24/12/2020 16:12 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump

នាយប់ថ្ងៃទី ២២ ធ្នូ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ VGP)


ក្នុងជំនួបសន្ទនានេះ មេដឹកនាំទាំងពីររូបបានឯកភាពវាយតម្លៃថា ទំនាក់ទំនងរវាងវៀតណាម - អាមេរិកមានការអភិវឌ្ឍខ្លាំងក្លាលើគ្រប់វិស័យ បន្ទាប់ពីរយៈពេល ២៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និងជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ មេដឹកនាំទាំងពីររូបជឿជាក់ថា ទំនាក់ទំនងទ្វេភាគីនឹងកាន់តែស៊ីជម្រៅនិងស្ថិរភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក្នុងនោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺជាកម្លាំងចលករនៃទំនាក់ទំនងទ្វេភាគី។ ប្រទេសវៀតណាមមួយ ខ្លាំងក្លា ឯករាជ្យនិងវិបុលភាព ហើយកំពុងដើរតួនាទីកាន់តែសំខាន់នៅក្នុងតំបន់គឺជាបំណងប្រាថ្នារបស់ប្រជាជនវៀតណាម ហើយក៏សមស្របតាមផលប្រយោជន៍របស់សហរដ្ឋអាមេរិកផងដែរ។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកប្រធានាធិបតី Donald Trump បានផ្លាស់ប្តូរមតិចំពោះការដែល ស្ថាប័នតំណាងពាណិជ្ជសកម្មអាមេរិក កំពុងធ្វើការស៊ើបអង្កេតអំពី គោលនយោបាយរូបិយវត្ថុវត្ថុធាតុដើមឈើរបស់វៀតណាម ដោយអនុលោមតាមច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិកឆ្នាំ ១៩៧៤។ លោកនាយករដ្ឋមន្រ្តីវៀតណាមបានបញ្ជាក់ថា វៀតណាមគឺជាប្រទេសកំពុងអភិវឌ្ឍន៍មួយដែលធ្វើនិយ័តកម្មគោលនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងអតិផរណា ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនិងគ្រប់គ្រងអត្រាប្តូរប្រាក់ ហើយពុំមែនជាការបង្កើតផលចំណេញក្នុងការប្រកួតប្រជែងពាណិជ្ជកម្មអន្តរជាតិទៀតសោត។ ឈរលើស្មារតីនេះ ភាគីទាំងពីរបានឯកភាព ចាត់ឲ្យក្រសួងនិងស្ថាប័ននានារបស់វៀតណាមនិងសហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការនិងដោះស្រាយរាល់បញ្ហារបស់សហរដ្ឋអាមេរិកនិងវៀតណាមដោយរក្សាបាននូវទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយស្ថិរភាព ឆ្ពោះទៅរកតុល្យភាពពាណិជ្ជកម្មប្រកប ដោយសុខ ដុមរមនានិងផលប្រយោជន៍ទៅវិញទៅមក។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអបអរសាទរលោកប្រធានាធិបតី Donald Trump ចំពោះការទទួលបានជោគជ័យក្នុងការបង្កើតវ៉ាក់សាំង កូវីដ-១៩ ចំនួន២ប្រភេទក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ លោកប្រធានាធិបតី Donald Trump បានបញ្ជាក់ថា លោកគោរពនិងស្រឡាញ់ភាពរួសរាយរាក់ទាក់របស់ប្រទេសនិងប្រជាជនវៀតណាម ហើយមានបំណងចង់វិលមកបំពេញទស្សនកិច្ចនៅ វៀតណាមម្តងទៀតនាពេលខាងមុខ៕


 

បណ្តាព័ត៌មានបានផ្សាយ