25/02/2021 14:58 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមសម័យប្រជុំពិភាក្សាជាន់ខ្ពស់បើកចំហតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប

សម័យប្រជុំពិភាក្សាជាន់ខ្ពស់តាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខក្រោមមូលបទ “ដោះស្រាយហានិភ័យចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិដែលពាក់ព័ន្ធដល់អាកាសធាតុ”។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមសម័យប្រជុំពិភាក្សាជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តាមប្រព័ន្ធវីដេអូ ដោយប្រធានបទ “ដោះស្រាយហានិភ័យចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិដែលពាក់ព័ន្ធដល់អាកាសធាតុ” (រូបថត៖ ក្រសួងការបរទេសវៀតណាម)


នាថ្ងៃទី២៣ កុម្ភៈ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ប្រធានប្ដូរវេនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ក្នុងខែកុម្ភៈ ឆ្នាំ២០២១ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅសម័យប្រជុំពិភាក្សាជាន់ខ្ពស់តាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខក្រោមមូលបទ “ដោះស្រាយហានិភ័យចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិដែលពាក់ព័ន្ធដល់អាកាសធាតុ”។

អញ្ជើញថ្លែងនៅសម័យប្រជុំពិភាក្សាបើកចំហ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដោយមានបេសកកម្មចម្បងគឺរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិនោះ ចាំ បាច់ត្រូវប្រមូលផ្ដុំការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិទាំងមូល រួមគ្នាធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ តាមនោះ ត្រូវមានវិធីអភិក្រមឲ្យបានគ្រប់ជ្រុងជ្រោយនិងមានតុល្យភាព ក្នុងការដោះស្រាយទំនាក់ទំនងរវាងបញ្ហាប្រឈមសន្តិសុខជាប្រពៃណីនិងក្រៅប្រពៃណីលើទូទាំងពិភពលោក ជាពិសេសគឺលុបបំបាត់មូលហេតុឫសគល់នៃជម្លោះ ដូចជាភាពក្រីក្រ វិសមភាព ការជ្រៀតជ្រែកនិងការបង្ខិតបង្ខំដោយឯកតោភាគី ជាដើម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិពីសាលប្រជុំផ្សាយចេញពីទីក្រុងហាណូយ (រូបថត៖ ក្រសួងការបរទេស)


លោកនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញមានប្រសាសន៍ថា៖ “ក្រុមប្រឹក្សាសន្តិសុខនិងសហគមន៍អន្តរជាតិចាំបាច់ត្រូវផ្ដល់ប្រភពធនធានបន្ថែមទៀតដើម្បីជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍ ប្រទេសអភិវឌ្ឍអន់ខ្សោយ ប្រទេសកោះតូចនិងប្រទេសមិនជាប់សមុទ្រនានាដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយការប្រែប្រួលអាកាសធាតុ ប៉ុន្តែខ្វះខាតយ៉ាងខ្លាំងទាំងខាងជំនាញនិងប្រភពធនធាន។ សង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខនឹងបន្តបង្កើនសមត្ថភាពក្នុងការព្រមាន សម្រុះសម្រួលការផ្សះផ្សា ការទប់ស្កាត់និងដោះស្រាយជម្លោះនៅតំបន់ដែលក្នុងនោះមានវិធីសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយបណ្ដាអង្គការតំបន់។ ដើម្បីដោះស្រាយទំនាក់ទំនងរវាងអាកាសធាតុនិងសន្តិសុខប្រកបដោយសុខដុមរម្យនា យើងត្រូវបន្តធានាគោលការណ៍គោរពអធិបតេយ្យភាព សិទ្ធិធ្វើជាម្ចាស់និងទំនួលខុសត្រូវរបស់បណ្ដាប្រទេស ព្រមទាំងដាក់ផលប្រយោជន៍រួមរបស់សហគមន៍និងប្រជាជនគ្រប់រូប ជាពិសេសគឺក្រុមងាយរងគ្រោះត្រូវដាក់នៅទីតាំងកណ្តាលក្នុងយុទ្ធសាស្ត្រ ផែនការទប់ទល់នឹងការប្រែប្រួលអាកាសធាតុនៅទាំងថ្នាក់ជាតិនិង សកលលោកផងដែរ”។

នេះជាលើកដំបូងដែលប្រមុខរដ្ឋាភិបាលវៀតណាមអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា នៅព្រឹត្តិការណ៍មួយនៅក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដែលបង្ហាញពីតួនាទីនិងការចូលរួមចំណែកប្រកបដោយទំនួលខុសត្រូវរបស់វៀតណាមដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមសកលជាបន្ទាន់នាបច្ចុប្បន្ន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ