18/09/2020 15:39 GMT+7 Email Print Like 0

បង្កើនទំហំពាណិជ្ជកម្មវៀតណាម-កូរ៉េខាងត្បូងឡើងដល់ទៅ១០០ពាន់លានដុល្លាអាមេរិក

នារសៀលថ្ងៃទី១៧ កញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha ដែលកំពុងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ កញ្ញា។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha។ (រូបថត៖ VGP)


លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា ប្រទេសទាំងពីរគឺជាដៃគូយុទ្ធសាស្ត្រដោយការជឿទុកចិត្តគ្នានិងការចែករំលែកផលប្រយោជន៍ទៅវិញទៅមក ហើយកូរ៉េខាងត្បូងកំពុងនាំមុខគេក្នុងការបោះទុនវិនិយោគចូលមកវៀតណាម។លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យប្រទេសទាំងពីរខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០២០នេះឡើងដល់ទៅ១០០ពាន់លានដុល្លាអាមេរិក (បើធៀបនឹង៧០ពាន់ លានដុល្លាអាមេរិកនៅឆ្នាំ២០១៩) ព្រមទាំងជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតផង។

ស្ដីពីស្ថានភាពនៅសមុទ្រខាងកើត លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានគោលបំណងចង់ឲ្យកូរ៉េខាងត្បូងបន្តគាំទ្រចំពោះ គោលជំហររបស់វៀតណាមនិងអាស៊ានស្ដីពីបញ្ហាសមុទ្រខាងកើត ក្នុងនោះមានការរក្សាសន្តិភាព ស្ថិរភាព ធានាសុវត្ថិភាព សន្តិសុខនាវាចរណ៍ អាកាសចរណ៍ គោរពច្បាប់អន្តរជាតិ ជាពិសេសគឺ UNCLOS ឆ្នាំ១៩៨២។

ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha បានជម្រាបថា នាបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកូរ៉េខាងត្បូងជាច្រើនដែលកំពុងមានបំណងចង់ចូលមកវៀត ណាមដើម្បីបោះទុនវិនិយោគ ហើយផ្ទុយទៅវិញ ប្រជាពលរដ្ឋវៀតណាមជាច្រើនក៏មានបំណងចង់ទៅកាន់កូរ៉េខាងត្បូងដើម្បីសិក្សារៀនសូត្រនិងធ្វើការផងដែរ។ កូរ៉េខាងត្បូងត្រៀមខ្លួនជាស្រេចជួយ សម្រួលដល់ប្រជាពលរដ្ឋវៀតណាមដើម្បីចូលទៅកូរ៉េខាងត្បូងក្នុងបរិបទនាបច្ចុប្បន្ន។

ក្នុងបរិបទនៃជម្ងឺរាតត្បាត Covid-19 លោកស្រីរដ្ឋមន្រ្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងឯកភាពគ្នាលើនីតិវិធីចូលប្រទេសពិសេស សំដៅជួយសម្រួលដល់អ្នកជំនាញ អ្នកគ្រប់គ្រង និងធុរជនកូរ៉េខាងត្បូង ដើម្បីចូលមកវៀតណាមដោយបែបបទសាមញ្ញាជាងទៀត។
លោកស្រី Kang Kyung Wha បានសម្ដែងនូវគោលបំណងថា ប្រទេសទាំងពីរនឹងចុះហត្ថលេខាយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងស្ដីពីការធានារ៉ាប់រង់សង្គមដើម្បីធានាផលប្រយោជន៍របស់ពលករ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ