23/10/2021 17:13 GMT+7 Email Print Like 0

កិច្ចពិគ្រោះយោបល់នយោបាយលើកទី៧ រវាងក្រសួងការបរទេសវៀតណាម និងកម្ពុជា

ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ ១៩ ភាគីទាំងពីរបានខិតខំប្រឹងប្រែងរក្សាទំនាក់ទំនងទាំងថ្នាក់ជាន់ខ្ពស់និងថ្នាក់ក្រោមតាមគ្រប់ទម្រង់និងជំរុញយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយវៀតណាម-កម្ពុជា លើកទី៧ (រូបថត៖ TTXVN)

នាថ្ងៃទី ២១ ខែតុលា អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung និងរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក Soeung Rathchavy បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយវៀតណាម-កម្ពុជា លើកទី ៧ តាមទម្រង់អនឡាញ ដើម្បីផ្លាស់ប្តូរទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ និងបញ្ហាអន្តរជាតិ តំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។

ក្នុងកិច្ចពិភាក្សានយោបាយ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ជាវិជ្ជមាននៃទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងនិរន្តរភាពយូរអង្វែង” រវាងវៀតណាមនិងកម្ពុជាក្នុងរយៈពេលកន្លងមក។ ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ ១៩ ភាគីទាំងពីរបានខិតខំប្រឹងប្រែងរក្សាទំនាក់ទំនងទាំងថ្នាក់ជាន់ខ្ពស់និងថ្នាក់ក្រោមតាមគ្រប់ទម្រង់ និងជំរុញយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ក្នុងនោះមានស្ថានភាពសមុទ្រខាងកើតនិងការអភិវឌ្ឍថ្មីៗមួយចំនួនទាក់ទងនឹងសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ភាគីទាំងពីរបានប្តេជ្ញាសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ អាស៊ាន ASEM ជាដើម និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងយន្តការអនុតំបន់ ក៏ដូចជាតភ្ជាប់ការអភិវឌ្ឍនៃអនុតំបន់មេគង្គទៅនឹងដំណើរការកសាងសហគមន៍អាស៊ាន។      

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ៧ ហើយបានឯកភាពបន្តលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការកិច្ចសហប្រតិបត្តិការ ដ៏មានសារៈ សំខាន់នេះរវាងក្រសួងការបរទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នាថា កិច្ចពិគ្រោះយោបល់នយោបាយលើកទី៨ នឹងប្រព្រឹត្តទៅនៅកម្ពុជាក្នុងពេលវេលាសមស្របមួយនៅឆ្នាំ២០២៣៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ