ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់សឺន៖ ក្នុងឆ្នាំ ២០២៤នេះ ទំនាក់ទំនងកិច្ចការបរទេសបានឈានដល់កម្រិតខ្ពស់ថ្មីមួយ
យោងតាមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺនបានឲ្យដឹងថា ក្នុងឆ្នាំនេះ ស្ថានភាពពិភពលោកបានបន្តប្រែប្រួលយ៉ាងស្មុគ្រស្មាញ ជាមួយនឹងអស្ថិរភាព និងជម្លោះជាច្រើន។ បញ្ហាសកលជាបន្ទាន់ ដូចជាការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ ជំងឺរាតត្បាត សន្តិសុខស្បៀង សន្តិសុខទឹក... មានផលប៉ះពាល់ច្រើនផ្នែក គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍របស់បណ្តាប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងបរិបទពិភពលោកបែបនេះ វៀតណាមនៅតែរក្សាបាននូវសន្តិភាព ស្ថិរភាព និងជាប្រទេសអភិវឌ្ឍន៍ ហើយត្រូវបានមតិសាធារណៈអន្តរជាតិចាត់ទុកថាជា “ចំណុចភ្លឺ” មួយនៅក្នុងតំបន់។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់ សឺន បានសង្កត់ធ្ងន់ថា៖ “សកម្មភាពកិច្ចការបរទេសត្រូវបានដាក់ពង្រាយយ៉ាងសកម្មនិងវិជ្ជមាន សម្រេចបានលទ្ធផលជាសារវ័ន្តជាច្រើន បង្កើតឋានៈកិច្ចការបរទេសថ្មី បង្កើតសន្ទុះអំណោយផលសម្រាប់ប្រទេសជាតិ ដើម្បីឈានចូលយុគសម័យស្ទុះឈានទៅមុខ”។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក ប៊ុយ ថាញ់ សឺន បានវាយតម្លៃថា ឆ្នាំនេះ វៀតណាមសម្រេចបាននូវសមិទ្ធិផលលេចធ្លោជាច្រើនក្នុងកិច្ចការបរទេស ដែលបង្ហាញតាមរយៈការដែល ថ្នាក់ដឹកនាំសំខាន់ៗរបស់វៀតណាមបានធ្វើសកម្មភាពកិច្ចការបរទេសសរុបចំនួន ៦០ ក្នុងនោះមានដំណើរទស្សនកិច្ចចំនួន ២១ ទៅកាន់បរទេស និងចូលរួមសន្និសីទពហុភាគី; ទទួលស្វាគមន៍គណៈប្រតិភូថ្នាក់ដឹកនាំបរទេសចំនួន ២៥ ដែលមកបំពេញទស្សនកិច្ចនៅវៀតណាម។ វៀតណាមក៏បានជំរុញការអនុវត្តកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តអន្តរជាតិ ដោយអនុវត្តន៍ជាក់ស្តែង រាល់គ្របខ័ណ្ឌទំនាក់ទំនងដែលត្រូវបានលើកកំពស់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីជាង ១៧០ លើវិស័យជាច្រើន ជាពិសេសវិស័យដែលវៀតណាមមានតម្រូវការនិងមានផលប្រយោជន៍៕