ព័ត៌មាន
បណ្ដារដ្ឋមន្ត្រីការបរទេស ASEM ឯកភាពបង្កើនទំនាក់ទំនងដៃគូដើម្បីសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

បណ្ដារដ្ឋមន្ត្រីការបរទេស ASEM ឯកភាព
បង្កើនទំនាក់ទំនងដៃគូដើម្បីសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស វេទិកាសហប្រតិបត្តិការ អាស៊ី - អឺរ៉ុប (ASEM) លើកទី១៣ បន្តថ្ងៃធ្វើការទី ២។ នៅទីនេះ បណ្ដារដ្ឋមន្ត្រីបានដំណើរការសម័យប្រជុំស្ដីពី "បញ្ហាអន្តរជាតិនិងតំបន់" ជាពិសេសគឺបញ្ហាទាក់ទិនដល់សន្តិភាព សន្តិសុខ លទ្ធិភេរវកម្មនិយម និងសន្តិសុខនាវាចរណ៍។
អង្គសន្និសីទបានអះអាងនូវការសន្យារួម ក្នុងកិច្ចខិតខំប្រឹងប្រែងធានាសន្តិភាព ស្ថិរភាព ភាពសម្បូររុងរឿង សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍ និងពាណិជ្ជកម្មសេរី។ លើកកម្ពស់វិធានការកសាងទំនុកទុកចិត្ត គោលការណ៍ទប់ស្កាត់ការប្រើប្រាស់ ឬការគំរាមកំហែងប្រើប្រាស់កម្លាំងអាវុធ ហើយដោះស្រាយជំលោះតាមសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ។
អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថាវៀតណាម គាំទ្ររាល់ការខិតខំប្រឹងប្រែង របស់សហគមន៍អន្តរជាតិដែលសមស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិដើម្បីស្វែងរកដំណោះស្រាយសន្តិភាពប្រកបដោយនិរន្តរភាពសម្រាប់ជំលោះនៅមជ្ឈឹមបូព៌ា អាហ្រ្វិក និងអាស៊ី។ លោក Pham Binh Minh បានសង្កត់ធ្ងន់ថាវៀតណាម និងបណ្ដាប្រទេសអាស៊ានបាន និងកំពុងរួមសហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ ដើម្បីធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត និងធានាសិទ្ធិជួញដូរពាណិជ្ជកម្មនៅក្នុង និងក្រៅតំបន់។ វៀតណាមបានអបអរសាទរចំពោះការដែលអាស៊ាន និងចិន បានអនុម័តលើក្របខ័ណ្ឌក្រមប្រតិបត្តិ សំរាប់ភាគីទាក់ទិននានានៅសមុទ្រខាងកើត (COC) និងដំណើរការជាផ្លូវការកិច្ចចរចាសម្រាប់ COC ប្រកបដោយភាពជាក់ស្ដែង និងប្រសិទ្ធភាព។
នារសៀលថ្ងៃទី២១ ខែវិច្ឆិកាសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស ASEM លើកទី ១៣ បានបិទបញ្ចប់ និងអនុម័តលើសេចក្ដីថែងការណ៍ថ្នាក់ប្រធាន ដោយមានសេចក្ដីសម្រេចចិត្តសំខាន់ៗជាច្រើន ហើយបញ្ជូនសារដ៏ខ្លាំងក្លារបស់សមាជិក ASEM អំពីការសន្យាបង្កើនទំនាក់ទំនងដៃគូអាស៊ី អឺរ៉ុប ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ព្រមទាំងតម្រង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការនៃវេទិកានាពេលអនាគតទៀតផង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម