ព័ត៌មាន
អ្នកជំនាញ Layton Pike៖ ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បញ្ជាក់ពីកម្រិតជឿទុកចិត្តកាន់តែខ្ពស់ឡើងរវាងវៀតណាមនិងអូស្ត្រាលី
ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ បង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃភាគីទាំងពីរក្នុងការកសាងទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពដោយផ្អែកលើការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដែលនាំមកនូវអត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម លោក Layton Pike សមាជិកក្រុមប្រឹក្សានៃវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម (AVPI) បានបញ្ជាក់ ថា “ជំនួបរវាងថ្នាក់ដឹកនាំវៀតណាម និងអូស្ត្រាលីឆ្លុះបញ្ចាំងពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃទំនាក់ទំនង និងកម្រិតខ្ពស់នៃការជឿទុកចិត្តគ្នារវាងប្រទេសទាំងពីរ”។ លោក Layton Pike ក៏បានចាត់ទុកថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមគឺជា “ការបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ នវានុវត្តន៍ ការអភិវឌ្ឍប្រកបដោយចីរភាព និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន”។ ក្នុងពេលជាមួយគ្នានេះ ដំណើរទស្សនកិច្ចនេះក៏ “ផ្ញើសញ្ញាវិជ្ជមានទៅកាន់អាជីវកម្ម សាកលវិទ្យាល័យ អ្នកវិនិយោគ និងសហគមន៍នៅក្នុងប្រទេសអូស្ត្រាលី និងវៀតណាមថា រដ្ឋាភិបាលទាំងពីរប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងប្រទេសទាំងពីរ”។
លោក Layton Pike បានឲ្យដឹងថា ចាប់តាំងពីទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២៤ ភាគីទាំងពីរបានឃើញការអភិវឌ្ឍយ៉ាងខ្លាំងនៅក្នុងវិស័យជាច្រើន។ លោក Layton Pike បានបញ្ជាក់ថា វៀតណាមគឺជាដៃគូដ៏សំខាន់បំផុតរបស់អូស្ត្រាលីនៅក្នុងតំបន់ ហើយអូស្ត្រាលីប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងនេះ។ លោក Layton Pike ជឿជាក់ថា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអូស្ត្រាលីនិងវៀតណាមនឹងរួមចំណែកដល់តំបន់ដែលមានភាពធន់ វិបុលភាពនិងតភ្ជាប់យ៉ាងស្អិតរមួតជាង៕





