang) សង្កាត់ម៊ុយនែ (Mui Ne) ទីក្រុងផានធៀត (Phan Thiet) ខេត្តប៊ិញធ្វឹន (Binh Thuan)។ ជ្រលងទឹកជ្រោះតូចហូរស្រស្រិចក្បែរ ដែលមានប្រវែងប្រហែល៤គីឡូម៉ែត្រនៅកោះហនរ៉ើម (Hon Rom) បំពួនខ្លួនខាងក្រោយផ្នោរខ្សាច់ហួតហែង។ បរិយាកាសស៊ុយតៀន (Suoi Tien) លេចធ្លោដោយពណ៌ក្រហមលឿងនៃគ្រាប់ខ្សាច់ និងរូបសណ្ឋានខ្ពស់ទាបបត់បែនបែបធម្មជាតិ រត់បណ្តោយតាមដងស្ទឹង។

ផ្នោរដីខ្សាច់រាប់ពាន់ តាមពេលវេលាក្លាយជាមានសភាពរឹងដូចថ្ម ត្រូវខ្យល់សំណឹក រំលេចឡើងរូបរាងស្រស់ស្អាតរហោស្ថាន ដ៏ចំណាប់អារម្មណ៍។ ពណ៌ក្រហមប្រផេះនៃខ្សាច់ ជាមួយរូបផ្នោរខ្សាច់ពិសេស មានរូបរាងគ្រប់ទ្រង់​ទ្រាយ ធ្វើឱ្យឆ្នេរដងស្ទឹងកាន់តែមានភាពអស្ចាចារ្យដូចជា ប្រាង្គប្រាសាទ កំពែង ដែលត្រូវបំភ្លេចចោលជាយូរមកហើយ។ ស៊ុយតៀន (Suoi Tien) បង្កប់សម្រស់​​ឋាន​សួគ៌ ហេតុនេះដំណើរទេសចរណ៍ទៅម៊ុយនែ (Mui Ne) សុទ្ធតែជ្រើសស៊ុយតៀន (Suoi Tien) ជាទីកន្លែងឈប់សម្រាកដ៏ទាក់ទាញ។



ស៊ុយតៀន (Suoi Tien) ឬនៅហៅថាស៊ុយហុង (Suoi Hong) ជារមណីយដ្ឋានស្ថិតនៅផ្លូវហ្វិញធុកខាង (Huynh Thuc Khang) សង្កាត់ម៊ុយនែ (Mui Ne) ទីក្រុងផានធៀត (Phan Thiet) ខេត្តប៊ិញធ្វឹន (Binh Thuan)។ រូបថត៖ គីមផឿង/កាសែតរូបភាពវៀតណាម
 

ជម្រាលខ្សាច់នៅសងខាងដងស្ទឹង មានពណ៌លឿងជក់ចិត្តដិតអារម្មណ៍។  រូបថត៖ គីមផឿង/កាសែតរូបភាពវៀតណាម
 

រុក្ខជាតិរួមចំណែកសាងទេសភាពដ៏ស្អាតមនោរម្យនៃតំបន់ទេសចរណ៍ស៊ុយតៀន (Suoi Tien)។ រូបថត៖ គីមផឿង/កាសែតរូបភាពវៀតណាម
 

ស៊ុយតៀន (Suoi Tien) ជាទីកន្លែងទេសចរណ៍ ដែលមានការពេញនិយមក្នុងស្រុកនិងអន្តរជាតិ។ រូបថត៖ គីមផឿង/កាសែតរូបភាពវៀតណាម

 

 ស៊ុយតៀន (Suoi Tien) ដូចជាផ្ទាំងគំនូរដ៏ស្រស់ស្អាត ដែលបានធម្មជាតិប្រទានជូនមនុស្សលោក។ ទីនេះមានការលាយចម្រុះរវាងស្មៅនិងពណ៌សម្បុរនៃផ្នោរខ្សាច់ ដែលជាលក្ខណៈពិសេសនៃទីក្រុងផានធៀត (Phan Thiet)។ ទន្ទឹមនោះ ក៏ជាចំណុចបំពេញបន្ថែមនៅលើផ្នោរខ្សាច់ ពេលក្រឡេកមើលទៅហាក់ដូចជាវិមានបុរាណ។ ប្រការនេះ បានធ្វើឱ្យភ្ញៀវទេសចរចូលចិត្តមក គយគន់សម្រស់ស្អាតបរិសុទ្ធនៅទីនេះ។ រូបថត៖ គីមផឿង/កាសែតរូបភាពវៀតណាម
 

ផ្នោរខ្សាច់រាប់ពាន់ តាមពេលវេលាក្លាយជាមានសភាពរឹងដូចថ្ម ត្រូវខ្យល់ភ្លៀងសំណឹក ឆ្លាក់ជារូបសណ្ឋានស្រស់ស្អាតរហោស្ថាន មហស្ចារ្យ។ រូបថត៖ គីមផឿង/កាសែតរូបភាពវៀតណាម

 

ផ្នោរខ្សាច់ស ក្រហម លឿង ជាពណ៌ចម្បង ធ្វើឱ្យស៊ុយតៀន (Suoi Tien) មានបែបពិសេសនិងអាថ៌កំបាំង។ រូបថត៖ គីមផឿង/កាសែតរូបភាពវៀតណាម


ស៊ុយតៀន (Suoi Tien) ទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងបរទេស។ រូបថត៖ គីមផឿង/កាសែតរូបភាពវៀតណាម

 

ទឹកនៅស៊ុយតៀន (Suoi Tien) ហូរស្រស្រិចលើផ្ទៃដី ទឹកប៉ប្រះត្រឹមភ្លែកជើងមនុស្សតែប៉ុណ្ណោះ។ ខ្សែទឹកត្រជាក់ដូចជាបំបាត់នូវភាពក្តៅក្រហាយនៃមេឃទីក្រុងផានធៀត (Phan Thiet) ធ្វើឱ្យអារម្មណ៍ស្រស់ថ្លា គាប់ចិត្ត។ តាំងពីប្រជាជនមូលដ្ឋានរហូតដល់ភ្ញៀវទេសចរគ្រប់ទិសទី នរណាក៏ចូលចិត្ត ក្រេបយកភាពត្រជាក់ ពេលត្រាំជើងក្រោមទឹកជ្រោះ បន្ទាប់ពីដើរកម្សាន្តលើវាលខ្សាច់ក្តៅ រាល់ក្តីកង្វល់ព្រួយបារម្ភដូចជារលាយបាត់បង់ទៅ បន្សល់ទុកនៅនឹងកាយក្តីសប្បាយរីករាយ។
 

ស៊ុយតៀន (Suoi Tien) ឬនៅហៅថាស៊ុយហុង (Suoi Hong) មានប្រវែងចំនួន៤គីឡូម៉ែត្រ ជារមណីយដ្ឋាន ស្ថិតនៅផ្លូវហ្វីញធុកខាង (Huynh Thuc Khang) សង្កាត់ម៊ុយនែ (Mui Ne) ទីក្រុងផានធៀត (Phan Thiet) ខេត្តប៊ិញធ្វឹន (Binh Thuan)។

ជាមួយតុងពណ៌ស ក្រហម លឿង ជាពណ៌ចម្បងធ្វើឱ្យស៊ុយតៀន (Suoi Tien) បង្កប់លក្ខណៈពិសេសនិងអាថ៌កំបាំង។ ស៊ុយតៀន (Suoi Tien) ជាទីកន្លែងទេសចរណ៍ពេញនិយមសម្រាប់ភ្ញៀវទេសចរក្នុងស្រុកនិងបរទេស។

អញ្ជើញមកដល់សង្កាត់ម៊ុយនែ (Mui Ne) ទីក្រុងផានធៀត (Phan Thiet) ខេត្តប៊ិញធ្វឹន (Binh Thuan) ភ្ញៀវទេសចរមិនអាចរំលងចោល ទីកន្លែងដ៏ស្រស់ស្អាតដូចជាស៊ុយតៀន (Suoi Tien) នោះទេ៕

អត្ថបទនិងរូបថត៖ ដាំង គីមផឿង
ប្រែសម្រួល៖ រីកើង


បណ្តាអត្ថបទបានផ្សាយ