ព័ត៌មាន
វៀតណាមគាំទ្រនិងត្រៀមខ្លួនជាស្រេចចូលរួមកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការស្ថាបនាតំបន់ហ្គាហ្សាស្ទ្រីប
ថ្ងៃទី ១៤ តុលានេះ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែល អ៊ីស្រាអែលនិងក្រុមហាម៉ាសបានអនុម័តជាផ្លូវការលើកិច្ចព្រមព្រៀងឈប់បាញ់ អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមលោកស្រី ហ្វាម ធូ ហ័ង បានលើកច្បាស់ថា៖ វៀតណាមទទួលស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសដើម្បីបញ្ចប់ជម្លោះ នាពេលបច្ចុប្បន្ននៅតំបន់ហ្គាហ្សាស្ទ្រីប ហើយវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួល និងការផ្សះផ្សារបស់បណ្តាប្រទេសដែលរួមចំណែកជួយសម្រេចបាននូវកិច្ចខិតខំប្រឹងប្រែងនេះ។ វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង បង្កើតលក្ខខណ្ឌដើម្បីសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ ឆ្ពោះទៅរកដំណោះស្រាយសន្តិភាពប្រកបដោយនិរន្តរភាព និងយូរអង្វែងចំពោះបញ្ហាប៉ាឡេស្ទីន។
អ្នកនាំពាក្យ លោកស្រី ហ្វាម ធូ ហ័ង បានសង្កត់ធ្ងន់ថា៖ វៀតណាមគាំទ្រ និងត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិលើការស្ថាបនាតំបន់ហ្គាហ្សាស្ទ្រីប ដោយ ឈរលើមូលដ្ឋានគោរពអធិបតេយ្យភាពជាតិ និងគោលការណ៍ច្បាប់អន្តរជាតិ ព្រមទាំងសិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន៕







