
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលគាល់ព្រះចៅអធិរាជជប៉ុន
ទទួលការអញ្ជើញរបស់រដ្ឋជប៉ុន ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុន ចាប់ពីថ្ងៃទី២៩ឧសភាដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨។ នាព្រឹកថ្ងៃទី៣០ ខែឧសភា នៅបរមរាជវាំងនៃរាជធានីតូក្យូ ពិធីទទួលស្វាគមន៍ជាផ្លូវចំពោះប្រធានរដ្ឋ និងលោកជំទាវបានប្រារព្ធដោយពិធីខ្ពង់ខ្ពស់បំផុត របស់បរមរាជវាំងជប៉ុនសម្រាប់ប្រមុខរដ្ឋ។
ព្រះចៅអធិរាជនិងអធីរាជនីយាងជាព្រះធិបតីពិធីទទួល។ បន្ទាប់មក ប្រធានរដ្ឋនិងលោកជំទាវអញ្ជើញចូលគាល់ ព្រះចៅអធិរាជនិងអធិរាជនីជប៉ុន។
ក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា រដ្ឋនិងប្រជា ជនវៀតណាមគោរពជានិច្ចនូវទំនាក់ទំនងជាមួយជប៉ុន និងសម្តែងក្តីជឿជាក់ថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុនលើកនេះ នឹងបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន តាមទិសស៊ីជម្រៅ នាំមកផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។
ក្នុងថ្ងៃដដែល ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជប៉ុន ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជួបសវនាការប្រធានព្រឹទ្ធសភាជប៉ុនផងដែរ។ ក្នុងជំនួបនេះ ប្រធានព្រឹទ្ធសភាជប៉ុនបានចាត់ទុកថា ភាគីទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកាសភាពហុភាគី ជម្រុញការជួបប្រាស្រ័យរវាងស្ថាប័នសភានៃប្រទេសទាំងពីរ។ ប្រធានព្រឹទ្ធសភាជប៉ុនក៏បានអះអាងគាំទ្ររដ្ឋាភិបាលជប៉ុន បន្តកិច្ចសហប្រតិបត្តិការនិងជួយវៀតណាមក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមចំណែកលើកកម្ពស់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឡើងកម្ពស់ថ្មី៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម