មួយនឹងគោលការណ៍ “មិនលះបង់វឌ្ឍនភាព យុត្តិធម៌សង្គម និងបរិស្ថានដើម្បីប្រដេញតាមកំណើនសេដ្ឋកិច្ចសុទ្ធសាធឡើយ” យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតងរបស់វៀតណាមបានកំណត់ថា កំណើនបៃតងត្រូវសម្រេចបាននូវវិបុលភាពសេដ្ឋកិច្ច និរន្តរភាពបរិស្ថាន និងយុត្តិធម៌សង្គម; ឆ្ពោះទៅរកខឿនសេដ្ឋកិច្ចបៃតង អព្យាក្រឹតកាបូន និងរួមចំណែកដល់គោលដៅកាត់បន្ថយការឡើងកម្ដៅភពផែនដី។
នៅឯកិច្ចប្រជុំកំពូលលើកទី៤ នៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) ដែលទើបតែប្រព្រឹត្តទៅនៅទីក្រុងហាណូយ គោលដៅនេះត្រូវបានបញ្ជាក់ជាថ្មីម្តងទៀតដោយនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ នៅចំពោះមុខប្រតិភូអន្តរជាតិ៖
“វៀតណាមបានកំណត់ការផ្លាស់ប្តូរបៃតងជាកត្តាគន្លឹះ ដើម្បីជំរុញកំណើនយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍប្រកបដោយចីរភាព។ សេដ្ឋកិច្ចបៃតងត្រូវការសហគ្រាសបៃតង។ សង្គមបៃតងត្រូវការពលរដ្ឋបៃតង។ ភពផែនដីបៃតងត្រូវការប្រទេសបៃតង។ ការចូលរួមចំណែក និងទទួលផលពីដំណើរការផ្លាស់ប្តូរបៃតង គឺជាទំនួលខុសត្រូវផងនិងជាសិទ្ធិរបស់ប្រទេសនិងប្រជាជាតិទាំងអស់ ក្នុងស្មារតី "រួមគ្នាធ្វើ រួមគ្នាឈ្នះ រួមគ្នាទទួលផល និងរួមគ្នាអភិវឌ្ឍន៍"ផងដែរ"។
ដើម្បីអនុវត្តន៍ការសន្យានាំយកការបំភាយឧស្ម័នមកត្រឹមកម្រិត “សូន្យ” នៅឆ្នាំ ២០៥០ វៀតណាមកំពុងអនុវត្តប្រកបដោយសមកាលកម្មនូវក្រុមដំណោះស្រាយជាច្រើន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។ គោលនយោបាយមួយចំនួនត្រូវបានចេញផ្សាយ ដូចជា៖ ផែនការអនុវត្តការរៀបចំថាមពលអគ្គីសនីទី៨; យុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលអ៊ីដ្រូសែនដល់ឆ្នាំ ២០៣០; គម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពនូវវាលស្រែគុណភាពខ្ពស់និងការបំភាយឧស្ម័នទាបលើផ្ទៃដី ១ លានហិកតា;និងក្រុមសូចនាករស្ថិតិកំណើនបៃតង។ ទន្ទឹមនឹងនោះ បំពេញបន្ថែមនិងសុក្រឹត្យគោលនយោបាយមួយចំនួនទាក់ទងនឹងការគ្រប់គ្រង ធ្វើអាជីវកម្ម ការប្រើប្រាស់ធនធាន និងការការពារបរិស្ថាន។
ទន្ទឹមនឹងនោះ អភិវឌ្ឍន៍ទីផ្សារសម្រាប់សិទ្ធិប្រើប្រាស់ដីធ្លី សិទ្ធិធ្ចើអាជីវកម្មធនធាន ឥណទានកាបូនជាបណ្ដើរៗ សំដៅដើរទន្ទឹម និងធ្វើសមាហរណកម្មជាមួយពិភពលោកក្នុងវិស័យបៃតង។ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Nguyen Manh Hung បានឲ្យដឹងថា៖ “វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបង្កើតផែនការសកម្មភាពជាតិ អនុវត្តរបៀបវារៈឆ្នាំ ២០៣០ ដោយផ្លាស់ប្តូរពីគំរូកំណើនប្រពៃណីទៅជាកំណើនបៃតងនិងសេដ្ឋកិច្ចឌីជីថល។ ទាំងនេះគឺជាការន្យាយ៉ាងមុតមាំ បង្កើតសម្ពាធដ៏ធំធេង សំដៅបំផុសបញ្ញាវៀតណាម ស្វែងរកការច្នៃប្រឌិតសកលដើម្បីដោះស្រាយបញ្ហាអភិវឌ្ឍន៍បៃតងរបស់វៀតណាម”។
លើសពីនេះ ដំណោះស្រាយមួយចំនួនក៏កំពុងត្រូវបានដាក់ពង្រាយយ៉ាងសកម្ម ដើម្បីដោះសោធនធាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ រួមទាំងគម្រោងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពចំនួន ១៦គម្រោង នៅតំបន់ដីសណ្តទន្លេ Cuu Long ដែលមានទុនកម្ចីប្រហែល ២,៥ ពាន់លានដុល្លារអាមេរិក។ លើសពីនេះ រដ្ឋាភិបាល រួមជាមួយនឹងទីភ្នាក់ងារនិងអង្គការពាក់ព័ន្ធ នឹងអនុវត្តន៍វិធានការគាំទ្រអាជីវកម្មក្នុងការផ្លាស់ប្តូរផលិតកម្ម បំពេញតាមស្តង់ដារថ្មី ស្តង់ដារបៃតង ការបំភាយកាបូន និងស្តង់ដារបរិស្ថាន-សង្គម-អភិបាលកិច្ច (ESG)។ វៀតណាមក៏បានប្រកាសផែនការកៀងគរធនធានដើម្បីអនុវត្តសេចក្តីប្រកាសនយោបាយស្តីពីការបង្កើតភាពជាដៃគូផ្លាស់ប្តូរថាមពលប្រកបដោយយុត្តិធម៌ (JETP) និងកំណត់គម្រោងសំខាន់ៗក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC)។
សហគមន៍ធុរកិច្ចវៀតណាមបានត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរបៃតង ដោយមានគំរូកាន់តែច្រើនក្នុងវិស័យផលិតកម្មនិងកែច្នៃ សំណង់បៃតង កំពង់ផែបៃតង មណ្ឌលឧស្សាហកម្មអេកូឡូស៊ី សម្ភារសំណង់បៃតង ជាពិសេសគំរូភាពជាដៃគូរដ្ឋ-ឯកជន កំពុងជំរុញដំណើរការកំណើនបៃតងប្រកបដោយនិរន្តរភាពនៅវៀតណាម។ តាមទស្សនៈវិស័យកសិកម្ម លោក Nguyen Do Anh Tuan ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម និងបរិស្ថានបានអះអាងថា ភាពជាដៃគូរដ្ឋ-ឯកជនរួមចំណែកបង្កើតតម្លៃកាន់តែធំធេងសម្រាប់កសិកម្មវៀតណាម៖ “នេះជានិន្នាការមូលដ្ឋានស្នូលសម្រាប់ការច្នៃប្រឌិតក្នុងវិស័យកសិកម្មវៀតណាម។ ព្រោះការច្នៃប្រឌិត ត្រូវតែកើតចេញពីគំនិតថ្មីថ្មោង និងចម្រុះជាច្រើនដែលអាចតភ្ជាប់និងសម្របសម្រួលគ្នា រវាងវិស័យរដ្ឋ និងឯកជន។ ជាមួយនឹងគោលដៅកំណើនកសិកម្ម ៤% ដែលរដ្ឋាភិបាលប្រគល់ជូន នវានុវត្តន៍គឺជាកត្តាស្នូលសម្រាប់វៀតណាមរីកចម្រើនកាន់តែលឿន”។
ដោយមានគោលបំណងចង់អភិវឌ្ឍន៍ប្រកបដោយចីរភាព និងរួមចំណែកលើកកម្ពស់ដំណើរការបៃតងសកល ទោះបីជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានធនធានមានគំហិតក៏ដោយ ក៏វៀតណាមកំពុងខិតខំប្រឹងប្រែងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង រៀបចំឲ្យបានល្អបំផុតសម្រាប់ដំណើរការអភិវឌ្ឍន៍ “លឿនផង បៃតងផង” និងប្រកបដោយនិរន្តរភាព៕