ព័ត៌មាន
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួយរដ្ឋមន្រ្តីការបរទេសឡាតវី លោក Edgar Rinkevics

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួយរដ្ឋមន្រ្តីការបរទេសឡាតវី លោក Edgar Rinkevics (រូបថតៈ VOV)
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសឡាតវី លោក Edgar Rinkevics នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា វៀតណាមនិងឡាតវី គួរតែជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រួមទាំងកម្រិតគណៈកម្មាធិការនិងរវាងសមាជិកសភានៃប្រទេសទាំងពីរ ជាពិសេស បង្កើនការជួបប្រាស្រ័យនៅខាងក្រៅនៃបណ្តាវេទិកាពហុភាគីដើម្បីពិភាក្សា អំពីបញ្ហាតំបន់និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
ប្រធានរដ្ឋសភាបានស្នើរថាក្នុងរយៈពេលខាងមុខ ភាគីទាំងពីរនឹងសហការគ្នាដើម្បីជំរុញបន្ថែមទៀតដើម្បីអង្គភាពអាជីវកម្មរបស់ប្រទេសទាំងពីរអាចស្រាវជ្រាវទីផ្សាររបស់គ្នាទៅវិញទៅមក។ ពោលគឺ ឡាតវីនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញ វៀតណាមទៅកាន់ទីផ្សារឡាតវី ហើយវៀតណាមត្រៀមខ្លួនជាស្រេច ក្នុងការបង្កលក្ខណៈងាយស្រួលសម្រាប់ក្រុមហ៊ុនឡាតវី ក្នុងការវិនិយោគលើវិស័យដែលជាប្រៀបខ្លាំងរបស់ឡាតវី។ លោកស្រីប្រធានរដ្ឋសភាក៏បានស្នើសុំឱ្យភាគីទាំងពីរ ស្រាវជ្រាវនិងពិចារណាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការងារ បង្កើតក្របខ័ណ្ឌច្បាប់ដ៏ល្អបំផុតដើម្បីជំរុញកិច្ចសហប្រតិបត្តិការរយៈពេលវែងនិងវិជ្ជមានសម្រាប់វិស័យនេះ។
ប្រធានសភាវៀតណាមចង់ឱ្យឡាតវីបន្តគាំទ្រនិងជំរុញឲ្យសភាអឺរ៉ុប ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) យ៉ាងឆាប់ៗ ហើយរដ្ឋសភាឡាតវី នឹងអនុម័តលើកិច្ចព្រមព្រៀងការពារវិនិយោគទុនវៀតណាម - EU (IPA) តាមនីតិវិធីរបស់សហភាពអឺរ៉ុប។ រដ្ឋមន្ត្រី Edgar Rinkevics បានអះអាងថា លោកនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសភាឡាតវី នឹងផ្តល់សច្ចាប័នសម្រាប់ IPA និងសភាអឺរ៉ុប នាពេលឆាប់ៗនេះ។
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមបានលើកឡើងថា ស្ថានភាពសមុទ្រខាងកើតនាពេលកន្លងទៅ មានការវិវឌ្ឍន៍យ៉ាងស្មុគ្រស្មាញជាច្រើន ដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ និងប៉ះពាល់ដល់បរិស្ថានអភិវឌ្ឍន៍និងដឹកជញ្ជូន រួមទាំងការដោះដូរពាណិជ្ជកម្មនៅក្នុងតំបន់និងពិភពលោក ហេតុដូច្នេះ ស្នើឲ្យឡាតវីគាំទ្រគោលជំហររបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី។ រដ្ឋមន្រ្តីការបរទេសឡាតវីបានអះអាងថា ប្រទេសឡាតវីតែងតែគាំទ្រទស្សនៈនៃការដោះស្រាយជម្លោះដោយសន្តិភាពនិងមិនប្រើប្រាស់អំពើហិង្សាឡើយ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម