ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីលោក Gillian Bird
នារសៀលថ្ងៃទី១៦ ខែមិថុនា នៅទីស្តីការរដ្ឋាភិបាលនៃទីក្រុងហាណូយ អញ្ជើញថ្លែងក្នុងពិធីទទួលឯកអគ្គរដ្ឋទូតអូស្ត្រាលីលោក Gillian Bird ក្នុងឱកាសដែលលោកឯកអគ្គរដ្ឋទូតចាប់ផ្តើមអាណត្តិបេសកកម្មកាទូតនៅវៀតណាម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានស្នើឲ្យលោកឯកអគ្គរដ្ឋទូត Gillian Bird សម្របសម្រួលយ៉ាងសកម្ម និងរក្សាសន្ទុះអភិវឌ្ឍន៍នៃទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ; និងស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននិងការកសាងទិន្នន័យគ្រប់គ្រងប្រជាជន។
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី Bui Thanh Son ក៏បានស្នើឱ្យភាគីទាំងពីរបង្កើនការបើកទ្វារទីផ្សារ ជំរុញប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលប្រទេសទាំងពីរជាសមាជិក សំដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានឆាប់ដល់គោលដៅចំនួន ២០ ពាន់លានដុល្លារអាមេរិក។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី លោក Bui Thanh Son បានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទី ការរួមចំណែក និងការប្តេជ្ញាចិត្តរបស់អូស្ត្រាលីចំពោះតំបន់អាស៊ីអាគ្នេយ៍ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ; លើកទឹកចិត្តអូស្ត្រាលីឱ្យសហការយ៉ាងជិតស្និទ្ធ ជាមួយបណ្តាប្រទេសអនុតំបន់មេគង្គ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Gillian Bird បានអះអាងថា អូស្ត្រាលីតែងតែត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ និងរួមដំណើរជាមួយវៀតណាម; សង្កត់ធ្ងន់ថា អូស្ត្រាលីវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងតំបន់ ហើយមានបំណងចង់ពង្រឹងនិងកសាងទំនាក់ទំនងដៃគូខ្លាំងមាំមួនទៀតជាមួយវៀតណាម៕