20/10/2020 16:06 GMT+7 Email Print Like 0

ជប៉ុនយកចិត្តទុកដាក់ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀណាម

ពិធីទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម បានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម នាព្រឹកថ្ងៃទី ១៩ ខែតុលានៅទីក្រុងហាណូយ។

ពិធីទទួលបដិសណ្ឋារកិច្ចចំពោះនាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide បានប្រារព្ធធ្វើឡើងយ៉ាងអធឹកអធមនៅទីក្រុងហាណូយ (រូបថត៖ VOV)


បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចមក លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide បានដំណើរការកិច្ចពិភាក្សាដោយផ្តោតការពិភាក្សាលើកិច្ចសហប្រតិបត្តិការមួយចំនួន ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។ នាយករដ្ឋមន្រ្តីទាំងពីររូបក៏បានធ្វើជាសាក្សីពិធីចុះហត្ថលេខាលើលិខិតប្តូរសសារស្តីពីកិច្ច សហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន អង្គភាពអាជីវកម្មនិងដៃគូនានា វៀតណាម - ជប៉ុនផងដែរ។

នេះជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោកនាយករដ្ឋមន្រ្តី Suga Yoshihide និងជាលើកទី ២ ជាប់ៗគ្នា ដែលនាយករដ្ឋមន្រ្តីជប៉ុនថ្មីបានជ្រើសរើសប្រទេសវៀតណាមជាដំណើរទស្សនកិច្ចលើកដំបូង បន្ទាប់ពីចូលកាន់តំណែង។ ប្រការនេះបានបង្ហាញថា ជប៉ុន យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះវៀតណាមដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ជប៉ុន ចាប់តាំងពីឆ្នាំ ២០១៤ មក។

នាយករដ្ឋមន្ត្រីទាំងពីររូបអញ្ជើញត្រួតពលកងទ័ពប្រជាជនវៀតណាម (រូបថត៖ VOV)


នៅក្នុងកិច្ចពិភាក្សាបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកនាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នា ជំរុញរាល់វិធានការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ធ្វើឱ្យស៊ីជម្រៅថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាចែករំលែកនិងជួយទំនុកបម្រុងគ្នាទៅវិញទៅមកក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ រួមទាំងស្តារឡើងវិញនិងជំរុញកិច្ចសហប្រតិបត្តិការក្នុងស្ថានភាពធម្មតាថ្មី។ នាយករដ្ឋមន្រ្តីទាំងពីររូបក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាអន្តរជាតិពហុភាគីដែលវៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឆ្នាំ ២០២០-២០២១។

ទិដ្ឋភាពនៃជំនួបពិភាក្សារវាងភាគីទាំងពីរ (រូបថត៖ VGP)


ជាមួយគ្នានេះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញពីសារសំខាន់នៃការធានាសន្តិភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍លើសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ សម្រាប់សកម្មភាពនៅលើសមុទ្រទាំងអស់។ ទន្ទឹមជាមួយគ្នានោះ គោរពដំណើរការការទូតនិងច្បាប់ ដោយអនុវត្តន៍ពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត បញ្ចប់យ៉ាងឆាប់ៗ ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ។

អញ្ជើញថ្លែងក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចពិភាក្សា លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានបញ្ជាក់ថាៈ “ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការជឿទុកចិត្តខាងនយោបាយ តាមរយៈការរក្សាដំណើរទស្សនកិច្ច និងតាមរយៈរាល់យន្តការសន្ទនាគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ ក៏ដូចជា ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពលើគ្រប់វិស័យ រួមទាំងការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ចទៀតផង។ លើសពីនេះទៅទៀត បន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ - ១៩ និងបង្កលក្ខណៈងាយស្រួល ដើម្បីជំរុញការស្តារឡើងវិញរាល់សកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ”។

នាយករដ្ឋមន្ត្រីទាំងពីររូបអញ្ជើញជួបជាមួយសារព័ត៌មានបន្ទាប់ពីជំនួបពិភាក្សា (រូបថត៖ VGP) 


ចំណែកឯនាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide បានអះអាងថាៈ “ខ្ញុំមានសេចក្តីសោមនស្សន៍រីករាយណាស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ដែលជាប្រទេសដំបូងខ្ញុំបានធ្វើទស្សនកិច្ច បន្ទាប់ពីបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីមក។ នៅឆ្នាំនេះ វៀតណាមគឺជាប្រធានអាស៊ាន ហើយវៀតណាមបានដើរតួនាទីយ៉ាងសំខាន់នៅពេលដែល ជប៉ុនអនុវត្តយុទ្ធសាស្រ្តមហាសមុទ្រឥណ្ឌានិង ប៉ាស៊ីហ្វិកសេរីនិងបើកចំហ។ ហើយជប៉ុនគឺជាប្រទេសស្ថិតក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ហើយនឹងបន្តរួមចំណែកដល់សន្តិភាពនិងវិបុលភាពក្នុងតំបន់។ ខ្ញុំបានជ្រើសរើសវៀតណាម ពីព្រោះវៀតណាមជាកន្លែងសមស្របបំផុតសម្រាប់ខ្ញុំក្នុងការផ្ញើសារដើមដំបូងនេះទៅកាន់ពិភពលោក។ ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ហើយកិច្ចពិភាក្សាថ្ងៃនេះមានប្រសិទ្ធិភាពខ្លាំងណាស់ ដែលឆ្លុះបញ្ជាំងពីកិច្ចសហប្រតិបត្តិជាច្រើនត្រូវជំរុញនាពេលខាងមុខផងដែរ”។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ១២ ក្នុងវិស័យយុត្តិធម៌ បរិស្ថាន ការទប់ស្កាត់អំពើភេរវកម្មកំពង់ផែសមុទ្រតំបន់ឧស្សាហកម្ម  បច្ចេកវិទ្យាឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធជាដើម៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ