នេះជាការបញ្ជាក់របស់នាយករដ្ឋមវៀតណាមលោក ហ្វាម មិញជីញ នាថ្ងៃទី ២៧ ខែកុម្ភៈ នៅទីក្រុងហាណូយ នៅពេលអញ្ជើញទទួលជួបរដ្ឋមន្ត្រីកិច្ចការរដ្ឋ និងកិច្ចការបរទេសព័រទុយហ្គាល់ លោក Paulo Rangel ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ដោយផ្អែកលើទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ និងសក្តានុពលសហប្រតិបត្តិការដ៏ធំធេងដែលនៅសេសសល់ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងទំនុកចិត្តនយោបាយ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; លើកកម្ពស់ទំនាក់ទំនងទ្វេភាគីតាមទិសដៅជាក់ស្ដែង មានប្រសិទ្ធភាព ស្របតាមបរិបទថ្មី។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពមួយចំនួនដូចជា៖ ថាមពលកកើតឡើងវិញ នាវាចរណ៍ កំពង់ផែសមុទ្រ ការដំឡើងនាវា ភស្តុភារកម្ម ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ និងការថែទាំសុខភាព ជាដើម។
រីឯខ្លួនវិញ លោករដ្ឋមន្រ្តី Paulo Rangel បានបញ្ជាក់ថា ព័រទុយហ្គាល់ចាត់ទុកវៀតណាមជាដៃគូសំខាន់មួយ នៅអាស៊ីអាគ្នេយ៍ ហើយមានការឯកភាពខ្ពស់ជាមួយនឹងទិសដៅរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងមានបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយវៀតណាមផងដែរ។
មុននោះ លោករដ្ឋមន្រ្តី Paulo Rangel បានជួបពិភាក្សាជាមួយលោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ហើយបានចូលរួមពិធីបើកសម្ពោធស្ថានទូតព័រទុយហ្គាល់ប្រចាំនៅវៀតណាម៕






