ព័ត៌មាន
អញ្ជើញមកដល់ល្បាក់ទឹកធ្លាក់ Ban Ba (Tuyen Quang) ដើម្បី "ងូតទឹកព្រៃ" និងគយគន់ភាពស្រស់ស្អាតនៃព្រៃភ្នំភាគពាយ័ព្យ
ល្បាក់ទឹកធ្លាក់ Ban Ba ស្ថិតនៅរយៈកំពស់ប្រហែល ១៧០ ម៉ែត្រ ហើយត្រូវបានគេប្រសិទ្ធនាមថា ជា "ព្រះនាងជុំក្នុងព្រៃ" នៃខេត្ត Tuyen Quang។ ជាមួយនឹងទឹកហូរពេញមួយឆ្នាំ និងទឹកធ្លាក់ ៣ ជាន់ Ban Ba បានក្លាយជាអច្ឆរិយៈវត្ថុធម្មជាតិដ៏ពិសេសមួយ ដែលទាក់ទាញភ្ញៀវទេសចរមកគយគន់ភាពស្រស់ស្អាតដ៏រហោស្ថាននៅទីនេះ។
ល្បាក់ទឹកធ្លាក់ Ban Ba លេចធ្លោជាមួយនឹងទឹក ៣ ជាន់។ ជាន់ទីមួយមានច្រាំងថ្មចោទរាងសត្វនាគវិល។ ជាន់ទី ២ ចែកចេញជាលំហូរទឹកធ្លាក់ចំនួន ២ ដូចខ្សែសូត្រ ដែលភ្ញៀវទេសចរអាចងូតទឹក និងថតរូបបាន។ ជាន់ចុងក្រោយ ហូរតាមច្រាំងថ្មកំបោរចុះទៅដល់ទីជ្រៅ ដែលបង្កើតបាននូវទេសភាពដ៏អស្ចារ្យ គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ លោក Minh Hoang ភ្ញៀវទេសចរមកពីខេត្ត Bac Giang បានចែករំលែកថា៖
"បទពិសោធន៍ទេសចរណ៍នៅល្បាក់ទឹកធ្លាក់ Ban Ba រួមមានសកម្មភាពដូចជា៖ សមាធិ យូហ្គា ត្រាំជើង ហើយដំណើរកំសាន្តនៅទឹកធ្លាក់ Ban Ba បានផ្តល់ឱ្យខ្ញុំនូវពេលវេលាដ៏ស្ងប់ស្ងាត់ សម្រាកលំហែកាយ ជ្រមុជខ្លួនក្នុងធម្មជាតិ។ ទេសភាពនៅទឹកធ្លាក់ Ban Ba គឺស្រស់ស្អាតនិងមនោរម្យ ពិតជាកន្លែងមួយដ៏ល្អណាស់"។
"ការងូតទឹកក្នុងព្រៃ" ក៏ជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍នៅទឹកធ្លាក់ Ban Ba ផងដែរ។ ភ្ញៀវទេសចរអាចដើរកំសាន្តក្រោមម្លប់ដើមឈើព្រៃ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ។ អារម្មណ៍នៃការប៉ះដៃលើដើមឈើបៃតង ស្តាប់សំឡេងស្លឹកឈើជ្រុះ ឬគ្រាន់តែជ្រមុជខ្លួននៅក្នុងទឹកជ្រោះត្រជាក់ ក៏អាចជួយភ្ញៀវទេសចរបំបាត់ភាពនឿយហត់។ បទពិសោធន៍នៃ "ការងូតទឹកក្នុងព្រៃ" នៅទឹកធ្លាក់ Ban Ba បានបន្សល់ទុកមកការចាប់អារម្មណ៍ដែលមិនអាចបំភ្លេចបាន សម្រាប់អ្នកស្រី Bui Nhan ភ្ញៀវទេសចរមកពី Ha Nam។
"ទេសភាពធម្មជាតិ និងទឹកជ្រោះគឺអស្ចារ្យណាស់។ នេះជាទីកន្លែងដែលយើងអាចស្រូបយកថាមពលនៃមេឃដី ជួយយើងឲ្យស្ដារសុខភាពឡើងវិញ។ កន្លែងនេះដូចជាទីតាំងសាកថ្ម ដើម្បីឲ្យយើងទទួលយកវិញនូវប្រភពថាមពលដ៏អស្ចារ្យ"។
មិនត្រឹមតែគយគន់ទេសភាពដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ពេលមកទីនេះ ភ្ញៀវទេសចរអាចចូលរួមថ្នាក់សមាធិ យូហ្គាពេលព្រឹកតាមទឹកជ្រោះ ឬការសំណេះសំណាល ប្រជុំជីវភាពសហគមន៍ នៅកណ្ដាលវាលដែលត្រូវបានរៀបចំជាប្រចាំទៀតផង។
នៅក្នុងសូរសំឡេងរទឹកហូរ ក្នុងក្លិនក្រអូបនៃព្រៃ នៅកណ្តាលធម្មជាតិសុទ្ធសាធ ដោយគ្មានសញ្ញាទូរស័ព្ទ គ្មានភាពអ៊ូអរនៃទីក្រុង មនុស្សបានសម្រាកលំហែកាយ រៀនពីរបៀបស្តាប់ខ្លួនឯង ស្រឡាញ់រាងកាយខ្លួនឯង និងជួយពួកគេឱ្យស្រឡាញ់ពេលវេលានៅក្នុងជីវិត។
លោកស្រី Pham Thu Trang អគ្គនាយិកាក្រុមហ៊ុនចំកាត់ Song Gam ម្ចាស់វិនិយោនៃគម្រោងមណ្ឌលទេសចរណ៍អេកូឡូស៊ីទឹកធ្លាក់ Ban Ba មានប្រសាសន៍ថា៖
"ដោយមើលឃើញពីសក្តានុពលនៅ Ban Ba ជាមួយនឹងប្រៀបខ្លាំងនៃធម្មជាតិព្រៃក្នុងការព្យាបាលនោះ ក្រុមហ៊ុនបានធ្វើអាជីវកម្មដោយមិនប៉ះពាល់ដល់ធម្មជាតិនោះទេ។ បមនុស្សអាចឆ្លៀតយកថាមពលនៃមាតាធម្មជាតិដើម្បីព្យាបាល និងបន្ធូរអារម្មណ៍ខ្លួនឯង"។
ប្រសិនបើអ្នកកំពុងស្វែងរកកន្លែងមួយដើម្បី "ឈប់សម្រាក" នៅក្នុងជីវភាពសម័យទំនើប ដើម្បីដកដង្ហើមខ្យល់បរិសុទ្ធ ត្រាំក្នុងទឹកត្រជាក់ ជ្រមុជខ្លួននៅក្នុងធម្មជាតិ ឬទទួលយកវិញនូវថាមពលវិជ្ជមានពីព្រៃភ្នំនោះ ទឹកធ្លាក់ Ban Ba ពិតគឺជាជម្រើសមួយដែលមិនគួររំលងឡើយ៕