ជាមួយនឹងបាវចនា "សាមគ្គីភាព
វិន័យ ឫទ្ធានុភាព បត់បែន ច្នៃប្រឌិត ទាន់ពេលវេលានិងមានប្រសិទ្ធភាព"
ចាប់ពីដើមឆ្នាំមក
រដ្ឋាភិបាលបានផ្តោតលើការដឹកនាំការអនុវត្តដោយព្រមៗគ្នានូវគោលនយោបាយសារពើពន្ធ
រូបិយវត្ថុ និងគោលនយោបាយផ្សេងៗទៀត ដើម្បីផ្តល់អាទិភាពដល់កំណើន រក្សាយ៉ាងរឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។
ជាលទ្ធផល
កំណើន GDP រយៈពេល ៩ ខែ សម្រេចបាន ៤,២៤%។ សន្ទស្សន៍តម្លៃប្រើប្រាស់ជាមធ្យម (CPI) រយៈពេល
៩ ខែបានកើនឡើង ៣,១៦%។ ទីផ្សាររូបិយវត្ថុ
និងរូបិយប័ណ្ណបរទេសមានស្ថេរភាពជាមូលដ្ឋាន អត្រាការប្រាក់ថយចុះ។
ការនាំចូល-នាំចេញបានកើនឡើងជាបណ្ដើរៗ ក្នុងរយៈពេល៩ខែ អតិរេកពាណិជ្ជកម្មមានចំនួន ២២
ពាន់លានដុល្លារអាមេរិក។ សន្តិសុខថាមពល សន្តិសុខស្បៀងអាហារត្រូវបានធានា។
ការបើកចំណាយទុនវិនិយោគសាធារណៈរហូតដល់ខែកញ្ញាគឺខ្ពស់ជាង ៤,៦៨%
បើធៀបនឹងរយៈពេលដូចគ្នា; ការវិនិយោគផ្ទាល់ពីបរទេស (FDI)
សម្រេចបានប្រហែល ១៦ ពាន់លានដុល្លារអាមេរិក កើនឡើង ២,២%។ មូលនិធិប្រាក់បៀវត្សរ៍រហូតមកដល់បច្ចុប្បន្នមានប្រហែល ៥៦០ ទ្រីលានដុង
(២៣,៥ ពាន់លានដុល្លារអាមេរិក)
ធានាបាននូវប្រភពគ្រប់គ្រាន់សម្រាប់ការកែទម្រង់ប្រាក់បៀវត្សរ៍ក្នុងរយៈពេល ៣ ឆ្នាំ
២០២៤ - ២០២៦។ ជាមួយនឹងលទ្ធផលទាំងនោះ ប្រមុខរដ្ឋាភិបាលបានមានប្រសាសន៍ថា៖
“អង្គការអន្តរជាតិមានកិត្យានុភាពជាច្រើនបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល
និងយថាទស្សន៍នៃសេដ្ឋកិច្ច ហើយព្យាករណ៍ថា
វៀតណាមនឹងងើបឡើងវិញយ៉ាងឆាប់រហ័សនាពេលខាងមុខ។ តម្លៃម៉ាកយីហោជាតិរបស់វៀតណាមសម្រេចបាន
៤៣១ ពាន់លានដុល្លារអាមេរិក កើនឡើង ១ កាំដល់ចំណាត់ថ្នាក់តី ៣២
ក្នុងចំណោមម៉ាកយីហោជាតិខ្លាំងជាងគេទាំង ១០០ លើពិភពលោក”។
ទន្ទឹមនឹងការគ្រប់គ្រងបញ្ហាក្នុងស្រុក
វៀតណាមក៏យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការបរទេសផងដែរ។ នាយករដ្ឋមន្ត្រី លោក Pham Minh
Chinh បានអះអាងថា៖
“កិច្ចការបរទេស និងការងារសមាហរណកម្មអន្តរជាតិត្រូវបានដាក់ពង្រាយយ៉ាងរស់រវើក
ជាបន្តបន្ទាប់ ហើយជាចំណុចលេចធ្លោនៃឆ្នាំ ២០២៣
សម្រេចបានសមិទ្ធិផលប្រវត្តិសាស្ត្រសំខាន់ៗជាច្រើន បង្កើតឱកាសថ្មីៗ
ក្នុងការអភិវឌ្ឍប្រទេសជាតិ និងលើកកំពស់តួនាទី ឋានៈ
និងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។ មកដល់បច្ចុប្បន្ន
វៀតណាមមានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
ឬដៃគូយុទ្ធសាស្ត្រជាមួយបណ្តាប្រទេសអចិន្ត្រៃយ៍ទាំង ៥
នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រទេស G២០ ជាច្រើន; រួមចំណែកថែរក្សាបរិយាកាសសន្តិភាព
ស្ថិរភាព ដើម្បីកសាង និងការពារមាតុភូមិ”។
ឆ្នាំ ២០២៤៖ ជំនះការលំបាក
ប្រមូលធនធានសម្រាប់កំណើន
ទោះជាយ៉ាងណាក៏ដោយ
លោកនាយករដ្ឋមន្ត្រីបានទទួលស្គាល់ដោយត្រង់ថា កំណើន GDP ឆ្នាំនេះ
(រំពឹងថាលើសពី ៥%) មិនសម្រេចបានគោលដៅដែលបានកំណត់ (៦,៥%)
ហើយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមិនទាន់រឹងមាំជាពិតប្រាកដនោះទេ។
ផលិតកម្មឧស្សាហកម្មបានងើបឡើងវិញយ៉ាងយឺតយ៉ាវ ជាពិសេសឧស្សាហកម្មកែច្នៃ និងផលិត...
ជាងនេះទៅទៀត
ក្នុងឆ្នាំ ២០២៤ សេដ្ឋកិច្ចវៀតណាមត្រូវបានគេព្យាករណ៍ថា
នៅតែទទួលរងផលប៉ះពាល់អវិជ្ជមានទ្វេដង និងបញ្ហាប្រឈមជាច្រើនទៀត។ ក្នុងបរិបទនោះ
រដ្ឋាភិបាលកំណត់គោលដៅថា GDP នៅឆ្នាំក្រោយនឹងសម្រេចបានក្នុងចន្លោះពី ៦-៦,៥% ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់សម្រេចបានប្រមាណ ៤.៧០០-៤.៧៣០
ដុល្លារ ហើយអតិផរណាជាមធ្យមប្រហែល ៤-៤,៥%...។
ដើម្បីសម្រេចបានគោលដៅនេះ
ក្រៅពីការប្រតិបត្តិការគោលនយោបាយរូបិយវត្ថុឲ្យបានបត់បែន
និងពង្រីកគោលនយោបាយសារពើពន្ធដោយសមហេតុផលនោះ នាយករដ្ឋមន្ត្រី លោក Pham Minh
Chinh បាននិយាយថា នឹងបន្តខិតខំកាត់បន្ថយអត្រាការប្រាក់កម្ចី;
ប្រមូលឥណទានសម្រាប់កម្លាំងចលករនៃកំណើន (ការវិនិយោគ ការប្រើប្រាស់
ការនាំចេញ) និងវិស័យអាទិភាព… ទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏នឹងជំរុញការកសាង
និងអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ យុទ្ធសាស្ត្រឲ្យកាន់តែស៊ីសង្វាក់ និងទំនើប
ជាពិសេសប្រព័ន្ធផ្លូវល្បឿនលឿន ការលើកកម្រិតអាកាសយានដ្ឋាន កំពង់ផែ
ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងអន្តរតំបន់ជាដើម។
“សម្រេចគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សំខាន់ៗមួយចំនួន; ទន្ទឹមនឹងនោះ ជំរុញគម្រោងផ្លូវល្បឿនលឿន ដើម្បីធានាគោលដៅសម្រេចបានជាង ៣០០០
គីឡូម៉ែត្រត្រឹមឆ្នាំ ២០២៥។
បន្តវិនិយោគលើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឌីជីថល
ហេដ្ឋារចនាសម្ព័ន្ធកសិកម្មនិងជនបទដោយសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ
ហេដ្ឋារចនាសម្ព័ន្ធសួនឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធថាមពល...
ជាដាច់ខាតមិនទុកឲ្យខ្វះអគ្គិសនីសម្រាប់ផលិតកម្ម អាជីវកម្ម និងការប្រើប្រាស់នោះទេ”។
លើវិស័យសុខុមាលភាពសង្គម
រដ្ឋាភិបាលនឹងបន្តអនុវត្តន៍គម្រោងវិនិយោគសាងសង់លំនៅឋានសង្គមយ៉ាងហោចណាស់ ១ លានខ្នង់
ត្រឹមឆ្នាំ២០៣០។ អភិវឌ្ឍន៍ទីផ្សារពលកម្មប្រកបដោយភាពបត់បែន និងប្រសិទ្ធភាព; អនុវត្តន៍បានយ៉ាងល្អនូវគោលនយោបាយជនជាតិ សាសនា និងជំនឿ...
ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ
ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា៖
“ដាក់ពង្រាយយ៉ាងប្ដូរផ្ដាច់នូវកម្មវិធីសកម្មភាពអនុវត្តន៍ការសន្យានៅកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ
២០២១ របស់អង្គការសហប្រជាជាតិ (COP២៦) និងសេចក្តីប្រកាសនយោបាយស្តីពីការផ្លាស់ប្តូរថាមពល
(JETP); ជំរុញការផ្លាស់ប្ដូរថាមពលបៃតង
អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ និងអ៊ីដ្រូសែន; សម្រេចការអង្កេតនិងការវាយតម្លៃចំពោះថាមពលកកើតឡើងវិញនៅនាយសមុទ្រ”។
លើសពីនេះ
វៀតណាមក៏នឹងលើកកំពស់ប្រសិទ្ធភាពនៃការងារការទូតសេដ្ឋកិច្ចផងដែរ។ ជំរុញទំនាក់ទំនងទ្វេភាគី
និងពហុភាគីយ៉ាងជាក់ស្ដែងនិងមានប្រសិទ្ធភាព; ជំរុញការទូតវប្បធម៌
និងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន; អនុវត្តន៍បានល្អនូវការងារព័ត៌មានកិច្ចការបរទេស
និងការការពារពលរដ្ឋ; រក្សារឹងមាំបរិយាកាសសន្តិភាព ស្ថិរភាព
ហើយបង្កើតលក្ខខណ្ឌអំណោយផល ទាក់ទាញធនធានដើម្បីបម្រើការអភិវឌ្ឍប្រទេសជាតិ
ពង្រឹងនិងលើកកំពស់ឋានៈ និងកិត្យានុភាពអន្តរជាតិរបស់វៀតណាម៕






