ពិធីនេះត្រូវបានរៀបចំឡើងតាមទម្រងដោយផ្ទាល់និងតាមអ៊ីនធឺណិត ហើយត្រូវបានផ្សាយផ្ទាល់តាមប៉ុស្តិ៍ VTV១ (ទូរទស្សន៍វៀតណាម) និងប៉ុស្តិ៍ VOV១ (វិទ្យុសំឡេងវៀតណាម) និងផ្សាយផ្ទាល់តាមអ៊ីនធឺណិតនៅលើវេទិកាឌីជីថល រួមទាំងគេហទំព័រ vovworld.vn ផងដែរ។
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ុង បានអញ្ជើញចូលរួម និងធ្វើពិធីបើកឆ្នាំសិក្សាថ្មីនៅសាលាអន្តេវាសិកបឋមសិក្សានិងមធ្យមសិក្សាមឿងឃឿង ខេត្តឡាវកាយ។ លោកប្រធានរដ្ឋសភា ជិន ថាញ់មិន បានចូលរួមពិធីបើកឆ្នាំសិក្សាថ្មីនៅសាលាវិទ្យាល័យ Le Quy Don (ខេត្តហឹងអៀន)។ សមាជិកអចិន្ត្រៃយ៍នៃគណលេខា លោក ជិន កឹមទូ បានចូលរួមពិធីបើកឆ្នាំសិក្សា ២០២៦-២០២៧ នៅសាលាអន្តេវាសិកមធ្យមសិក្សាជនជាតិភាគតិច ខេត្តបាក់និញ។
បន្ទាប់ពីពិធីគោរពទង់ជាតិនៅសាលាបឋមសិក្សានិងមធ្យមសិក្សាមឿងឃឿង រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលលោក ហ័ង មិញសឺន បានអានលិខិតរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជូនចំពោះវិស័យអប់រំ ក្នុងឱកាសបើកឆ្នាំសិក្សាថ្មី។ នៅក្នុងលិខិតនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ឆ្នាំសិក្សា ២០២៦-២០២៧ ត្រូវតែបង្កើតការផ្លាស់ប្តូរជាក់ស្តែងនៅក្នុងគុណភាពនៃការអប់រំនិងការរៀនសូត្រ ក៏ដូចជាយុត្តិធម៌ក្នុងការទទួលបានការអប់រំ។ សាលារៀននីមួយៗត្រូវតែជាកន្លែងដែលអ្នករៀនត្រូវបានគោរព ផ្ទៀងស្តាប់ លើកទឹកចិត្តការសិក្សានិងអភិវឌ្ឍបំណិនដោយខ្លួនឯង។ ជាកន្លែងដែលអ្នកមានទេពកោសល្យត្រូវបានរកឃើញ និងគាំទ្រ ហើយសិស្សដែលមានស្ថានភាពលំបាក់មិនត្រូវបានទុកចោលនៅពីក្រោយឡើយ។
តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ នៅក្នុងពិធីបើកឆ្នាំសិក្សាថ្មី លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា វៀតណាមកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ដោយមានសេចក្តីប្រាថ្នាអំពីប្រទេសវៀតណាមអភិវឌ្ឍ ខ្លាំងមាំមួន និងវិបុលភាព។ ក្នុងបរិបទនេះ ការអប់រំត្រូវតែឈានទៅមុខមួយជំហាន ដោយក្លាយជាមូលដ្ឋានគ្រឹះនិងជាកម្លាំងចលករដ៏សំខាន់យ៉ាងពិតប្រាកដ។
«ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចវិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ជាឆ្នាំសិក្សានៃការច្នៃប្រឌិតក្នុងការត្រិះរិះ វិធីសាស្រ្ត និងគុណភាព បង្កើតរបកគំហើញយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាល។ ឆ្នាំសិក្សា ២០២៦-២០២៧ ត្រូវតែជាឆ្នាំសិក្សានៃការច្នៃប្រឌិតជាក់ស្តែងពីសាលារៀននីមួយៗ ថ្នាក់រៀននីមួយៗ គ្រូបង្រៀនម្នាក់ៗ សិស្សម្នាក់ៗ និងវិស័យអប់រំទាំងមូល។ វិស័យអប់រំទាំងមូលនឹងបន្តច្នៃប្រឌិតយ៉ាងខ្លាំងនូវការត្រិះរិះគ្រប់គ្រងនិងវិធីសាស្រ្តបង្រៀន ដោយយកអ្នករៀនជាស្នូលសាលារៀនជាមូលដ្ឋានគ្រឹះ គ្រូបង្រៀនជាកម្លាំងចលករ គ្រួសារជាទីបង្អែក និងសង្គមជាធនធានអមដំណើរ។ ការសាងសង់សាលារៀនដ៏រួសរាយរាក់ទាក់ សុវត្ថិភាព តម្លាភាព និងមនុស្សធម៌ ជាកន្លែងដែលសិស្សត្រូវបានគោរព លើកទឹកចិត្តឱ្យច្នៃប្រឌិត និងក្តីសុបិន្តត្រូវបានចិញ្ចឹមបីបាច់។»
បន្ទាប់នោះ នាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈប្រតិភូនៅទីតាំងផ្សេងៗ បានកាត់ខ្សែបូរបើកសម្ពោធសាលាអន្តេវាសិកអន្តរកម្រិតនៅតាមបណ្តាឃុំជាប់ព្រំដែនគោក។ នាយកសាលាមកពីសាលារៀនទូទាំងប្រទេសបានវាយស្គរក្នុងពេលដំណាលគ្នា ដើម្បីបើកឆ្នាំសិក្សា ២០២៦-២០២៧ ជាផ្លូវការ៕





