ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ប្រាថ្នាចង់ឱ្យបណ្តាសាជីវកម្មរបស់អាមេរិកពង្រីកការវិនិយោគនិងកិច្ចសហប្រតិបត្តិការនៅវៀតណាម
ក្នុងជំនួបជាមួយលោក Tim Cook នាយកប្រតិបត្តិនៃសាជីវកម្ម Apple លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមបានបញ្ជាក់ច្បាស់ថា វៀតណាមប្រាថ្នាចង់ឱ្យ Apple បន្តរួមដំណើរ ពង្រីកកិច្ចសហប្រតិបត្តិការ និងរួមចំណែកកាន់តែច្រើនថែមទៀតក្នុងដំណើរការលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យា គុណភាពប្រភពធនធានមនុស្ស និងឋានៈរបស់វៀតណាមនៅក្នុងខ្សែសង្វាក់តម្លៃសកល; ស្នើឱ្យ Apple បន្តយកចិត្តទុកដាក់ ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមតាមទិសដៅជាក់ស្តែង យូរអង្វែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ចំពោះខ្លួនវិញ លោក Tim Cook បានឱ្យដឹងថា Apple ប្រាថ្នាចង់បន្តពង្រីកវត្តមានរបស់ខ្លួននៅវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូ អភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ បណ្តុះបណ្តាលប្រភពធនធានមនុស្ស និងរួមចំណែកក្នុងដំណើរការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍របស់វៀតណាម។
ក្នុងជំនួបជាមួយលោក Chip Kaye ប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្ម Warburg Pincus លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្តែងនូវការប្រាថ្នាចង់ឲ្យសាជីវកម្ម Warburg Pincus បន្តជួយវៀតណាមក្នុងការបង្កើតឡើងនូវបណ្តាសហគ្រាសដែលមានទ្រង់ទ្រាយធំជាង មានសមត្ថភាពគ្រប់គ្រងខ្ពស់ជាង និងអាចឈានទៅរកទីផ្សារទុនអន្តរជាតិបានល្អជាង; ទន្ទឹមនឹងនោះ រួមចំណែកក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ និងការវិនិយោគទំនើបនៅវៀតណាម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឲ្យសាជីវកម្ម Warburg Pincus ផ្តល់អាទិភាពដល់ការពង្រីកការវិនិយោគ និងរួមគ្នាអភិវឌ្ឍបណ្តាសហគ្រាសវៀតណាម។
ក្នុងជំនួបជាមួយលោក Brendan Nelson AO ប្រធានសាជីវកម្ម Boeing លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យអាជីវកម្ម Boeing ផ្តល់អាទិភាពក្នុងការលើកកម្ពស់ឋានៈរបស់វៀតណាមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ Boeing; ជួយសហគ្រាសវៀតណាមឱ្យសម្រេចបាននូវស្តង់ដារអន្តរជាតិអំពីគុណភាព សុវត្ថិភាព ការតាមដានប្រភពដើម និងការគ្រប់គ្រងការផលិត…៕





