01/11/2020 14:26 GMT+7 Email Print Like 0

បន្តសកម្មភាពជំនះពុះពារនូវផលវិបាកបណ្តាលមកពីព្យុះនិងទឹកជំនន់នៅតំបន់ភាគកណ្តាលវៀតណាម


អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky អញ្ជើញថ្លែងក្នុងកម្មវិធីសិល្បៈសប្បុរសជម៌ "ក្តីស្រឡាញ់ផ្ញើរជូនដល់តំបន់ភាគកណ្តាល" 
 

យោងតាមរបាយការណ៍របស់ការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មា ធិការមជ្ឈឹម គ្រប់គ្រងការបង្ការនិងទប់ទល់គ្រោះមហន្តរាយធម្មជាតិ គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី ៣១ ខែតុលា ព្យុះ Molave និងទឹកជំនន់បណ្តាលឱ្យមនុស្សស្លាប់ ២៧ នាក់និងបាត់ខ្លួន ៥០ នាក់។

ដោយឡែក ខេត្ត Quang Nam មានចំនួនអ្នកស្លាប់និងបាត់ខ្លួនខ្ពស់បំផុតក្នុងចំណោមតំបន់រងផលប៉ះពាល់ដោយព្យុះទឹកជំនន់ (ពោលគឺ ២៣ នាក់ស្លាប់ និង ២២ នាក់បាត់ខ្លួន)។ ជាមួយគ្នានោះ ទឹកជំនន់និងភ្លៀងក៏បានធ្វើឱ្យប្រជាជនប្រមាណ ៣.០០០ គ្រួសារនៅឃុំចំនួន ២ គឺ Phuoc Loc និង Phuoc Thanh (ខេត្ត Quang Nam) ដែលត្រូវដាច់ទំនាក់ទំនងជាមួយខាងក្រៅ ពីថ្ងៃទី ២៨ ខែតុលា រហូតដល់ឥឡូវនេះ។

ចំពោះមុខស្ថានភាពទាំងនេះ ការងារជួយសង្គ្រោះកំពុងត្រូវបានដាក់ពង្រាយយ៉ាងសកម្មនៅក្នុងខេត្ត Quang Nam។ នាព្រឹកថ្ងៃទី ៣១ ខែតុលា នៅទីបញ្ជាការជួរមុខក្នុងស្រុក Bac Tra My (ខេត្ត Quang Nam) លោកឧត្តមសេនីយ៍ទោ Thai Dai Ngoc មេបញ្ជាការយោធភូមិភាគទី ៥ បានបញ្ជាឱ្យពង្រឹងកម្លាំង និងបង្កើនល្បឿនស្វែងរកជនបាត់ខ្លួន ព្រមទាំងធានាសុវត្ថិភាពដាច់ខាតសម្រាប់កងកម្លាំងដែលចូលរួមក្នុងការស្វែងរក។ នាព្រឹកថ្ងៃដដែល ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្ត Quang Nam លោក Nguyen Manh Ha បានជួបប្រជុំជាមួយកងកម្លាំងស្រុក Phuoc Son ដើម្បីពិភាក្សាអំពីវិធានការផ្តល់ជំនួយ ដល់ឃុំ Phuoc Thanh និង Phuoc Loc ផងដែរ។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយប្រជាជននៅតាមបណ្តាខេត្តភាគកណ្តាលវៀតណាម ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ នាយប់ថ្ងៃទី ៣០ ខែតុលានៅរោងមហោស្រពវិទ្យុសម្លេងវៀតណាម (នៃទីក្រុងហាណូយ) វិទ្យុសម្លេងវៀតណាមបានរៀបចំកម្មវិធីសិល្បៈមនុស្សធម៌ ក្រោមប្រធានបទ  "ក្តីស្រឡាញ់ផ្ញើរជូនដល់តំបន់ភាគកណ្តាល"។ កម្មវិធីបានរៃអង្គាសប្រាក់បានជិត ១៣ ពាន់លានដុង (ប្រហែល ៥៦០ ពាន់ដុល្លារ) ពីសប្បុរសជន។ អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky បានមានប្រសាសន៍ថា៖ “វិទ្យុសម្លេងវៀតណាម ម្យ៉ាងបានបញ្ជូនក្រុមអ្នកសារព័ត៌មានជាច្រើនក្រុមទៅដល់កន្លែងដែលពិបាកបំផុតដើម្បីរាយការណ៍ភ្លាមៗ និងពេញលេញអំពីការងារជំនះពុះពារគ្រោះមហន្តរាយ ម៉្យាងវិញទៀត បានអនុវត្តសកម្មភាពរៃអង្គាសប្រាក់។ ពោលគឺ បុគ្គលិកម្នាក់ៗចូលរួមវិភាគទានប្រាក់ខែយ៉ាងតិច ១ ថ្ងៃ ដោយដំបូងបានបញ្ជូនទៅកាន់ខេត្ត Thua Thien-Hue និងខេត្ត Quang Tri ដើម្បីជួយឧបត្ថម្ភប្រជាជននៅទីនោះ ជំនះផលវិបាកដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ។ ជាងនេះទៅទៀត វិទ្យុសម្លេងវៀតណាម ក៏បានផ្សព្វផ្សាយនូវមនោសញ្ជេតនារបស់ប្រជាជនទូទាំងប្រទេស រួមទាំងអាណិកជនវៀតណាមនៅឯបរទេសទៀតផង។ ហើយកម្មវិធីសិល្បៈនេះ ក៏ស្ថិតនៅក្នុងក្របខ័ណ្ឌនៃសកម្មភាពសប្បុរសធម៌នោះផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ