01/05/2021 10:32 GMT+7 Email Print Like 0

ទីក្រុងហូជីមិញនិងតំបន់ណាមបូសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍

ផ្សារ Ben Thanh នៅទីក្រុងហូជីមិញ
 

ទីក្រុងហូជីមិញមានទីតាំងនិងតួនាទីដ៏សំខាន់ចំពោះប្រទេសជាតិទាំងមូល និង តំបន់សេដ្ឋកិច្ចស្នូលភាគខាងត្បូង ហើយជាក្បាលម៉ាស៊ីន និងកត្តាស្នូលដើម្បីបង្កើតកម្លាំងចលករសម្រាប់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់បណ្ដាខេត្តក្នុងតំបន់។ ការ ជំរុញខ្លាំងការតភ្ជាប់ និងពន្លឿនពាណិជ្ជកម្មរវាងទីក្រុងហូជីមិញ និងតំបន់ណាមបូកក្នុងរយៈពេលកន្លងទៅបានរូមចំណែកប្រមូលលក់កសិផលជូនប្រជាកសិករ សហគ្រាស ក៏ដួចជាជួយផ្គត់ផ្គង់ទំនិញប្រកបដោយស្ថិរភាពសម្រាប់ទីក្រុង និងជំរុញការនាំចេញផងដែរ។

កាលពីមុន ជារៀងរាល់ឆ្នាំសិប្បកម្មផលិតបង្គាក្រៀម Song Dam នៅស្រុក Dam Doi ខេត្ត Ca Mau លក់បានបង្គាក្រៀមត្រឹមតែពី ៤០០-៥០០ គីឡូក្រាម នៅតាមខេត្តជិតខាងមួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែ ចាប់ពីឆ្នាំ ២០១៦ មក នៅពេលចូលរួមកម្មវិធីសហប្រតិបត្តិការពាណិជ្ជកម្មជាមួយទីក្រុងហូជីមិញនោះ ជារៀងរាល់ឆ្នាំ សិប្បកម្មនេះអាចលក់បានផលិតផលកើនឡើងទ្វេដងឯណោះ ហើយតម្លៃលក់ចេញក៏បានកើនឡើងពី ២០-៣០% បើប្រៀបធៀបទៅនឹងរយៈពេលមុនៗ។  ផលិតផលនេះត្រូវបានដាក់លក់នៅតាមផ្សារប្រពៃណី និងហាងលក់ចំណីអាហារនៅទីក្រុងហូជីមិញ។ លោក Le Minh Sang ម្ចាស់សិប្បកម្មផលិតបង្គាក្រៀម Song Dam បានឲ្យដឹងថា៖ “ទោះបីជាទំនិញរបស់ខ្ញុំមានគុណភាពក៏ដោយ ប៉ុន្តែលក់មិនបានថ្លៃនៅក្នុងខេត្តឡើយ ព្រោះតែឈ្មួញបង្អាប់តម្លៃចាប់តាំងពីពេលចូលរួមកម្មវិធីជំរុញពាណិជ្ជកម្មដើម្បីតភ្ជាប់ការផ្គត់ផ្គង់និងតំរូវការនោះ បណ្ដាសហគ្រាសដូចជា Bicg C, Coopmart និងហាងលក់ចំណី អាហារបានទាក់ទងជាមួយខ្ញុំ ដើម្បីចុះកិច្ចសន្យាលក់ផលិតផលផងដែរ”។

ជារៀងរាល់ថ្ងៃ ផ្សារលក់ដុំនៅទីក្រុងហូជីមិញបានទទួលកសិផល និងចំណីអាហាររាប់ពាន់តោនពីបណ្ដាមូលដ្ឋាន ដើម្បីចែកចាយដល់ផ្សារប្រពៃណីជាង ២៣០ កន្លែងនៅក្នុងមូលដ្ឋាន។ ប្រសិទ្ធភាពនៃកម្មវិធីសហប្រតិបត្តិការពាណិជ្ជកម្មមិនត្រឹមតែរួមចំណែកដល់ការប្រមូលលក់ផលិតផលជូនប្រជាកសិករនិងសហគ្រាសក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជួយតភ្ជាប់គ្នា ដើម្បីសហគ្រាសនានានៅទីក្រុងហូជីមិញពង្រីក សិប្បកម្ម មូលដ្ឋានផលិតកែច្នៃ។ ក្រោយរយៈពេល ៥ ឆ្នាំ នៃការអនុវត្តកម្មវិធី (២០១៦ - ២០២០) សហគ្រាសចំនួន ២៨ នៅទីក្រុងហូជីមិញបានវិនិយោគលើរោងចក្រ និងសិប្បកម្មចំនួន ៤៧ នៅតាមខេត្ត ក្រុងនានានៅភាគ ខាងកើត - ខាងលិច នៃតំបន់ណាមបូ។ យោងតាមថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មនៃខេត្តនិងក្រុងភាគ
ខាងកើត - ខាងលិចនៃតំបន់ណាមបូបានឲ្យដឹងថា៖ កម្មវិធីនេះក៏ជះឥទ្ធិពលដល់អ្នកផលិតឲ្យឆ្លើយតបនឹងតម្រូវការកែលម្អគុណភាពផលិតផល និងធានាសុវត្ថិភាពនិងអនាម័យចំណីអាហារ។ លោកស្រីChau Thi Le អនុប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត Long An បានវាយតម្លៃថា៖ “កម្មវិធីសហប្រតិបត្តិការនេះបានជួយផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកផលិត។ ខេត្ត Long An គាំទ្រកម្មវិធីនេះណាស់ ហើយនឹងបន្តសហប្រតិបត្តិការក្នុងការផ្ដល់ផលិតផល ដែលមានគុណភាពខ្ពស់ដល់ទីក្រុងហូជីមិញផងដែរ”។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធីនេះ លោកស្រី Nguyen Huynh Trang អនុប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងហូជីមិញបានឲ្យដឹងថា មន្ទីរបានផ្ដល់អាទិភាពជួយសម្រួលផលិតផលកសិកម្ម និងផលិតផលប្រចាំតំបន់ ដែលមានស្តង់ដារសុវត្ថិភាពចំណីអាហារ ហើយត្រូវបានដាំដុះស្របតាមដំណើរការ VietGap និង GlobalGap ។ ដើម្បីនាំចេញជាពិសេសគឺ ទៅកាន់ទីផ្សារអ៊ឺរ៉ុប គឺត្រូវធានាគុណភាព និងរក្សាទិន្នផលប្រកបដោយស្ថេរភាព។ ទោះយ៉ាងណាក៏ដោយ នៅតាមខេត្តក្រុងនីមួយៗ គឺពិបាកអនុវត្តន៍ណាស់ ពោលគឺត្រូវមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិក្នុងតំបន់ទីក្រុងនឹងជំរុញការភ្ជាប់នេះ។ លោក Duong Anh Duc អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា៖ “ទីក្រុងហូជីមិញបានណែនាំមន្ទីរ និងស្ថាប័មានសមត្ថកិច្ច សម្របសម្រួល ជាមួយខេត្ត ក្រុង ដើម្បីអនុវត្តន៍ការងារជំរុញពាណិជ្ជកម្មយ៉ាងប្ដូរផ្ដាច់ ជួយសម្រួលភាគីនានាតភ្ជាប់គ្នា ដោះស្រាយការលំបាក ក៏ដូចជាបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសតភ្ជាប់ពាណិជ្ជកម្ម ផលិតកម្ម និងនាំចេញផងដែរ”។

“បើចង់ទៅលឿនទៅតែម្នាក់ឯង បើចង់ទៅឆ្ងាយទៅជាមួយគ្នា” នេះគឺជាទស្សនវិជ្ជាអាជីវកម្មដែលសហគ្រាសជាច្រើនពេញចិត្តខ្លាំងណាស់។ ដូច្នេះដើម្បីបន្តរួមគ្នាឆ្ពោះទៅមុខ និងអភិវឌ្ឍន៍ថែមទៀតនោះ ទីក្រុងហូជីមិញ និងខេត្ត ក្រុងនានានៅភាគខាងកើត ខាងលិចនៃតំបន់ណាមបូនឹងបន្តជំរុញខ្លាំងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ក៏ដូចជាពង្រីកទ្រង់ទ្រាយផលិតកម្ម ដើម្បីចូលរួមខ្សែសង្វាក់តភ្ជាប់ក្នុងតំបន់ និងឆ្ពោះទៅរកទីផ្សារនាំចេញ ដើម្បីរួមគ្នាអភិវឌ្ឍន៍ទៅអនាគតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម



បណ្តាព័ត៌មានបានផ្សាយ