អស់រយៈពេលជាច្រើនឆ្នាំមកហើយ កំណើនសេដ្ឋកិច្ចរបស់វៀតណាមភាគច្រើនពឹងផ្អែកលើសសរស្តម្ភបីគឺ កម្លាំងពលកម្មថោក ការវិនិយោគបរទេស និងដំណើរការការនាំចេញផលិតផលពាក់កណ្តាលសម្រេចនិងសម្រេច ។ គំរូនេះបានជួយសេដ្ឋកិច្ចឱ្យសម្រេចបានជោគជ័យគួរឲ្យកត់សម្គាល់។ ទោះជាយ៉ាងណាក៏ដោយ វិបត្តិសកល ដូចជាជំងឺរាតត្បាត ឬជម្លោះភូមិសាស្ត្រនយោបាយ បានបង្ហាញពីភាពងាយរងគ្រោះនៃសេដ្ឋកិច្ចនៅពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវផ្អាកជាបណ្តោះអាសន្ន។
នៅក្នុងបរិបទនេះ ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្របានក្លាយជាតម្រូវការចាំបាច់សម្រាប់ប្រទេសវៀតណាម ដើម្បីឈរយ៉ាងរឹងមាំក្នុងពិភពលោកដែលមិនប្រាកដប្រជា និងសំខាន់ជាងនេះទៅទៀត គឺដើម្បីដោះស្រាយឧបសគ្គផ្ទៃក្នុងនៃខឿនសេដ្ឋកិច្ច។
ប្រដេញតាមទាន់ បោះជំហានរួមនិងវ៉ាដាច់
ក្នុងអំឡុងពេលកន្លងមក វៀតណាមសម្រេចបានសមិទ្ធិផលជាជំហានដំបូង ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជួយឧបត្ថម្ភការផ្លាស់ប្តូរឌីជីថល; ការអនុវត្តបច្ចេកវិទ្យាយ៉ាងទូលំទូលាយនៅទូទាំងសង្គម; ការចូលរួមដំបូងនៅក្នុងខ្សែសង្វាក់បច្ចេកវិទ្យាខ្ពស់ (អេឡិចត្រូនិច ស៊ីមីកុងដុកទ័រ); ការបង្កើតប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍; ការបង្កើនកម្លាំងពលកម្មបច្ចេកវិទ្យា; ស្ថាប័ន និងសុក្រិតគោលនយោបាយជាបណ្តើរៗ។
យ៉ាងណាមិញ ដើម្បីផ្លាស់ប្តូរពីការអនុវត្តទៅជាការធ្វើជាម្ចាស់លើបច្ចេកវិទ្យា ពីដំណើរការទៅជាការបង្កើតតម្លៃ ចូលរួម និងដឹកនាំក្នុងវិស័យមួយចំនួន វៀតណាមត្រូវតែធ្វើឱ្យមានការទម្លាយដ៏រឹងមាំមួយ ដូចដែលឧបនាយករដ្ឋមន្ត្រី ង្វៀន ជី យុង ធ្លាប់បានសង្កត់ធ្ងន់ថា៖ "ដើម្បីបង្កើតចេញលក្ខណៈទម្លុះទម្លាយ យើងត្រូវតែពឹងផ្អែកលើចំណេះដឹង បច្ចេកវិទ្យា ទេពកោសល្យ និងស្ថាប័នត្រួសត្រាយ។ ហើយសំខាន់ជាងនេះទៅទៀត យើងត្រូវតែបង្ហាញសមត្ថភាពយ៉ាងសកម្មក្នុងការចូលរួមគ្រប់ដំណាក់កាលនៃខ្សែសង្វាក់តម្លៃសកល យល់ដឹងពីស្តង់ដារអន្តរជាតិ ចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃ និងធ្វើសមាហរណកម្មជាមួយភាសាសកលអំពីបច្ចេកវិទ្យា។ វៀតណាមត្រូវការផ្លាស់ប្តូរលឿនជាង កាន់តែម៉ឺងម៉ាត់ និងកាន់តែក្លាហាន។ មានន័យថា យើងត្រូវតែមានវិធីផ្ទាល់ខ្លួន ដើម្បីបង្រួមគម្លាតជាមួយពិភពលោក មួយជំហានម្តងៗ ដោយធ្វើតាមបាវចនានៃការប្រដេញតាមទាន់ បោះជំហានរួម និងវ៉ាដាច់”។
សេចក្តីសម្រេចលេខ ៥៧ របស់ការិយាល័យនយោបាយ រួមជាមួយនឹងច្បាប់សំខាន់ៗមួយចំនួន ដូចជា៖ ច្បាប់ស្តីពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; ច្បាប់ស្តីពីបច្ចេកវិទ្យាខ្ពស់; ច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា; ច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា; ច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិតជាដើម បានបង្កើតក្របខ័ណ្ឌច្បាប់ទូទៅសម្រាប់លើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រនៅវៀតណាម។ វៀតណាមក៏បានបង្កើតគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដែលដឹកនាំដោយផ្ទាល់ដោយលោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ។
នៅក្នុងកិច្ចប្រជុំតាមអ៊ីនធឺណិតរបស់គណៈកម្មាធិការដឹកនាំជាមួយខេត្ត និងក្រុងចំនួន ៣៤ ដែលបានធ្វើឡើងនាថ្ងៃទី ២៨ ខែមីនា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រគឺជាភារកិច្ចនយោបាយដ៏សំខាន់សម្រាប់វៀតណាម។
"បង្កើតយន្តការដឹកនាំនិងសម្របសម្រួលដោយឯកភាពនៅកម្រិតរដ្ឋាភិបាល ដើម្បីរៀបចំការអនុវត្តកម្មវិធីអភិវឌ្ឍន៍បច្ចេកវិទ្យាយុទ្ធសាស្ត្រ។ ពិនិត្យ និងបង្ហើយបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដើម្បីដាក់ជូននាយករដ្ឋមន្ត្រី ដោយបង្ហើយរួចជាស្រេចនៅខែមេសា ឆ្នាំនេះ។ ស្នើឱ្យបង្កើតក្រុមការងាររដ្ឋាភិបាលស្តីពីការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី។ ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ ត្រូវតែកើតចេញពីការពិតជាក់ស្តែង និងផ្តើមពីតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ"។
វិធីសាស្រ្តអភិក្រមជាក់ស្តែង
បច្ចេកវិទ្យាឌីជីថល រួមទាំងបញ្ញាសិប្បនិម្មិត ទិន្នន័យធំ និងការគណនាលើពពក គឺជាមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អប្រសិទ្ធភាពគ្រប់គ្រង និងផលិតកម្ម។ បច្ចេកវិទ្យាថាមពល ជាពិសេសថាមពលកកើតឡើងវិញនិងការផ្ទុកអគ្គិសនី ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខថាមពល។ បច្ចេកវិទ្យាផលិតកម្មដូចជា ស្វ័យប្រវត្តិកម្ម មនុស្សយន្ត និងការចូលរួមក្នុងខ្សែសង្វាក់តម្លៃឧបករណ៍អេឡិចត្រូនិក ជួយលើកកម្ពស់សមត្ថភាពឧស្សាហកម្ម។ ទន្ទឹមនឹងនេះ បច្ចេកវិទ្យាជីវសាស្ត្របើកឱកាសសំខាន់ៗសម្រាប់វិស័យកសិកម្ម និងការថែទាំសុខភាព។
ដូច្នេះ ទិសដៅអភិវឌ្ឍន៍បច្ចេកវិទ្យាជាយុទ្ធសាស្ត្របច្ចុប្បន្នរបស់វៀតណាម គឺផ្តោតលើអាជីវកម្ម ដោយភ្ជាប់បច្ចេកវិទ្យាទៅនឹងបញ្ហាសេដ្ឋកិច្ចជាក់ស្តែង និងទាញយកអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបំពេញចន្លោះប្រហោង។ ជាពិសេសការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវតែលើកដាក់ជាចម្បង។ អគ្គលេខាបក្ស លោក តូ ឡឹម ក្នុងដំណើរទស្សនកិច្ច និងជួបធ្វើការជាមួយវិទ្យាស្ថានបច្ចេកទេសយោធា នៅថ្ងៃទី១៧ ខែមីនា បានបញ្ជាក់ថា៖ "ច្នៃប្រឌិតយ៉ាងខ្លាំងនូវខ្លឹមសារ និងកម្មវិធីបណ្តុះបណ្តាលឆ្ពោះទៅរកទិសដៅទំនើប ជាក់ស្តែង និងតភ្ជាប់ទំនាក់ទំនងគ្នា ដែលភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការអនុវត្ត និងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងលើកកម្ពស់ការធ្វើសមាហរណកម្មអន្តរជាតិ។ ជាពិសេស បន្តពង្រីកគំរូនៃការបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ និងការអភិវឌ្ឍទេពកោសល្យគ្រប់កម្រិតក្នុងវិស័យបច្ចេកវិទ្យាថ្មី បច្ចេកវិទ្យាមូលដ្ឋាន បច្ចេកវិទ្យាស្នូល និងបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដោយមានគោលបំណងធ្វើជាម្ចាស់លើបច្ចេកវិទ្យាជឿនលឿននិងទំនើបមួយចំនួន”។
ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រគឺជាតម្រូវការសំខាន់សម្រាប់វៀតណាមក្នុងរយៈពេលបច្ចុប្បន្ន។ នេះគឺជាគន្លឹះក្នុងការជួយវៀតណាមផ្លាស់ប្តូរពីសេដ្ឋកិច្ចផលិតផលពាក់កណ្តាលសម្រេចនិងសម្រេច ទៅជាប្រព័ន្ធដែលមានលក្ខណៈច្នៃប្រឌិត និងពឹងផ្អែកលើខ្លួនឯងកាន់តែច្រើននៅក្នុងយុគសម័យថ្មី៕







