09/09/2021 14:45 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញចូលជួបពិភាក្សានិងទទួលជួបជាមួយថ្នាក់ដឹកនាំសភាមកពីប្រទេសជាច្រើន

នារសៀលថ្ងៃទី៧ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅខាងក្រៅសន្និសីទនៃប្រធានសភាពិភពលោកលើកទី ៥ ដែលប្រព្រឹត្តទៅនៅទីក្រុងវីយែន ប្រទេសអូទ្រីសប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សានិងទទួលជួបជាមួយថ្នាក់ដឹកនាំសភាជាច្រើនរូប។

នៅក្នុងជំនួបរវាងប្រធានរដ្ឋសភា លោក Vuong Dinh Hue និងអនុប្រធានរដ្ឋសភានៃអាជ្ញាធរប្រជាជនគុយបាលោកស្រី Ana Maria Mari Machacdo ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខ វៀតណាមនិងគុយបាគួរតែបន្តផ្លាស់ប្តូរនិងចែករំលែកព័ត៌មានគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ រដ្ឋសភានៃប្រទេសទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការដោយប្រែក្លាយទំនាក់ទំនងរវាងសភាទាំងពីរទៅជាបណ្តាញសហប្រតិបត្តិការដ៏សំខាន់ នៅក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី។

 

ប្រធានរដ្ឋសភានិងអនុប្រធានរដ្ឋសភានៃអាជ្ញាធរប្រជាជនគុយបា (រូបថត៖ VOV)
 
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញជួបពិភាក្សាជាមួយប្រធានសភាជាន់ទាបអ៊ីតាលី (រូបថត៖ VOV)


ទទួលជួបជាមួយអនុប្រធានសភាអង់គ្លេស លោកស្រី Eleanor Laing ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានមានប្រសាសន៍ថា ប្រទេសទាំងពីរគួរតែយកចិត្តទុកដាក់ក្នុងការកសាងគំរូកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ស្របតាមសក្តានុពលនិងភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ។ ប្រធានរដ្ឋសភាបានអះអាងថា វៀតណាមគាំទ្រចក្រភពអង់គ្លេសក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយតំបន់និងត្រៀមខ្លួនគាំទ្រចក្រភពអង់គ្លេសក្នុងដំណើរការចរចាដើម្បីចូលរួមជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និង ជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ អញ្ជើញពិភាក្សាអំពីបញ្ហាអន្តរជាតិ ភាគីទាំងពីរបានចែករំលែកសារៈសំខាន់នៃច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអន្តរជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS) ក្នុងការធានាសន្តិសុខ សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍ ហើយដោះស្រាយជម្លោះដោយសន្តិវិធី។

នៅក្នុងជំនួបពិភាក្សាជាមួយប្រធានសភាអ៊ីតាលី លោក Roberto Fico, ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់អ៊ីតាលី នៅពេលផ្តល់ជំនួយតាមរយៈ COVAX ដល់វៀតណាម ជាមួយនឹងវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាង ៨០.០០០ ដូស។ ទន្ទឹមនឹងនេះដែរ លោកសង្ឃឹមថា រដ្ឋាភិបាលនិងសភាអ៊ីតាលីនឹងបន្តផ្ទេរបន្តវ៉ាក់សាំងដែលនៅសល់ដើម្បី ជួយវៀតណាមគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាត។ ដោយសង្កត់ធ្ងន់ថា វៀតណាមជាដៃគូដ៏សំខាន់មួយ លោកប្រធានរដ្ឋសភាអ៊ីតាលី Roberto Fico បានសម្តែងបំណងប្រាថ្នា ចង់ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសវិស័យយុត្តិធម៌ បរិស្ថាននិងការឆ្លើយតបការប្រែប្រួលអាកាសធាតុ។ លោកប្រធានសភា Roberto Fico ក៏បានឲ្យដឹងថា លោកនឹងពន្លឿនការពិចារណាលើសំណើរបស់ប្រធានរដ្ឋសភាវៀតណាម ស្តីពីការបញ្ចប់រាល់បែបបទសម្រាប់ផ្តល់សច្ចាប័នលើ EVIPA នាពេលខាងមុខនេះ។

នាថ្ងៃដដែលប្រធានរដ្ឋសភា លោក Vuong Dinh Hue  បានអញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋសភា ម៉ូហ្សំប៊ិក លោកស្រី Esperanca Laurinda Francisco Nhiuane Bias; ប្រធានរដ្ឋសភាឥណ្ឌាលោក Om Birla; ប្រធានសភាជាន់ទាបឈីលី លោក Diego Alfredo Paulsen Kehr ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ