ក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Thanh បានអះអាងនូវការគាំទ្រយ៉ាងមុតមាំរបស់វៀតណាមចំពោះពហុភាគីនិយម រួមទាំងមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជា សកល។ លោកស្រីបានស្នើវិធានការជាក់ស្តែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក៏ដូចជាពង្រឹងការតភ្ជាប់យន្តការសហប្រតិបត្តិការសភា ដើម្បីបង្កើតទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋសភាវៀតណាមនិងគោលដៅសកម្មភាពសំខាន់ៗរបស់អង្គការសហប្រជាជាតិ។ លោកស្រីក៏បានស្នើឲ្យបង្កើតលក្ខខណ្ឌអំណោយផលថែមទៀតសម្រាប់ប្រជាជនវៀតណាម រួមទាំងស្ត្រី អាចទៅធ្វើការនៅទីភ្នាក់ងារអង្គការសហប្រជាជាតិ។ ប្រធានគណៈប្រតិភូវៀតណាមក៏បានស្នើរឲ្យ UN គាំទ្រតួនាទី និងកិច្ចខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការធានាសន្តិសុខក្នុងតំបន់ រួមទាំងការអនុលោមតាមអនុសញ្ញា អ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
ប្រធានមហាសន្និបាតអ.ស.បនិតិកាលទី៧៩ លោក Philemon Yang បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍ដ៏រឹងមាំរបស់វៀតណាម ជានិច្ចកាលគោរពច្បាប់អន្តរជាតិ មានទំនាក់ទំនងល្អជាមួយប្រទេសទាំងអស់ និងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព សន្តិសុខអន្តរជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ពិភពលោក។ លោក Philemon Yang បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងកាមេរូន ជាពិសេសក្នុងវិស័យជាប្រៀបខ្លាំងរបស់ វៀតណាម ដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទូរគមនាគមន៍។ លោក Yangសម្តែងនូវចំណាប់អារម្មណ៍ពិសេសចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់ វៀតណាមក្នុងសមភាពយេនឌ័រ។
មេដឹកនាំអង្គការសហប្រជាជាតិបានបញ្ជាក់ពីការគាំទ្រចំពោះមជ្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់ ការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ។ និងគាំទ្រប្រជាជនវៀតណាមកាន់តែច្រើនដែលធ្វើការនៅអង្គការសហប្រជាជាតិ៕